Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​គំរាម​វាយ​មូលដ្ឋាន​អង្គការ​ណាតូ បើ​អាមេរិក​បញ្ជូន​មីស៊ីល Tomahawk ឲ្យ​អ៊ុយក្រែន

បានផុស

នៅ

សមាជិកសភាជាន់ខ្ពស់រុស្ស៊ី និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានព្រមានថា ទីក្រុងមូស្គូអាចវាយប្រហារមូលដ្ឋានទ័ពអាកាសណាតូក្នុងប្រទេសប៉ូឡូញ ប្រសិនបើសហរដ្ឋអាមេរិកផ្តល់​មីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ដល់អ៊ុយក្រែន។

មីស៊ីល Tomahawk
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីកាលពីថ្ងៃពុធ​ទី​៨​ខែ​តុលា សមាជិកសភា Alexey Zhuravlyov បាននិយាយថា មូលដ្ឋានទ័ពអាកាស Rzeszow របស់ប្រទេសប៉ូឡូញនឹងក្លាយទៅជា «គោលដៅស្របច្បាប់» បើអាមេរិកបន្តអនុវត្តសំណើនេះ។

លោក Zhuravlyov បាន​លើក​ឡើង​ថា «យើងមិនធ្វើសង្រ្គាមជាមួយប្រជាជនប៉ូឡូញទេ ប៉ុន្តែយើងកំពុងធ្វើសង្រ្គាមប្រឆាំងនឹងមូលដ្ឋាន Rzeszow»។ ការកត់សម្គាល់របស់គាត់គឺជាការគំរាមកំហែងចុងក្រោយបំផុត និងដោយផ្ទាល់ពីរុស្ស៊ី ខណៈដែលទីក្រុងវ៉ាស៊ីនតោនពិចារណាថាតើត្រូវផ្គត់ផ្គង់មីស៊ីលដែលផលិតដោយអាមេរិកដល់ទីក្រុងកៀវ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាន​បញ្ជាក់​ថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកណាមួយក្នុងការបញ្ជូន Tomahawk នឹងតំណាង​​ឲ្យ​«ការកើនឡើងយ៉ាងធ្ងន់ធ្ងរ» ហើយទីក្រុងមូស្គូ​នឹង​​មិន​ព្រងើយ​កន្តើយ​​បាន​ឡើយ។ លោកបានប្រាប់អ្នកយកព័ត៌មានថា «វានឹងជាជុំថ្មីនៃភាពតានតឹងដ៏ធ្ងន់ធ្ងរ ដែលនឹងទាមទារ​ឲ្យមានការឆ្លើយតបច្បាស់លាស់​ពីភាគីរុស្ស៊ី»។

លោក Dmitry Peskov (រូបថត៖ Reuters)

សមាជិកសភាជាន់ខ្ពស់រុស្ស៊ីម្នាក់ទៀតគឺលោក Andrei Kartapolov បាននិយាយថា រុស្ស៊ីអាចស្ទាក់ចាប់មីស៊ីល Tomahawk បាន ដោយអះអាងថា យោធាមានបទពិសោធន៍ក្នុងការដោះស្រាយជាមួយ​មីស៊ី​ល​បែប​នេះ​រួចមក​ហើយ​នៅក្នុងប្រទេសស៊ីរី។ លោក​បាន​បន្ត​ថា​៖ «​បញ្ហា​​នឹង​កើត​មាន​ចំពោះ​អ្នក​ផ្គត់ផ្គង់​ពួកវា​ និង​អ្នក​ដែល​ប្រើប្រាស់​វា​»។

​សូម​ជម្រាប​ថា មីស៊ីល Tomahawk អាចវាយប្រហារគោលដៅបានចម្ងាយ ១ ៥០០​ម៉ាយ ដែល​នេះ​បាន​ន័យ​ថា វា​អាច​ផ្លោង​ដល់​​ទីក្រុងធំៗ និងទីតាំងយោធារបស់រុស្ស៊ី។

បច្ចុប្បន្ន អ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថា បានបង្កើនការវាយប្រហារមីស៊ីល និងយន្តហោះគ្មានមនុស្សបើក លើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន នៅមុនរដូវរងា។ លោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថា «ប្រទេសរុស្ស៊ីកំពុងព្យាយាមដោយបើកចំហ ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់យើង» ដោយអំពាវនាវឲ្យមានសកម្មភាពអន្តរជាតិកាន់តែខ្លាំង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម