Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកការទូត ជប៉ុន-ចិន ជួបគ្នាទាំងតឹងសរសៃ ក ខណៈជម្លោះ ក៏កាន់តែក្ដៅគគុក

បានផុស

នៅ

អ្នកការទូតជាន់ខ្ពស់ជប៉ុន និងចិននាកាលពីថ្ងៃអង្គារទី១៨ វិច្ឆិកា បានជួបពិភាក្សាគ្នាទាក់ទងនឹងការអត្ថាធិប្បាយដែលនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae បានលើកឡើងថា «ការវាយប្រហារ​របស់​ចិន​លើ​កោះ​តៃវ៉ាន់​ អាច​ជំរុញ​ឲ្យ​ជប៉ុន​ឆ្លើយតប​ផ្នែក​យោធាភ្លាមៗ» ដោយបានទាញការឆ្លើយតបយ៉ាងខ្លាំងពីទីក្រុងប៉េកាំងចេញការថ្កោលទោស​សេចក្តី​ថ្លែងការណ៍​នោះថា ​ជា​ការ​បង្កហេតុ។

អ្នកការទូត ជប៉ុន-ចិន ជួបគ្នា រូបភាព៖Kyodo
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន NHK លោក Kanai Masaaki ប្រធានការិយាល័យកិច្ចការអាស៊ី និងមហាសមុទ្រនៃក្រសួងការបរទេសជប៉ុន បានជួបជាមួយលោក Liu Jinsong អគ្គនាយកនៃនាយកដ្ឋានកិច្ចការអាស៊ី នៅក្នុងប្រទេសចិនផ្ទាល់តែម្ដង។

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា លោក Kanai បានដាក់ពាក្យបណ្តឹងយ៉ាងខ្លាំងប្រឆាំងនឹងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយអគ្គកុងស៊ុលចិនប្រចាំទីក្រុង Osaka ដើម្បីឆ្លើយតបទៅនឹងការកត់សម្គាល់របស់លោកស្រី Takaichi។ អ្នកការទូតជប៉ុនរូបនេះ ក៏បានបដិសេធការអំពាវនាវរបស់ចិនឲ្យពលរដ្ឋរបស់ខ្លួនចៀសវាងការធ្វើដំណើរទៅជប៉ុន ដោយនិយាយថា សន្តិសុខនៅក្នុងប្រទេសមិនកាន់តែអាក្រក់ទៅៗនោះទេ។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងជំនួបរវាងអ្នកការទូតទាំង២ប្រទេសនេះមិនទទួលបានជោគជ័យឡើយ ដោយលោក Liu Jinsong បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីនោះថា លោកមិនពេញចិត្តទាល់តែសោះជាមួយនឹងលទ្ធផលនៃការពិភាក្សាជាមួយភាគីជប៉ុន។

ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានបញ្ជាក់ជាថ្មីអំពីការជំទាស់យ៉ាងម៉ឺងម៉ាត់របស់ទីក្រុងប៉េកាំង ដោយពិពណ៌នាថាជា «ការកត់សម្គាល់ខុសឆ្គង» របស់នាយករដ្ឋមន្ត្រី។ លោកស្រីនិយាយថា ភាគីចិនបានអំពាវនាវឲ្យជប៉ុនដកការកត់សម្គាល់ទាំងនោះចេញ។

ជាការឆ្លើយបទៅវិញនោះ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Motegi Toshimitsu បាននិយាយដែរថា ជប៉ុនបានពន្យល់ដល់ប្រទេសចិនអំពីអ្វីដែលលោកស្រី Takaichi ចង់មានន័យ។ លោកក៏បាននិយាយផងដែរថា ចលនារបស់ទីក្រុងប៉េកាំងក្នុងការបង្អាក់ការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ គឺផ្ទុយនឹងការយល់ដឹងរួមរបស់ពួកគេក្នុងការកសាងទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកដោយផ្អែកលើផលប្រយោជន៍ជាយុទ្ធសាស្ត្ររួម៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

អ្នកការទូតជប៉ុន ទស្សនកិច្ចនៅ ចិន ដើម្បីផ្សះផ្សា ការលើកឡើងរបស់លោកស្រី Takaichi រឿងតៃវ៉ាន់
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម