ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់៖ មានតែការខាតបង់សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទេ ទើបអាចបង្ខំអាមេរិកឲ្យដកថយបាន
ពេលនេះ សម្ពាធរវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានឈានដល់ចំណុចរបត់ថ្មីមួយ ដែលមិនមែនត្រឹមតែជាការគំរាមកំហែងដោយអាវុធនោះទេ ប៉ុន្តែគឺជាការវាយប្រហារចំចំណុចសរសៃឈាមសេដ្ឋកិច្ចតែម្ដង។

ក្នុងបទសម្ភាសន៍ជាមួយ CNN កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ លោក Kamal Kharazi ដែលជាអ្នករៀបចំគោលនយោបាយក្រៅប្រទេសដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់ បានប្រកាសយ៉ាងច្បាស់ថា ទ្វារនៃការចរចាត្រូវបានបិទជិតឈឹងហើយ។ លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់លែងជឿទុកចិត្តលើពាក្យសម្ដីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទៀតហើយ ដោយចោទប្រកាន់ថា មេដឹកនាំអាមេរិករូបនេះគឺជាមនុស្សបោកប្រាស់ដែលមិនដែលគោរពសម្ដីឡើយ។ ដូច្នេះ អ៊ីរ៉ង់ជឿជាក់ថា មានតែការធ្វើឲ្យអាមេរិក និងសម្ព័ន្ធមិត្តខាតបង់សេដ្ឋកិច្ចឲ្យវិនាសអន្តរាយប៉ុណ្ណោះ ទើបអាចបង្ខំពួកគេដកថយចេញពីតំបន់នេះបាន។
ស្របពេលជាមួយគ្នានេះ ទីផ្សារថាមពលពិភពលោកកំពុងតែរញ្ជួយយ៉ាងខ្លាំង ខណៈដែលតម្លៃប្រេងឆៅបានហក់ឡើងខ្ពស់ហួសពី១០០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីមានការរំខានដល់ការដឹកជញ្ជូននៅច្រកសមុទ្រ Hormuz។ បើតាមការប៉ាន់ស្មាន ប្រេងដល់ទៅ២០% នៃប្រភពផ្គត់ផ្គង់ទូទាំងសកលលោកត្រូវបានកាត់ផ្ដាច់ ដែលចំនួននេះគឺច្រើនជាងទ្វេដងនៃកំណត់ត្រាវិបត្តិព្រែកជីកស៊ុយអេកាលពីឆ្នាំ១៩៥៦ទៅទៀត។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ថែមទាំងបានពោលពាក្យចំអកឲ្យយុទ្ធនាការយោធារបស់អាមេរិកថា ជាការគណនាខុសដ៏គួរឲ្យខ្លាចបំផុត ព្រោះវាកាន់តែជំរុញឲ្យតម្លៃប្រេងឡើងថ្លៃ ដែលជាការផ្ដល់ផលចំណេញដល់អ៊ីរ៉ង់ ហើយលោកក៏បានព្រមានទៀតថា អ៊ីរ៉ង់នៅមាន «រឿងភ្ញាក់ផ្អើល» ជាច្រើនទៀតដែលមិនទាន់បញ្ចេញអស់នៅឡើយ។
ក្រឡេកមកមើលផ្ទៃក្នុងប្រទេសវិញ អ៊ីរ៉ង់បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលតាមរយៈការតែងតាំងលោក Mojtaba Khamenei ជាមេដឹកនាំកំពូលថ្មីរបស់ខ្លួន។ ទោះបីជាខាងសហរដ្ឋអាមេរិកបានរិះគន់ថា ការផ្លាស់ប្ដូរនេះគឺជារឿងដែលមិនអាចទទួលយកបានក៏ដោយ ក៏អ៊ីរ៉ង់បានឆ្លើយតបវិញយ៉ាងខ្លីថា រឿងផ្ទៃក្នុងរបស់គេ គឺមិនមែនជាការងារដែលអាមេរិកត្រូវមកចេះដឹងនោះទេ។ បច្ចុប្បន្ន កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ (IRGC) កំពុងប្រើប្រាស់កម្លាំងយោធា និងអាវុធប្រមាណ៦០% ដើម្បីបើកការវាយប្រហារលើមូលដ្ឋានទ័ព និងផលប្រយោជន៍យុទ្ធសាស្ត្ររបស់អាមេរិកនៅទូទាំងតំបន់ ដើម្បីបង្កើនសម្ពាធឲ្យកាន់តែធ្ងន់ធ្ងរឡើងៗរហូតដល់អាមេរិកទ្រាំលែងបាន៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


