Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរីគ្រោងវិនិយោគជិត​ ៨០០​លាន​ដុល្លារ​ លើការស្រាវជ្រាវបញ្ញាសិប្បនិម្មិត (AI)

បានផុស

នៅ

រដ្ឋាភិបាលសិង្ហបុរីបានប្រកាស​កាល​ពី​ថ្ងៃ​ទី​២៤​ខែ​មករា​ឆ្នាំ​២០២៦​ថា ខ្លួននឹងវិនិយោគថវិកាជាង ១​ពាន់លានដុល្លារសិង្ហបុរី (ប្រហែល ៧៨៥​លានដុល្លារអាមេរិក) ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍសាធារណៈលើវិស័យបញ្ញាសិប្បនិម្មិត (AI) ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ នេះ​បើយោង​តាម​ការ​ចុះ​ផ្សាយ​​របស់​សារព័ត៌មាន Strait Times។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្តល់មូលនិធិនេះ ដែលគ្របដណ្តប់ចាប់ពីឆ្នាំ​២០២៥ ដល់ឆ្នាំ​២០៣០ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងឋានៈរបស់​សិង្ហបុរី​ជាមជ្ឈមណ្ឌលពិភពលោកសម្រាប់ការច្នៃប្រឌិត និងដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងស្រុក ដូចជាការខ្វះខាតកម្លាំងពលកម្ម និងកង្វះធនធានធម្មជាតិ តាមរយៈបច្ចេកវិទ្យាកម្រិតខ្ពស់។ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឌីជីថល និងព័ត៌មាន លោកស្រី Josephine Teo បានបង្ហាញផែនការនេះនៅក្នុងកម្មវិធី Singapore AI Research Week 2026 ដោយបញ្ជាក់ថា ការវិវិយោគនេះនឹងផ្តោតលើការស្រាវជ្រាវជាមូលដ្ឋាន ការអនុវត្តក្នុងឧស្សាហកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស។

នៅក្រោមផែនការស្រាវជ្រាវ និងអភិវឌ្ឍន៍ AI ជាតិ (NAIRD) ថ្មី សិង្ហបុរីនឹងបង្កើត «មជ្ឈមណ្ឌលស្រាវជ្រាវឆ្នើម» ពិសេសៗនៅក្នុងស្ថាប័នសាធារណៈ។ មជ្ឈមណ្ឌលទាំងនេះនឹងមានភារកិច្ចដោះស្រាយ «សំណួរពិបាកៗក្នុងរយៈពេលវែង» លើវិស័យអាទិភាពចំនួន៤ រួមមាន៖ AI ដែលប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល, AI ប្រកបដោយការទទួលខុសត្រូវដើម្បីកាត់បន្ថយហានិភ័យសន្តិសុខ, វិធីសាស្ត្រ AI ថ្មីៗសម្រាប់ប្រព័ន្ធស្វ័យប្រវត្តិ និង AI សម្រាប់គោលបំណងទូទៅ។ លោកស្រីរដ្ឋមន្ត្រី Teo បានសង្កត់ធ្ងន់ថា ទោះបីជាមជ្ឈមណ្ឌលទាំងនេះនឹងដោះស្រាយតម្រូវការយុទ្ធសាស្ត្រក្នុងស្រុកក៏ដោយ ក៏របកគំហើញរបស់ពួកគេនឹងត្រូវចែករំលែកជាសាធារណៈ ដើម្បីរួមចំណែកដល់ «ចំណេះដឹងរួមជាសកល» ផងដែរ។

ការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុចុងក្រោយនេះ ត្រូវបានកសាងឡើងនៅលើមូលដ្ឋាននៃយុទ្ធសាស្ត្រ AI ជាតិ ២.០ របស់សិង្ហបុរី និងបន្តបន្ទាប់ពីការវិនិយោគកាលពីលើកមុនដែលមានចំនួន ៥០០លានដុល្លារសិង្ហបុរី។ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ និងការស្រាវជ្រាវ ផែនការនេះមានគោលបំណងបណ្តុះបណ្តាលអ្នកជំនាញ «AI Bilingualists» ពោលគឺជាអ្នកជំនាញដែលមានទាំងចំណេះដឹងច្បាស់លាស់ក្នុងវិស័យជាក់លាក់ និងជំនាញបច្ចេកទេសកម្រិតខ្ពស់។ តាមរយៈការសហការជាមួយអ្នកស្រាវជ្រាវអន្តរជាតិ និងក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗ សិង្ហបុរីមានបំណងបង្កើនចំនួនអ្នកជំនាញ AI ឲ្យដល់ ១៥ ០០០នាក់ ដើម្បីធានាថាប្រទេសនេះនៅតែមានសមត្ថភាពប្រកួតប្រជែង ខណៈដែលឧស្សាហកម្មពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរឌីជីថលយ៉ាងឆាប់រហ័ស៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម