ព័ត៌មានអន្ដរជាតិ
ថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Puangketkeow បានចេញមកបញ្ជាក់ថា គម្រោងដោះលែងទាហានកម្ពុជា១៨នាក់ ដែលឃុំខ្លួនក្នុងប្រទេសថៃ នឹងធ្វើឡើងនៅថ្ងៃទី១២ខែវិច្ឆិកា ដោយមិនស្ថិតក្រោមសម្ពាធពីបរទេសណាមួយឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់ Khaosod។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានដនមឿងក្នុងទីក្រុងបាងកកនាព្រឹកថ្ងៃសុក្រទី៧វិច្ឆិកានេះ លោក Sihasak បានលើកឡើងថា ការដោះលែងនឹងបន្ត«ស្របតាមលក្ខខណ្ឌដែលកំណត់ដោយអាជ្ញាធរថៃ» ដែលរួមមាន ការដកអាវុធធុនធ្ងន់ និងការអនុញ្ញាតឲ្យថៃចូលទៅកាន់តំបន់បោសសម្អាតមីននៅតាមព្រំដែន។
លោករដ្ឋមន្ត្រីថៃរូបនេះ បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តត្រូវបានធ្វើឡើងយ៉ាងតឹងរ៉ឹងក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងទ្វេភាគី ហើយមិនស្ថិតក្រោមសម្ពាធពីនរណាម្នាក់ទេ។ លោក Sihasak បាននិយាយថា «មិនមានការផ្លាស់ប្តូរ ឬឥទ្ធិពលខាងក្រៅពាក់ព័ន្ធឡើយ» ដោយបដិសេធរបាយការណ៍ដែលថា ការដោះលែងនេះអាចត្រូវបានផ្សាភ្ជាប់ទៅនឹងបញ្ហាពាណិជ្ជកម្ម ឬសម្ពាធពន្ធរបស់សហរដ្ឋអាមេរិក។
ជម្លោះកម្ពុជា-ថៃបានផ្ទុះឡើងទៅជាជម្លោះប្រដាប់អាវុធបើកចំហនៅក្នុងខែកក្កដាឆ្នាំ២០២៥ ដែលជាការប្រយុទ្ធគ្នាខ្លាំងបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍។ បទឈប់បាញ់ត្រូវបានឯកភាពគ្នានៅថ្ងៃទី២៨ខែកក្កដា ដែលរួមបញ្ចូលទាំងផែនការសម្រាប់ការបន្ធូរបន្ថយយោធាក្រោមការត្រួតពិនិត្យរបស់ក្រុមសង្កេតការណ៍អាស៊ាន (AOT)។
ទោះជាយ៉ាងណាក៏ដោយ បទឈប់បាញ់នៅតែមានភាពផុយស្រួយ ដោយភាគីថៃបន្តរំលោភបំពាន ហើយចាប់ខ្លួនទាហានខ្មែរទាំងខុសច្បាប់។
កន្លងមក ប្រទេសថៃអះអាងថា ការឃុំខ្លួនទាហានកម្ពុជា ដែលខ្លួនហៅថាជាអ្នកទោសសង្គ្រាម គឺអនុវត្តតាមអនុសញ្ញាទីក្រុងហ្សឺណែវទីបី ដែលចែងថា អ្នកទោសសង្គ្រាមត្រូវតែដោះលែង និងធ្វើមាតុភូមិនិវត្តន៍ «ដោយគ្មានការពន្យាពេលបន្ទាប់ពីការបញ្ចប់នៃអរិភាពសកម្ម»។ យ៉ាងណា យោធាថៃអះអាងថា ជម្លោះមិនទាន់បញ្ចប់ទេ បើទោះបីជាមានការព្រមព្រៀងបទឈប់បាញ់ និងការប្រកាសរួមកាលពីពេលថ្មីៗនេះនៅប្រទេសម៉ាឡេស៊ីក្រោមវត្តមានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ដោយ។
កម្ពុជាបានជំរុញឲ្យមានការដោះលែងទាហានរបស់ខ្លួនជាបន្ទាន់ ដោយលើកហេតុផលថា ការបន្តឃុំខ្លួនគឺជាការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសចាប់តាំងពីបទឈប់បាញ់ត្រូវបានបង្កើតឡើង។ ទាហានកម្ពុជា២រូបប៉ុណ្ណោះ ដែលត្រូវភាគីថៃដោះលែងកាលពីថ្ងៃទី១ខែសីហា ក្នុងចំណោមទាហាន២០រូបដែលត្រូវចាប់ខ្លួនកាលពីថ្ងៃទី២៩ខែកក្កដា ក្រោយបទឈប់បាញ់ចូលជាធរមាន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


