Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមបោកប្រាស់ ប្រើ AI ក្លែងធ្វើជាមេដឹកនាំ​សិង្ហបុរី បោកលុយគេបានជិត ៤លានដុល្លារ

បានផុស

នៅ

កាលពីថ្ងៃសៅរ៍ ទី​១៦ ខែ​ឧសភា កន្លងទៅ កងកម្លាំងនគរបាលជាតិសិង្ហបុរី បានប្រកាសថា ខ្លួនប្រមូលបានភស្តុតាងជាវីដេអូឃ្លីប នៃការប្រជុំតាមកម្មវិធី Zoom មួយ ដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា AI (Deepfake) ដើម្បីធ្វើ​សកម្មភាព​បោកប្រាស់ ដោយក្រុមជនខិលខូច បានក្លែងបន្លំធ្វើជាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ក្នុង​នោះ​​រួម​មាន​ទាំងលោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី ផងដែរ។

វីដេអូ AI ដែលបង្កើតសន្និសីទវីដេអូ Zoom ជាមួយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ រួមទាំងនាយករដ្ឋមន្ត្រី Lawrence Wong (រូបថត​៖ អាជ្ញាធរ​សិង្ហបុរី)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ការ​ផ្សាយ​របស់ CNA ក្នុងករណីនេះ មានជនរងគ្រោះម្នាក់ ដែលជាអ្នកជំនួញ បានចាញ់បោកអស់ប្រាក់យ៉ាងហោចណាស់ ៤,៩លានដុល្លារសិង្ហបុរី (ប្រហែល ៣,៨លានដុល្លារអាមេរិក) ក្រោមលេសថាជាការចូលរួមផ្តល់មូលនិធិជំនួយ ពាក់ព័ន្ធនឹងស្ថានភាពនៅ​ច្រក​សមុទ្រហ័រមូស។

ល្បិចកលរបស់ក្រុមបោកប្រាស់នេះ គឺដំបូងឡើយ ពួកគេបានផ្ញើសារតាម WhatsApp ទៅកាន់ជនរងគ្រោះ ដោយក្លែងខ្លួនជាលេខាធិការគណៈរដ្ឋមន្ត្រី ដើម្បីអញ្ជើញជនរងគ្រោះឱ្យចូលរួមប្រជុំបន្ទាន់មួយ ជាមួយលោកនាយករដ្ឋមន្ត្រី។ នៅពេលជនរងគ្រោះចុចចូលរួមការប្រជុំតាម Zoom នោះ ពួកគេនឹងឃើញទិដ្ឋភាពថ្នាក់ដឹកនាំធំៗជាច្រើន ដូចជា លោកនាយករដ្ឋមន្ត្រី Lawrence Wong, លោក​ប្រធានាធិបតី Tharman Shanmugaratnam, មន្ត្រីធំៗនៃអាជ្ញាធររូបិយវត្ថុសិង្ហបុរី រួមទាំងមន្ត្រីការទូតបរទេស និងតំណាងក្រុមហ៊ុនហិរញ្ញវត្ថុអន្តរជាតិល្បីៗជាច្រើនទៀត ដែលមើលទៅពិតប្រាកដ១០០ភាគរយ។

នៅក្នុងការប្រជុំបោកប្រាស់នោះ ក្រុម AI បានដំណើរការកិច្ចពិភាក្សា និងមានវីដេអូបង្ហាញពីលោកនាយករដ្ឋមន្ត្រីថ្លែងការណ៍បិទអង្គប្រជុំ ដោយថែមទាំង បាននិយាយអរគុណដល់វត្តមានរបស់ជនរងគ្រោះចំឈ្មោះ ទៀតផង។ បន្ទាប់ពីកិច្ចប្រជុំក្លែងក្លាយនោះចប់ ស្រាប់តែមានបក្ខពួកម្នាក់ទៀត ធ្វើពុតជាមេធាវី ទាក់ទងទៅជនរងគ្រោះដាច់ដោយឡែក ដើម្បីបញ្ចុះបញ្ចូលឱ្យវេរលុយរាប់លានដុល្លារ ចូលទៅក្នុងគណនីរបស់ពួកគេ។ ប៉ូលិស បានកត់សម្គាល់ថា ក្រុមបោកប្រាស់នេះ កំពុងដៅមុខសញ្ញាចំៗទៅលើក្រុមអ្នកជំនួញអាជីព ដែលធ្លាប់មានទំនាក់ទំនងការងារជាមួយមន្ត្រីរដ្ឋាភិបាលពីមុនមក។

យ៉ាង​ណាមិញ ខាងប៉ូលិសសិង្ហបុរី បានពិនិត្យឃើញចំណុចខ្វះខាតរបស់បច្ចេកវិទ្យា Deepfake នៅក្នុងវីដេអូនោះ រួមមាន៖ ទីមួយ ចលនាបបូរមាត់របស់អ្នកនិយាយមិនស៊ីសង្វាក់គ្នានឹងសំឡេង (បន្លំយកសំឡេងមកបញ្ចូលពីលើវីដេអូដែលថតទុកមុន)។ ទីពីរ សំឡេងសន្ទនារបស់មន្ត្រីទាំងអស់ បែរជាផ្សាយចេញពីគណនី (Account) តែមួយរួមគ្នាទៅវិញ។ និងទីបី ទិដ្ឋភាពខាងក្រោយមានភាពខុសប្រក្រតី ព្រមទាំងស្លាកសញ្ញា Zoom ត្រូវរហែកដាច់មិនស្មើគ្នា ដែលបញ្ជាក់ថា វាជាវីដេអូកាត់តដោយ AI។

ដើម្បីការពារប្រជាពលរដ្ឋ អាជ្ញាធរសិង្ហបុរី បានចេញការណែនាំជាបន្ទាន់ និងបានសង្កត់ធ្ងន់ថា មន្ត្រីរដ្ឋាភិបាលសិង្ហបុរី ដាច់ខាតមិនធ្វើរឿងទាំង ៤ នេះឡើយ តាមរយៈអ៊ីមែល ទូរស័ព្ទ ឬវីដេអូខល៖

  • មិនដែលសុំឱ្យអ្នកវេរលុយឱ្យឡើយ
  • មិនដែលសុំឱ្យប្រាប់លេខសម្ងាត់ធនាគារឡើយ
  • មិនដែលបង្គាប់ឱ្យដំឡើងកម្មវិធីទូរស័ព្ទពីប្រភពខាងក្រៅ (App Store ក្លែងក្លាយ) ឡើយ
  • មិនដែលបញ្ជូនខ្សែទូរស័ព្ទរបស់អ្នកបន្តទៅឱ្យប៉ូលិស ឬមន្ត្រីផ្សេងទៀតឡើយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម