ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់គំរាមបិទផ្លូវទឹកសំខាន់ៗថែមទៀត ខណៈអាមេរិកឡោមព័ទ្ធកំពង់ផែរបស់ខ្លួន
ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាកំពុងតែឡើងកម្ដៅជាថ្មី បន្ទាប់ពីមេទ័ពកំពូលម្នាក់របស់អ៊ីរ៉ង់ លោកឧត្តមសេនីយ៍ Ali Abdollahi Aliabadi បានចេញមុខព្រមានកាលពីថ្ងៃពុធថា ទីក្រុងតេហេរ៉ង់អាចនឹងសម្រេចចិត្តបិទរាល់ការដឹកជញ្ជូនតាមសមុទ្រក្រហម និងផ្លូវទឹកសំខាន់ៗដទៃទៀតក្នុងតំបន់។

ចុះផ្សាយថ្ងៃទី១៥ខែមេសា FoxNews បានឲ្យដឹងថា ការគំរាមកំហែងនេះបានកើតឡើងជាការឆ្លើយតបទៅនឹងការដែលកងទ័ពសហរដ្ឋអាមេរិក បាននិងកំពុងធ្វើការឡោមព័ទ្ធកំពង់ផែរបស់អ៊ីរ៉ង់យ៉ាងតឹងរ៉ឹង ដែលលោកឧត្តមសេនីយ៍អ៊ីរ៉ង់ចាត់ទុកថា ជាទង្វើបង្កអសន្តិសុខដល់នាវាពាណិជ្ជកម្ម និងជាសញ្ញានៃការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ដែលកំពុងមាន។
លោក Ali Abdollahi Aliabadi បានបញ្ជាក់យ៉ាងដាច់អហង្ការតាមរយៈទូរទស្សន៍រដ្ឋថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់នឹងមិនអនុញ្ញាតឲ្យមានការនាំចេញ ឬនាំចូលណាមួយប្រព្រឹត្តទៅបានឡើយ ទាំងនៅក្នុងឈូងសមុទ្រពែរ្ស សមុទ្រអូម៉ង់ និងសមុទ្រក្រហម ប្រសិនបើអាមេរិកនៅតែបន្តបិទផ្លូវសមុទ្ររបស់ខ្លួនបែបនេះ។ លោកយល់ថា សកម្មភាពរបស់អាមេរិកគឺជាការត្រៀមលក្ខណៈដើម្បីឈានទៅរកការផ្ទុះអាវុធសាជាថ្មី និងបំផ្លាញរាល់កិច្ចខិតខំប្រឹងប្រែងសន្តិភាពនាពេលកន្លងមក។
ឆ្លើយតបនឹងការគំរាមកំហែងនេះ សេតវិមានបានបង្ហាញជំហររឹងមាំមិនរាថយឡើយ។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានលើកឡើងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ និងក្រុមការងារចរចា បានកំណត់ខ្សែបន្ទាត់ក្រហមយ៉ាងច្បាស់លាស់រួចហើយ។ លោកស្រីបានបន្ថែមថា ការឡោមព័ទ្ធតាមសមុទ្ររបស់អាមេរិកកំពុងមានប្រសិទ្ធភាពខ្លាំង ដែលធ្វើឲ្យអ៊ីរ៉ង់កាន់តែចង់បានកិច្ចព្រមព្រៀង ហើយនាវាដឹកប្រេងទាំងនោះនឹងត្រូវបង្ខំចិត្តងាកមករកតំបន់ដែលអាមេរិកគ្រប់គ្រងវិញ។
ក្នុងពេលជាមួយគ្នានេះ បញ្ជាការដ្ឋានកណ្តាលរបស់អាមេរិកបានរាយការណ៍ថា ក្នុងរយៈពេល៤៨ម៉ោងដំបូងនៃការឡោមព័ទ្ធ គ្មាននាវាណាមួយអាចឆ្លងកាត់របាំងការពាររបស់កងទ័ពអាមេរិកបានឡើយ។ នាវាចម្បាំងអាមេរិកបានរារាំងនាវាដឹកប្រេងចំនួន ៩គ្រឿងដែលព្យាយាមចាកចេញពីកំពង់ផែអ៊ីរ៉ង់ ហើយបានបញ្ជាឲ្យនាវាទាំងនោះត្រឡប់ក្រោយវិញ។ សកម្មភាពយោធាដ៏តឹងរ៉ឹងនេះបានបង្ហាញឲ្យឃើញថា ទោះបីជាមានការចរចាសន្តិភាពក៏ដោយ ប៉ុន្តែកម្លាំងបាយនៅលើសមរភូមិសមុទ្រនៅតែបន្តប្រឈមមុខដាក់គ្នាដែលពិភពលោកកំពុងតាមដានយ៉ាងដិតដល់៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


