Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្ត Songkhla ទុក្ខជាន់ទុក្ខ! អគ្គិភ័យឆេះអគារពាណិជ្ជកម្មនៅខាងលើ ទឹកជំនន់លិចនៅខាងក្រោម

បានផុស

នៅ

ថៃកំពុងតែទុក្ខជាន់ទុក្ខ ដោយនៅទីក្រុង Hat Yai នៃខេត្ត Songkhla ឯណោះ ទឹកជំនន់កំពុងវាយប្រហារធ្ងន់ធ្ងរទៅហើយនោះ ស្រាប់តែកើតមានគ្រោះអគ្គិភ័យឆាបឆេះអគារពាណិជ្ជកម្មនៅកណ្តាលទឹកជំនន់ថែមទៀត។

(រូបថត៖ Amarin)

តាមការផ្សាយរបស់ Amarin នៅថ្ងៃអង្គារទី២៥ខែវិច្ឆិកាឆ្នាំ២០២៥ អគារពាណិជ្ជកម្មស្ថិតនៅចំណុចប្រសព្វ Wiriyathian​ ត្រូវអគ្គិភ័យឆាបឆេះនៅជាន់ខាងលើ ទាំងដែលទឹកជំនន់កំពុងលិចខាងក្រោម។

តាមរយៈរូបភាពដែលបង្ហោះលើទំព័រ Facebook របស់អង្គភាពអគ្គិភ័យនិងជួយសង្គ្រោះថៃ គេឃើញផ្សែងខ្មៅខ្មួលខ្មាញ់ហុយចេញពីជាន់ខាងលើនៃអគារ ដែលព័ទ្ធជុំវិញទៅដោយទឹកជំនន់។

អគ្គិភ័យនេះកើតឡើងស្របពេល ទឹកជំនន់កំពុងបង្កទុក្ខវេទនាខ្លាំងនៅប្រទេសថៃ សម្លាប់មនុស្ស៨នាក់ ជាពិសេសភាគខាងត្បូងគឺទីក្រុង Hat Yai នៃខេត្ត Songkhla នេះតែម្តង។

(រូបថត៖ Amarin)

នៅ Hat Yai គេឃើញអ្នកខ្លះជាប់ក្នុងផ្ទះចេញទីណាមិនរួចរង់ចាំការជួយសង្គ្រោះទាំងគ្មានសង្ឃឹម អ្នកខ្លះតោងបង្គោលភ្លើងចរាចរណ៍ រីឯអ្នកខ្លះទៀតបង្ខំចិត្តឱបបង្គោលអគ្គិសនី ទោះដឹងថា មានគ្រោះថ្នាក់នៃការឆក់ស្លាប់ក៏ដោយ។ ពួកគេបាននាំគ្នាស្រែកសុំឲ្យគេជួយ ហើយសម្រែករបស់ពួកគេបានលាន់ទ្រហឹងពេញទីក្រុង ស្តាប់ទៅគួរឲ្យរន្ធត់។

ខេត្តភាគខាងត្បូងដែលប្រកាសអាសន្នមានដូចជា៖ Chumphon, Surat Thani, Nakhon Si Thammarat, Satun, Songkhla, Phatthalung, Trang, Narathiwat, Pattani និង Yala៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម