Connect with us

ព័ត៌មានអន្ដរជាតិ

អូទ្រីស បណ្ដេញទូតរុស្ស៊ី៣នាក់ ក្រោយសង្ស័យថា ប្រើដំបូល​ស្ថានទូត លួចស្ដាប់ការណ៍សម្ងាត់

បានផុស

នៅ

មន្ត្រីស្ថានទូតរុស្ស៊ីចំនួន ៣នាក់ ត្រូវ​បាន​បណ្ដេញ​ចេញ​​ពីប្រទេសអូទ្រីស បន្ទាប់ពីមានការសង្ស័យថា មន្ត្រីទាំងនោះបានលួចលាក់ធ្វើសកម្មភាពចារកម្ម ដែលជាទង្វើខុសច្បាប់ និងប៉ះពាល់ដល់សន្តិសុខជាតិយ៉ាងខ្លាំង។

ស្ថានទូត​រុស្ស៊ី​នៅ​ប្រទេស​អូទ្រីស (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយ​របស់ Anadolu កាលពីថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ​២០២៦ ដើមហេតុដែលនាំឲ្យ​មានការបណ្ដេញចេញនេះ គឺផ្ដើមចេញពីការស៊ើបអង្កេតមួយ ដែលបានរកឃើញថា មានការដំឡើងឧបករណ៍ស៊ើបការណ៍ និងប្រព័ន្ធតាមដានយ៉ាងទំនើប នៅលើដំបូលអគារស្ថាន​ទូតរបស់រុស្ស៊ី។ របាយការណ៍ បានឲ្យ​ដឹងថា ឧបករណ៍ទាំងនោះ ត្រូវបានគេប្រើប្រាស់ ដើម្បីលួចស្ដាប់ និងស្ទាក់ចាប់រលកសញ្ញាទំនាក់ទំនងតាមផ្កាយរណប របស់អង្គការអន្តរជាតិផ្សេងៗ ដែលមានមូលដ្ឋាននៅក្នុងទីក្រុងវីយែន។ រដ្ឋាភិបាលអូទ្រីស យល់ឃើញថា នេះគឺជាការប្រើប្រាស់ទីតាំងការទូតក្នុងផ្លូវខុស ដើម្បីបម្រើឲ្យគោលបំណងចារកម្ម។

នៅពេលដែលរកឃើញភស្តុតាងបែបនេះ អាជ្ញាធរអូទ្រីស បានស្នើសុំឲ្យ​ភាគីរុស្ស៊ីដកសិទ្ធិអភ័យឯកសិទ្ធិផ្នែកការទូតរបស់បុគ្គលទាំង ៣នាក់នោះ ដើម្បីឲ្យ​តុលាការអាចចាត់វិធានការតាមផ្លូវច្បាប់បាន។ ទោះជាយ៉ាងណា ខាងទីក្រុងមូស្គូមិនបានឆ្លើយតបនឹងសំណើនេះតាមកាលកំណត់នោះទេ ទើបធ្វើឲ្យ​រដ្ឋាភិបាលអូទ្រីស សម្រេចចិត្តប្រកាសថា ពួកគេជា «មនុស្សដែលមិនត្រូវបានស្វាគមន៍» ហើយតម្រូវឲ្យចាកចេញពីទឹកដីអូទ្រីសជាបន្ទាន់។

លោកស្រី Beate Meinl-Reisinger (រូបថត៖ Reuters)

រដ្ឋមន្ត្រីការបរទេសអូទ្រីស លោកស្រី Beate Meinl-Reisinger បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលរបស់លោកស្រី នឹងមិនអត់ឱន ចំពោះសកម្មភាពចារកម្មបែបនេះឡើយ។ លោកស្រី បានលើកឡើងថា វាជារឿងដែលមិនអាចទទួលយកបាន ដែលបុគ្គលមួយចំនួនយកសិទ្ធិអភ័យឯកសិទ្ធិការទូត មកធ្វើជាខែលបាំងមុខ ដើម្បីលួចស៊ើបការណ៍​សម្ងាត់ឲ្យ​ប្រទេសខ្លួន។ លោកស្រី បន្តថា វិធានការនេះ គឺជាការបង្ហាញពីជំហរដាច់ខាតរបស់អូទ្រីស ក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន។

សកម្មភាពតាមដានលើមន្ត្រីរុស្ស៊ី បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីមានសង្គ្រាមនៅប្រទេសអ៊ុយក្រែនមកម៉្លេះ ដោយសារភ្នាក់ងារសម្ងាត់អូទ្រីស បារម្ភថា សកម្មភាពទាំងនេះ អាចធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេសលើឆាកអន្តរជាតិ។ គិតចាប់តាំងពីឆ្នាំ២០២២ មក អូទ្រីស បានបណ្ដេញមន្ត្រីការទូតរុស្ស៊ីសរុបចំនួន ១៤នាក់ហើយ បើទោះបីជាបច្ចុប្បន្ននៅមានមន្ត្រីរុស្ស៊ីប្រហែល ២២០នាក់ផ្សេងទៀត កំពុងបន្តការងារនៅក្នុងប្រទេសនេះក៏ដោយ៕

ប​្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម