ព័ត៌មានអន្ដរជាតិ
មហាអំណាច២នេះមិនទាន់អបអរជ័យជម្នះលោក Biden ទេ ហេតុអ្វីទៅ?
បណ្តាមេដឹកនាំពិភពលោកបានផ្ញើសារអបអរសាទរដល់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden និងអនុប្រធានាធិបតីជាប់ឆ្នោតលោកស្រី Kamala Harris ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែចេញមុខទទួលស្គាល់អ្នកឈ្នះនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០នេះទេ។
ក្នុងចំណោមអ្នកទាំងនោះគឺជាបុរសខ្លាំងដែលលោកប្រធានាធិបតី Donald Trump មានទំនាក់ទំនងកក់ក្តៅនិងទាក់ទាញការកោតសរសើរក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ។

ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំទាំងនោះហាក់ដូចជាមិនទាន់បានបញ្ចេញប្រតិកម្មណាមួយនៅឡើយទេចំពោះការជាប់ឆ្នោតរបស់រដ្ឋបាលថ្មី។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin

ក្នុងឆ្នាំ២០១៦ វិមានក្រឹមឡាំងបានអបអរសាទរចំពោះលោកប្រធានាធិបតី Donald Trump ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីការប្រកាសលទ្ធផលប៉ុន្តែប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មិនបានផ្ញើសារដូចនេះទៅកាន់លោក Biden ទេ។ កាលពីថ្ងៃចន្ទ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា ទីក្រុងមូស្គូនឹងរង់ចាំលទ្ធផលបោះឆ្នោតជាផ្លូវការមុនពេលធ្វើអត្ថាធិប្បាយអំពីលទ្ធផល។
ក្នុងរយៈពេលនៃតំណែងជាប្រធានាធិបតីរបស់គាត់ លោក Trump បានដើរផ្លូវផ្សេងពីគោលនយោបាយដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិកដោយបានសរសើរលោក Putin ម្តងហើយម្តងទៀតដែលជាហេតុធ្វើឲ្យមានការសង្ស័យចំពោះទំនាក់ទំនងនៃយុទ្ធនាការរបស់លោកចំពោះការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោត។ ទំនាក់ទំនងបែបនេះមិនអាចត្រូវបានរំពឹងទុកពីលោក Biden ទេព្រោះគាត់បានប្តេជ្ញាចាត់ទុកការជ្រៀតជ្រែកពីបរទេសថាជាទង្វើអមិត្ត។

ក្នុងអំឡុងបទសម្ភាសន៍ជាមួយកម្មវិធី 60 Minutes របស់ទូរទស្សន៍ CBS កាលពីចុងខែតុលា លោក Biden បានហៅប្រទេសរុស្ស៊ីថាជា “ការគំរាមកំហែងដ៏សំខាន់” ចំពោះសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Peskov បានឆ្លើយតបថា ប្រទេសរុស្ស៊ីមិនយល់ស្របនឹងការកត់សម្គាល់របស់លោក Biden ទេហើយវោហារសាស្រ្តបែបនេះបានពង្រីកការស្អប់ខ្ពើមចំពោះសហព័ន្ធរុស្ស៊ី។
មុនការបោះឆ្នោតអាមេរិក ប្រទេសទាំងពីរមិនបានឈានដល់កិច្ចព្រមព្រៀងដើម្បីពង្រីកសន្ធិសញ្ញាកាត់បន្ថយអាវុធសំខាន់ New START ដែលចុះហត្ថលេខាដោយលោកប្រធានាធិបតី Obama និង Dmitry Medvedev ក្នុងឆ្នាំ២០១០ទេ។
កន្លងមក លោក Putin បានបញ្ជាក់ថា លោកមើលឃើញសន្ធិសញ្ញាជាយុទ្ធសាស្ត្រនេះជាចំណុចសក្តានុពលមួយសម្រាប់កិច្ចសហប្រតិបត្តិការជាមួយលោក Biden។
ប្រធានាធិបតីចិនលោក Xi Jinping

ថ្វីបើមានវោហារសាស្រ្តដ៏ខ្លាំងក្លាប្រឆាំងនឹងប្រទេសចិនក្នុងនាមជាបេក្ខជននៅក្នុងការបោះឆ្នោតឆ្នាំ២០១៦ក៏ដោយក៏ប្រធានាធិបតីជាប់ឆ្នោតពេលនោះគឺលោក Trump ត្រូវបានអបអរសាទរចំពោះជ័យជម្នះរបស់គាត់ដោយលោកប្រធានាធិបតី Xi Jinping។ លោក Xi បានអំពាវនាវឲ្យទំនាក់ទំនងដ៏ល្អនិងរឹងមាំរវាងចិន-អាមេរិកឆ្ពោះទៅមុខ។
ហើយខណៈពេលដែលលោក Trump និងលោក Xi បានបង្កើតចំណងមិត្តភាពមិនទំនងមួយរយៈនៅឯរមណីយដ្ឋាន Mar-a-Lago របស់ប្រធានាធិបតីសហរដ្ឋអាមេរិកនោះ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែយ៉ាប់យ៉ឺនទៅៗចំពេលមានការបែកបាក់គ្នាយ៉ាងខ្លាំងលើបញ្ហានានាដូចជាពាណិជ្ជកម្ម បច្ចេកវិទ្យា សិទ្ធិមនុស្ស ការចោទប្រកាន់អំពីការពង្រីកខ្លួនរបស់ចិននិងថ្មីៗនេះគឺការស្តីបន្ទោសលើការរីករាលដាលនៃជំងឺជំងឺកូវីដ១៩។

ប៉ុន្តែទោះបីមានការប្រឆាំងនឹងបរិបទនេះក៏ដោយក៏លោក Xi មិនបានស្វាគមន៍ភ្លាមៗចំពោះប្រធានាធិបតីជាប់ឆ្នោត Biden ដែរ។ កាលពីថ្ងៃចន្ទ រដ្ឋាភិបាលចិនបានបដិសេធឆ្លើយសំណួរថា តើពេលណាទើបខ្លួនអបអរសាទរលោក Biden ចំពោះជ័យជម្នះនៃការបោះឆ្នោតរបស់លោកដោយអ្នកនាំពាក្យក្រសួងការបរទេសបាននិយាយយ៉ាងខ្លីថា ប្រទេសចិននឹងធ្វើស្របតាមការអនុវត្តអន្តរជាតិ។
វាមិនពិបាកយល់ទេថាតើហេតុអ្វីបានជាទីក្រុងប៉េកាំងស្ទាក់ស្ទើរ។ លោក Biden ដិនបានអួតអាងពីសមត្ថភាពរបស់ខ្លួនក្នុងការទប់ទល់ជាមួយប្រទេសចិនផ្ទុយពីលោក Trump។ លោក Biden បានថ្កោលទោសប្រធានាធិបតីជិតផុតអាណត្តិរូបនេះសម្រាប់ការឱបក្រសោបលោក Xi។ ទីក្រុងប៉េកាំងប្រហែលជាមិនមានអារម្មណ៍ថាមានការសម្រុះសម្រួលជាមួយសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់រដ្ឋបាលថ្មីនេះទេជាពិសេសដោយសារហានិភ័យនៃសកម្មភាពដែលមិនអាចទាយទុកជាមុនបាន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


