ព័ត៌មានអន្ដរជាតិ
ប្រមុខណាតូព្រមានពូទីនថា សម្ព័ន្ធមិត្តត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឈមមុខនឹងរុស្ស៊ី
អគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូតេ បានព្រមានកាលពីថ្ងៃពុធទី៣ខែធ្នូឆ្នាំ២០២៥ថា សម្ព័ន្ធមិត្តខ្លួន«ត្រៀមរួចជាស្រេច និងមានឆន្ទៈ» ក្នុងការការពារទឹកដីប្រឆាំងនឹងរុស្ស៊ី មួយថ្ងៃបន្ទាប់ពីប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បានគំរាមអឺរ៉ុបដោយសង្រ្គាមពេញទំហឹង។

យោងតាម New York Post ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូក្នុងទីក្រុងព្រុចសែល លោករូតេ បាននិយាយថា «អាកប្បកិរិយាព្រហើន» របស់រុស្ស៊ី រួមទាំងការរំលោភដែនអាកាសម្តងហើយម្តងទៀត ក្នុងអំឡុងពេលនៃការវាយប្រហារលើអ៊ុយក្រែន បានបង្កើនហានិភ័យសម្រាប់សម្ព័ន្ធមិត្ត។
លោកបានលើកឡើងថា «ណាតូ គឺជាសម្ព័ន្ធមិត្តការពារ។ យើងនឹងនៅតែជាសម្ព័ន្ធមិត្តការពារដដែល ប៉ុន្តែកុំយល់ច្រឡំ យើងត្រៀមខ្លួនរួចជាស្រេច និងមានឆន្ទៈក្នុងការធ្វើអ្វីដែលចាំបាច់ដើម្បីការពារប្រជាជនរបស់យើងចំនួន១ពាន់លាននាក់ និងធានាទឹកដីរបស់យើង»។

ទោះបីជាគ្មានវត្តមានតំណាងអាមេរិកនៅក្នុងកិច្ចចរចានោះក៏ដោយ ក៏លោករូតេ បានអះអាងថា លោកបានទាក់ទងយ៉ាងជិតស្និទ្ធជាមួយរដ្ឋមន្ត្រីការបរទេស Marco Rubio ដែលបានបើកកិច្ចពិភាក្សាបទឈប់បាញ់ជាមួយមន្ត្រីអ៊ុយក្រែននៅទីក្រុង Miami។ លោកបានកោតសរសើរចំពោះការចូលរួមរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងការចរចាសន្តិភាពនាពេលថ្មីៗនេះ ប៉ុន្តែបានព្រមានថា «ការសម្រេចបានសន្តិភាពនេះ មិនមែនជាអ្វីដែលអាចបញ្ចប់បានដោយត្រង់នោះទេ»។
ការព្រមាននេះ បានធ្វើឡើង ខណៈសហភាពអឺរ៉ុបបានបង្ហាញសំណើមួយដើម្បីប្រើប្រាស់ប្រហែលពាក់កណ្តាលនៃទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កកជាង១០០ពាន់លានអឺរ៉ូ ដែលរក្សាទុកនៅអឺរ៉ុប ដើម្បីគាំទ្រដល់រដ្ឋាភិបាល និងយោធាអ៊ុយក្រែនក្នុងរយៈពេលពីរឆ្នាំខាងមុខទៀត។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា «ថ្ងៃនេះយើងកំពុងផ្ញើសារយ៉ាងមុតមាំទៅកាន់ប្រជាជនអ៊ុយក្រែន។ យើងនៅជាមួយពួកគេក្នុងរយៈពេលយូរអង្វែង»។
ប្រទេសប៊ែលហ្ស៊ិក ដែលបានកាន់កាប់ទ្រព្យសម្បត្តិបង្កកភាគច្រើន តាមរយៈក្រុមហ៊ុន Euroclear ដែលមានមូលដ្ឋាននៅទីក្រុងព្រុចសែល បានសម្តែងការស្ទាក់ស្ទើរយ៉ាងខ្លាំង។ រដ្ឋមន្ត្រីការបរទេស Maxime Prévot បានប្រាប់ថា ផែនការប្រើប្រាស់លុយនេះជាវត្ថុបញ្ចាំសម្រាប់ការខ្ចីប្រាក់សំណង បានបង្ក«ហានិភ័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងច្បាប់ធំៗ» ហើយបានព្រមានថា ប៊ែលហ្ស៊ិកមិនគួរត្រូវបានទុកឲ្យ «ប្រឈមមុខនឹងហានិភ័យតែម្នាក់ឯងនោះឡើយ»។
យ៉ាងណាមិញ លោកស្រី Von der Leyen បានការពារគម្រោងនេះ ដោយលើកហេតុផលថា វានឹងពង្រឹងជំហររបស់ទីក្រុងកៀវនៅក្នុងកិច្ចចរចាសន្តិភាព និងគូសបញ្ជាក់ប្រាប់ទីក្រុងមូស្គូថា «ការបន្តអូសបន្លាយសង្រ្គាម… នឹងត្រូវចំណាយថ្លៃដើមខ្ពស់សម្រាប់ពួកគេ»។
ជាការកត់សម្គាល់ សំណើរបស់ EU នឹងតម្រូវឲ្យមានការអនុម័តជាឯកច្ឆន្ទពីបណ្តាប្រទេសជាសមាជិកទាំង២៧នៃប្លុកនេះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


