ព័ត៌មានអន្ដរជាតិ
កាតព្វកិច្ចយោធា៖ អាវុធសម្ងាត់ ដែលជួយឱ្យសិង្ហបុរី ក្លាយជាខ្លាសេដ្ឋកិច្ច និងសុវត្ថិភាពបំផុត
នៅពីក្រោយភាពរុងរឿងនៃអគារខ្ពស់កប់ពពក និងសេដ្ឋកិច្ចដ៏រឹងមាំ របស់ប្រទេសសិង្ហបុរី មានរឿងរ៉ាវនៃវិន័យ និងការលះបង់មួយ ដែលយុវជនគ្រប់រូបត្រូវឆ្លងកាត់។ នោះគឺ «កាតព្វកិច្ចបម្រើជាតិ» ឬហៅថា National Service (NS) ដែលជាច្បាប់ដ៏តឹងរឹងបំផុតមួយ នៅអាស៊ី។ តើហេតុអ្វីបានជាប្រទេសដីកោះដ៏តូចមួយនេះ សុខចិត្តដាក់កំហិតលើសេរីភាពយុវជនរបស់ខ្លួន ឱ្យចូលហ្វឹកហ្វឺនយោធាដល់ទៅ ២ឆ្នាំ?

យោងតាមច្បាប់ចុះឈ្មោះចូលបម្រើកងទ័ព (Enlistment Act) ដែលត្រូវបានផ្សព្វផ្សាយដោយ ក្រសួងការពារជាតិសិង្ហបុរី (MINDEF) យុវជន ដែលមានសញ្ជាតិសិង្ហបុរី និងអ្នកមានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ (PR) ទាំងអស់ ត្រូវតែចុះឈ្មោះចូលបម្រើជាតិ នៅពេលពួកគេមានអាយុ ១៦ឆ្នាំកន្លះ ហើយនឹងត្រូវចូលហ្វឹកហ្វឺនពេញសិទ្ធិនៅអាយុ ១៨ឆ្នាំ។ ក្នុងមួយឆ្នាំៗ មានយុវជនប្រមាណជាង ២០ ០០០នាក់ ត្រូវបានកោះហៅឱ្យចូលបម្រើការ ក្នុងជួរកងទ័ព (SAF) កងកម្លាំងប៉ូលិស (SPF) និងកងកម្លាំងការពារស៊ីវិល (SCDF)។
ច្បាប់នេះ មិនមែនជាការលេងសើចឡើយ។ យោងតាមរបាយការណ៍តុលាការ ដែលចុះផ្សាយដោយ The Straits Times រដ្ឋាភិបាលសិង្ហបុរី មានវិធានការណ៍ក្តៅបំផុត ចំពោះអ្នក ដែលព្យាយាមគេចវេសពីកាតព្វកិច្ចនេះ។ ជនណា ដែលគេចវេសមិនព្រមចូលបម្រើជាតិ នឹងត្រូវប្រឈមមុខនឹង ការផាកពិន័យជាប្រាក់រហូតដល់ ១០ ០០០ដុល្លារសិង្ហបុរី និងត្រូវមានទោសជាប់ពន្ធនាគារ រហូតដល់ ៣ឆ្នាំ។ យុវជន ដែលគេចវេស ហើយរត់ទៅរស់នៅបរទេស ក៏មិនអាចជៀសផុតពីសំណាញ់ច្បាប់ដែរ។ នៅពេលពួកគេត្រឡប់មកសិង្ហបុរីវិញ ទោះបីជាច្រើនឆ្នាំកន្លងផុតទៅក៏ដោយ ក៏ពួកគេនឹងត្រូវចាប់ខ្លួន និងកាត់ទោសតាមច្បាប់ជាធរមាន ដោយគ្មានការលើកលែង។

ច្បាប់នេះ ត្រូវបានរៀបចំឡើង ដើម្បីធានាថា សិង្ហបុរីតែងតែមានកម្លាំងត្រៀមបម្រុងប្រមាណ ៣៥០ ០០០នាក់ ដែលជាកម្លាំងបង្អែកដ៏រឹងមាំបំផុត សម្រាប់ជាតិ។
ក្រសួងការពារជាតិសិង្ហបុរី បានបញ្ជាក់ថា ច្បាប់នេះ មិនមែនគ្រាន់តែជាការរៀបចំកម្លាំងទ័ព ដើម្បីត្រៀមធ្វើសង្គ្រាមនោះទេ ប៉ុន្តែវាគឺជាគ្រឹះស្ថានដ៏សំខាន់ក្នុងការកសាងសង្គមផងដែរ។ សម្រាប់សិង្ហបុរី ដែលមានផ្ទៃដីតូច និងចំនួនប្រជាជនតិច ច្បាប់កាតព្វកិច្ចយោធានេះ ប្រៀបដូចជា របងដែកថែប ដែលផ្តល់នូវទំនុកចិត្តដល់អ្នកវិនិយោគទុន ជុំវិញពិភពលោក។ នៅពេលដែលពិភពលោកមើលមកឃើញថា សិង្ហបុរី មានកម្លាំងបម្រុងរាប់សែននាក់ ដែលអាចចល័តបានគ្រប់ពេលវេលា និងគ្រប់ស្ថានការណ៍ វានាំមកនូវស្ថិរភាពសេដ្ឋកិច្ច ដែលមិនអាចកាត់ថ្លៃបាន។
លើសពីការការពារទឹកដី ច្បាប់នេះ បានដើរតួនាទីជាអ្នកបំបែកវណ្ណៈសង្គម និងការរើសអើងពូជសាសន៍ ជាដើម។ សិង្ហបុរី ជាប្រទេស ដែលមានពហុជាតិសាសន៍ ទាំងជនជាតិចិន ម៉ាឡេ និងឥណ្ឌា។ ក្នុងអំឡុងពេល ២ឆ្នាំនៃការរស់នៅ និងហ្វឹកហ្វឺនជាមួយគ្នា យុវជនមកពីគ្រប់ស្រទាប់វណ្ណៈ ទាំងកូនអ្នកមាន កូនអ្នកក្រ ត្រូវដេកក្នុងបន្ទាយជាមួយគ្នា ហូបបាយជាមួយគ្នា និងឆ្លងកាត់ការលំបាកជាមួយគ្នា។ នេះ គឺជាកត្តាបង្កើនសាមគ្គីភាពជាតិដ៏រឹងមាំបំផុត ដែលធ្វើឱ្យសិង្ហបុរីអាចជៀសផុតពីជម្លោះពូជសាសន៍ និងសាសនា។
មិនត្រឹមតែវិស័យយោធាប៉ុណ្ណោះទេ យុវជនខ្លះ ត្រូវបានបញ្ជូនទៅបម្រើការក្នុងកងកម្លាំងប៉ូលិស និងកងកម្លាំងការពារស៊ីវិល ដែលពួកគេរៀនពីជំនាញសង្គ្រោះបឋម និងការឆ្លើយតប ក្នុងគ្រាអាសន្ន។ វាមានន័យថា ប្រជាជនសិង្ហបុរីស្ទើរគ្រប់ផ្ទះ សុទ្ធតែមានសមាជិកគ្រួសារម្នាក់ ដែលមានសមត្ថភាពការពារ និងសង្គ្រោះជីវិតអ្នកដទៃ។ ទោះបីជាមានការរិះគន់ខ្លះៗពីការខាតបង់ពេលវេលាផ្ទាល់ខ្លួន ប៉ុន្តែសម្រាប់រដ្ឋាភិបាលសិង្ហបុរី និងប្រជាជនភាគច្រើន ពួកគេជឿជាក់ថា បើគ្មានច្បាប់កាតព្វកិច្ចយោធានេះទេ សិង្ហបុរីប្រហែលជាមិនអាចរឹងមាំ និងមានមោទនភាពដូចសព្វថ្ងៃនេះឡើយ៕







អត្ថបទ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


