Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ប្រើឱកាសនាវាកូរ៉េ​ខាង​ត្បូងផ្ទុះឆេះ អូសទាញក្រុង​សេអ៊ូល​ ឲ្យ​ចូលរួមជម្លោះជាមួយ​អ៊ីរ៉ង់

បានផុស

នៅ

វិមានប្រធានាធិបតីកូរ៉េខាងត្បូង បានបើកកិច្ចប្រជុំបន្ទាន់មួយ នា​ថ្ងៃអង្គារ ទី​៥ ខែ​ឧសភា ឆ្នាំ​២០២៦​ នេះ ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតប បន្ទាប់ពីមានហេតុការណ៍ផ្ទុះ និងឆេះយ៉ាងសន្ធោសន្ធៅនៅលើនាវាដឹកទំនិញខ្នាតធំមួយ​គ្រឿង​របស់ខ្លួន នៅក្នុងតំបន់ច្រកសមុទ្រ​ហ័រមូស។ ស្របពេលជាមួយគ្នានោះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានចេញមុខជំរុញឲ្យ​ទីក្រុងសេអ៊ូល ចូលរួមក្នុងបេសកកម្មយោធាដឹកនាំដោយ​ក្រុង​វ៉ាស៊ីនតោន​ ដើម្បីការពារសុវត្ថិភាពផ្លូវទឹកដ៏គ្រោះថ្នាក់មួយនេះផងដែរ។

(រូបថត៖ AA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ការ​ផ្សាយ​របស់ Anadolu ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃចន្ទ ខណៈដែលនាវាឈ្មោះ HMM Namu កំពុងឈប់​នៅក្បែរឆ្នេរសមុទ្រនៃ ប្រទេសអារ៉ាប់រួម។ អគ្គិភ័យ បានចាប់ផ្ដើមឆាបឆេះចេញពីបន្ទប់ម៉ាស៊ីន ដែលបង្ខំឲ្យ​សមាជិកនាវិកទាំងអស់ ២៤នាក់ ក្នុងនោះមានជនជាតិកូរ៉េខាងត្បូង ៦នាក់ និងជនជាតិបរទេស ១៨នាក់ ត្រូវតស៊ូជាមួយភ្លើងអស់រយៈពេលដល់ទៅ ៤ម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។ ជាសំណាងល្អ មនុស្សទាំងអស់នៅលើនាវា ត្រូវបានបញ្ជាក់ថាមានសុវត្ថិភាព ប៉ុន្តែនាវានេះ ត្រូវរង់ចាំការអូសសណ្ដោង ដើម្បីពិនិត្យការខូចខាត ទើបអាចដឹងច្បាស់ថា ការផ្ទុះនេះ បង្កឡើងដោយបញ្ហាម៉ាស៊ីន ឬក៏រងការវាយប្រហារពីខាងក្រៅ។

ស្របពេលដែលស្ថានការណ៍កំពុងតានតឹង លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា វាដល់ពេលហើយ ដែលកូរ៉េខាងត្បូង គួរតែបញ្ជូនកម្លាំងមកចូលរួម ក្នុងបេសកកម្មនៅច្រកសមុទ្រ​ហ័រមូស។ ការអំពាវនាវនេះ ធ្វើឡើង បន្ទាប់ពីមានរបាយការណ៍មិនច្បាស់លាស់ពីខាងអ៊ីរ៉ង់ ដែលថា មាននាវាចម្បាំងអាមេរិកត្រូវរងការវាយប្រហារដោយគ្រាប់មីស៊ីល ប៉ុន្តែអាមេរិកបានបដិសេធភ្លាមៗ។ បច្ចុប្បន្ន មាននាវាដឹកទំនិញរបស់កូរ៉េខាងត្បូងចំនួន ២៦គ្រឿងទៀត កំពុងជាប់គាំងនៅក្នុងច្រកសមុទ្រនោះ ដែលធ្វើឲ្យ​រដ្ឋាភិបាលសេអ៊ូលមានការព្រួយបារម្ភយ៉ាងខ្លាំង។

ជម្លោះនៅក្នុងតំបន់នេះ បានឆាបឆេះខ្លាំងឡើង ចាប់តាំងពីមានការវាយប្រហារគ្នារវាងអាមេរិក និងអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ។ ទោះបីជាមានការព្រមព្រៀងឈប់បាញ់បណ្ដោះអាសន្ន ក្រោមការសម្រុះសម្រួលពីប៉ាគីស្ថានក៏ដោយ ក៏​កិច្ចចរចាកន្លងមក មិនបានសម្រេចនូវកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងណាមួយឡើយ។ ជាមួយនឹងការប្រកាសរបស់អ៊ីរ៉ង់ថា នឹងចាត់វិធានការដាច់ខាត ចំពោះនាវាណា ដែលរំលោភច្បាប់ធ្វើដំណើរ និងការបន្តបិទខ្ទប់ផ្លូវទឹកពីសំណាក់អាមេរិក ធ្វើឲ្យ​តំបន់ច្រកសមុទ្រហ័រមូស ក្លាយជាចំណុចក្ដៅបំផុត ដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់៕

ច្រក​សមុទ្រ​ហ័រមូស (រូបថត៖ REUTERS)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម