ជីវិតកម្សាន្ដ
តារាចម្រៀងស្រី ៥ដួង នៅតែចែងចាំងលើឆាកតន្ត្រី ទោះក្លាយជាម្តាយគេហើយក៏ដោយ
ពេលវេលាកាន់តែទៅមុខ តារារះថ្មីក៏កាន់តែច្រើន ប៉ុន្តែសិល្បករសិល្បការិនីល្បីឈ្មោះមួយចំនួន នៅតែលេចធ្លោក្នុងដួងចិត្តអ្នកគាំទ្រនៅឡើយ បើទោះបីជាបានបង្កើតគ្រួសារ និងមានកូនហើយក៏ដោយ។ តួយ៉ាង បើក្រឡេកមើលសន្ទុះនៃការគាំទ្រតារាស្រីក្នុងវិស័យចម្រៀងឯណេះវិញ អាចកត់សម្គាល់បានថា បច្ចុប្បន្នមានតារាចម្រៀងស្រី ៥ដួង នៅតែចែងចាំងលើឆាកតន្ត្រី និងមានអ្នកគាំទ្រច្រើន មិនចាញ់កាលដែលនៅខ្លួនមួយនោះឡើយ។

ជាក់ស្តែង តាមរយៈការប្រគំតន្ត្រីក្នុងកម្មវិធីនានា ឬព្រឹត្តិការណ៍ណាមួយ តារាចម្រៀងស្រីល្បីឈ្មោះទាំង ៥ដួងនោះ ក៏តែងមានវត្តមានជាញឹកញាប់ផងដែរ ដែលអាចនិយាយបានថា នៅតែមានប្រជាប្រិយភាពមិនធម្មតា ឬមានទីផ្សារខ្ពស់នៅឡើយ រួមមានដូចជា អ្នកនាង ពេជ្រ សូលីកា; អ្នកនាង យក់ ថិតរដ្ឋា; អ្នកនាង ឱក សុគន្ធកញ្ញា; អ្នកនាង ទេព បូព្រឹក្ស និង អ្នកនាង មាស សុខសោភា ។
១. អ្នកនាង ឱក សុគន្ធកញ្ញា
ជាច្រើនឆ្នាំលើវិថីសិល្បៈ តារាចម្រៀងស្រីលំដាប់ប្រទេសរូបនេះ តែងអង្រួនបេះដូងអ្នកគាំទ្រមិនជិនណាយ ពិសេសតាមរយៈព្រឹត្តិការណ៍ប្រគំតន្ត្រី The Q – Rise of The Queen Solo Concert ជាលើកដំបូងរបស់អ្នកនាងកាលពីខែកញ្ញាកន្លងទៅ គឺទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីមហាជន ពិសេសយុវវ័យ។ យ៉ាងណា បន្ទាប់ពីជោគជ័យយ៉ាងធំធេងសម្រាប់ Solo Concert លើកទី១ តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ ក៏កំពុងត្រៀមរៀបចំ Solo Tour Concert មួយទៀត ដើម្បីបំពេញបំណងអ្នកគាំទ្រ ដែលហាក់មិនទាន់រីករាយអស់ចិត្តនឹងព្រឹត្តិការណ៍ទើបកន្លងផុតថ្មីៗនេះនៅឡើយ។

២. អ្នកនាង ទេព បូព្រឹក្ស
ធ្លាប់ជាតារាចម្រៀងម្នាក់ ដែលតែងបំពេរអារម្មណ៍អ្នកគាំទ្រ តាមរយៈបទមនោសញ្ចេតនាច្រើនរាប់មិនអស់ តែប៉ុន្មានឆ្នាំក្រោយមក អ្នកចម្រៀងរូបនេះ បានធ្វើឱ្យមហាជនកាន់តែស្គាល់ខ្លួនក្នុងរូបភាពថ្មីមួយទៀត ក្រោយចាប់ដៃជាមួយស្វាមី ក្នុងវិស័យចម្រៀងរ៉េប។ តាមរយៈបទចម្រៀងភាគច្រើន ដែលផ្តោតលើតម្លៃនៃវប្បធម៌និងអត្តសញ្ញាណជាតិខ្មែរដ៏ផូរផង់ ទេព បូព្រឹក្ស ឬសាធារណជនស្គាល់ថា គូស្នេហ៍ចម្រៀងរ៉េប ក៏តែងទទួលបានកោតសរសើរយ៉ាងផុសផុលផងដែរ ខណៈអ្នកនាង ក៏មានវត្តមានជាញឹកញាប់លើឆាកតន្ត្រីក្នុងព្រឹត្តិការណ៍នានាផងដែរ។

៣. អ្នកនាង ពេជ្រ សូលីកា
ជួបព្យុះភ្លៀងជីវិតផ្ទួនៗ តារាចម្រៀងស្រីរូបនេះ ទទួលបានងារជារាជនីរឹងមាំក្នុងចិត្តអ្នកគាំទ្រ ហើយហាក់មានប្រជាប្រិយភាពខ្លាំងជាងមុនទ្វេដងទៀតផង បើធៀបទៅនឹងសន្ទុះនៃការគាំទ្រតារាចម្រៀងស្រីរូបនេះ កាលពីពេលកន្លង។ តួយ៉ាង ជាញឹកញាប់ តារាចម្រៀងរូបនេះ នៅតែមានការងារច្រៀងតាម Pub កម្សាន្តមួយចំនួន និងមានវត្តមានលើឆាកតន្រ្តីនានាផងដែរ។

៤. អ្នកនាង មាស សុខសោភា
ច្រើនឆ្នាំលើវិថីចម្រៀង ជាមួយសំឡេងស្រទន់មានមន្តស្នេហ៍ មាស សុខសោភា នៅតែឈរក្នុងតំណែងពិសេសក្នុងចិត្តអ្នកគាំទ្រនៅឡើយ។ ពិសេសតាមរយៈបទមនោសញ្ចេតនា ចាក់ដោតអារម្មណ៍ ដែលតារាចម្រៀងជើងចាស់រូបនេះ តែងដឹកនាំចិត្តអ្នកគាំទ្រឱ្យទោរទន់ស្លុងទៅតាមសំនៀងដ៏ពិរោះរបស់ខ្លួន ខណៈថ្មីៗនេះ ក៏ទើបតែបញ្ចេញចម្រៀងមនោសញ្ចេនាថ្មី បន្តកំដរអារម្មណ៍អ្នកគាំទ្រផងដែរ។


៥. អ្នកនាង យក់ ថិតរដ្ឋា
ធ្លាប់បាត់មុខពីសិល្បៈមួយរយៈពេលដែរ តែវត្តមានចូលសិល្បៈវិញរបស់តារាចម្រៀងជើងចាស់រូបនេះ នៅតែអាចទាញចិត្តអ្នកគាំទ្របាន ខណៈមិនខុសគ្នានឹងអ្នកនាង ពេជ្រ សូលីកា ឡើយ អ្នកនាង យក់ ថិតរដ្ឋា តែងមានការងារច្រៀងតាមបណ្តាកន្លែងកម្សាន្តនានា ក៏ដូចជាព្រឹត្តិការណ៍កម្មវិធីផ្សេងៗផងដែរ៕

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


