Connect with us

ព័ត៌មានអន្ដរជាតិ

UN៖ អ៊ីរ៉ង់​ប្រហារ​ជីវិត​មនុស្ស​ ២១នាក់ និង​ចាប់​ខ្លួន៤០០០​នាក់​ អំឡុង​​ពេល​សង្រ្គាម​

បានផុស

នៅ

ប្រធាន​សិទ្ធិ​មនុស្ស​នៃអង្គការសហប្រជាជាតិ (UN)​ លោក Volker Turk បាន​លើក​ឡើង​កាលថ្ងៃពុធថា របប​ដឹកនាំ​អ៊ីរ៉ង់​​ បាន​ប្រហារជីវិត​មនុស្ស​យ៉ាងហោចណាស់ ២១នាក់ ចាប់តាំងពីការ​ចាប់​ផ្តើមសង្គ្រាម​ជា​មួយ​សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលកាល​ពី​ពីរ​ខែ​មុន និង​ចាប់ខ្លួន​មនុស្ស​ជាង ៤ ០០០នាក់​ ពីបទចោទ​ប្រកាន់ទាក់ទង​នឹងសន្តិសុខជាតិ​។

​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ​ ផ្សាយ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៦ ឲ្យ​ដឹងថា លោក Turk ​បាន​​និយាយថា មនុស្ស​យ៉ាង​ហោចណាស់ ៩នាក់ ​ត្រូវ​បាន​ប្រហារ​ជីវិតទាក់ទងនឹង​ការតវ៉ា​នៅ​ក្នុង​ខែមករា ១០នាក់ ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ជាសមាជិក​នៃ​ក្រុមប្រឆាំង និង២នាក់ពីបទ​ធ្វើ​ចារកម្ម​។

ប្រធាន​សិទ្ធិ​មនុស្ស​នៃអង្គការសហប្រជាជាតិ លោក Volker Turk ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Turk រៀប​រាប់​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា៖ « ខ្ញុំមាន​ការ​ភ្ញាក់​ផ្អើលយ៉ាងខ្លាំង​ ក្រៅពីផលប៉ះពាល់ធ្ងន់ធ្ងរនៃ​ជម្លោះ​ហើយ សិទ្ធិ​របស់​ប្រជាជនអ៊ីរ៉ង់​នៅតែត្រូវ​បាន​បន្តដកហូតយ៉ាង​​អាក្រក់​និងឃោរឃៅទៀត»។

លោក បន្ថែម​ថា៖ « ខ្ញុំ​សូម​អំពាវនាវដល់​អាជ្ញាធរ​​អ៊ីរ៉ង់​ឱ្យ​បញ្ឈប់​ការ​ប្រហារ​ជីវិតបន្ថែម​ទៀត! បង្កើតឱ្យ​មាន​ការផ្អាក​​ការប្រើប្រាស់​ទោសប្រហារជីវិត ធានាឱ្យបានពេញ​លេញនូវ​ដំណើរការត្រឹមត្រូវ កាត់ក្តីដោយ​យុត្តិធម៌ និងដោះលែងអ្នក​ដែលបាន​ឃុំ​ខ្លួន​តាម​តែ​​អំពើ​ចិត្តជាបន្ទាន់»។

គួរ​បញ្ជាក់​ថា អាជ្ញាធរអ៊ីរ៉ង់​បានសម្លាប់មនុស្សរាប់ពាន់​នាក់​ អំឡុងពេល​តវ៉ាប្រឆាំងនឹងរដ្ឋាភិបាល​ក្នុងខែមករា ដែល​ជា​ភាព​ចលាចល​ក្នុង​ស្រុក​ដ៏អាក្រក់បំផុត​របស់អ៊ីរ៉ង់​ចាប់តាំងពី​សម័យបដិវត្តន៍អ៊ីស្លាម​ឆ្នាំ ​១៩៧៩ ។ ក្រុមសិទ្ធិមនុស្ស​លើក​ឡើង​ថា រដ្ឋាភិបាល​បន្ត​បង្ក្រាបក្រុមប្រឆាំង​ អំឡុង​សង្គ្រាម។

កាល​ពីខែមករា ប្រទេស​អ៊ីរ៉ង់​បដិសេធការថ្កោល​ទោស​របស់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្សអង្គការសហប្រជាជាតិថាជារឿង​​នយោបាយ។

រីឯសប្តាហ៍មុន អង្គការសិទ្ធិមនុស្ស​អ៊ីរ៉ង់ដែល​មានមូលដ្ឋាននៅ​ប្រទេស​ន័រវេសនិយាយថា យ៉ាង​ហោចណាស់​មនុស្សចំនួន ៣ ៦៤៦នាក់ ត្រូវ​បានចាប់ខ្លួន ដោយ​មាន​ករណី​យ៉ាងហោច​ណាស់ ៧៦៧ករណី​ ត្រូវ​បានរាយការណ៍​ បន្ទាប់ពីការចាប់ផ្តើម​នៃបទឈប់បាញ់នៅថ្ងៃទី៨ ខែមេសា​។

លោក Turk និយាយថា ពលរដ្ឋ​អ៊ីរ៉ង់​រាប់ពាន់នាក់ត្រូវ​បានឃុំខ្លួន បាត់​ខ្លួនដោយបង្ខំ ការធ្វើ​ទារុណ​កម្ម ឬ​ទទួលរងនូវ​ទម្រង់ផ្សេងយ៉ាង​ឃោរ​ឃៅ ​អមនុស្សធម៌និង​បន្ទាបបន្ថោក រួមទាំងការបង្ខិតបង្ខំ។ ជា​ពិសេស​មនុស្ស​មកពី​ជនជាតិភាគតិច ប្រឈម​នឹងហានិភ័យ​ខ្ពស់​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម