ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ប្រកាស ត្រៀមរួចអស់ហើយទាំងផ្នែកការទូតនិងសង្គ្រាម ជាមួយអាមេរិក
ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន RT របស់រុស្ស៊ីកាលពីថ្ងៃអង្គារទី១០ខែកុម្ភៈឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បញ្ជាក់ថា ទីក្រុងតេហេរ៉ង់ បានត្រៀមខ្លួនរួចរាល់អស់ហើយទាំងផ្នែកការទូតនិងសង្គ្រាមជាមួយសហរដ្ឋអាមេរិក។

ថ្លែងប្រាប់ពិធីករ Rick Sanchez លោក Araghchi និយាយថា៖ «គ្មានដំណោះស្រាយណាក្រៅពីដំណោះស្រាយតាមផ្លូវការទូតឡើយ។ បច្ចេកវិទ្យានិងភាពរីកចម្រើន មិនអាចត្រូវបានកម្ទេចតាមរយៈការទម្លាក់គ្រាប់បែក និងការគំរាមកំហែងផ្នែកយោធានោះទេ។ ទង្វើទាំងនេះហើយបានធ្វើឲ្យទីក្រុងតេហេរ៉ង់ កាន់តែបាត់បង់ទំនុកចិត្តលើទីក្រុងវ៉ាស៊ីនតោន»។
ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសរូបនេះ បញ្ជាក់ថា៖ «យើងចរចាជាមួយសហរដ្ឋអាមេរិក តែអំពីកម្មវិធីនុយក្លេអ៊ែររបស់យើងប៉ុណ្ណោះ។ ការទាមទារផ្សេងៗទៀតគឺ ដាច់ខាតមិនអាចយកមកពិភាក្សាបានឡើយ»។

មិនត្រឹមប៉ុណ្ណឹង លោក Araghchi ក៏បញ្ជាក់យ៉ាងច្បាស់ដែរថា៖ «អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រឈមមុខដាក់គ្នា ប្រសិនបើកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតត្រូវបរាជ័យ។ យើងរៀបចំខ្លួនសម្រាប់ដំណោះស្រាយការទូត ក៏ដូចជាត្រៀមការពារខ្លួនពីការឈ្លានពានថ្មីៗណាមួយដែរ។ សមត្ថភាពយោធារបស់អ៊ីរ៉ង់បានប្រសើរឡើងទាំងបរិមាណនិងគុណភាព ចាប់តាំងពីការទម្លាក់គ្រាប់បែករួមគ្នារបស់អ៊ីស្រាអែល និងអាមេរិក កាលពីឆ្នាំមុន»។
កិច្ចសម្ភាសន៍នេះត្រូវបានចាក់ផ្សាយស្របពេលប្រមុខសេតវិមាន ដូណាល់ ត្រាំ ប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូនកងនាវាចម្បាំងដ៏មហិមាទីពីរ ទៅកាន់តំបន់មជ្ឈិមបូព៌ា ពោលគឺសំដៅទៅអ៊ីរ៉ង់តែម្តង។
ប្រធានាធិបតីអាមេរិកបានប្រាប់ទៅសារព័ត៌មាន Axios ថា៖ «យើងមានកងនាវាចម្បាំងមួយកំពុងធ្វើដំណើរទៅទីនោះ ហើយមួយទៀតក៏អាចនឹងទៅដែរ។ យើងនឹងសម្រេចកិច្ចព្រមព្រៀងមួយ បើមិនដូច្នោះ យើងនឹងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ដូចកាលពីលើកមុន»។

ទន្ទឹមនោះ លោកបានប្រៀបធៀបកងនាវានេះថា មានទំហំធំជាងកងនាវាដែលលោកធ្លាប់បញ្ជូនទៅកាន់ប្រទេសវេណេស៊ុយអេឡាកាលពីមុនទៅទៀត។ កងនាវានេះដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Abraham Lincoln រួមជាមួយនាវាចម្បាំងអមដំណើរជាច្រើនទៀត។
កាលពីខែមុន សហរដ្ឋអាមេរិកបានបញ្ជូនកងនាវាចម្បាំងដ៏ធំមួយរួចទៅហើយ ឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់។ នោះគឺនាវាផ្ទុកយន្តហោះ USS Abraham Lincoln និងក្រុមនាវាអមដំណើរ ដែលធ្វើដំណើរឆ្ពោះទៅកាន់តំបន់នោះ ខណៈនាវា USS George H.W. Bush កំពុងប្រតិបត្តិការនៅមហាសមុទ្រអាត្លង់ទិក។
យ៉ាងណា ទីក្រុងតេហេរ៉ង់ បានបោះសម្តីថា ការបង្កើនកម្លាំងយោធាដ៏ធំសម្បើមរបស់អាមេរិកនៅមជ្ឈិមបូព៌ា មិនបានធ្វើឲ្យអ៊ីរ៉ង់ខ្លាចសោះឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


