Connect with us

ព័ត៌មានអន្ដរជាតិ

នាយកដ្ឋានឧតុនិយម ថៃ ឆ្លើយបែបណា រឿងថា បាងកក នឹងជួបគ្រោះទឹក​ជំនន់ដូច ១០ ឆ្នាំមុន

បានផុស

នៅ

នាយកដ្ឋានឧតុនិយមថៃ (TMD) បានច្រានចោលការរំពឹងទុកដែលថា ប្រទេសថៃ ក៏ដូចជាទីក្រុងបាងកកនឹងជួបគ្រោះទឹកជំនន់ដ៏ធំម្តងទៀតដូចក្នុងឆ្នាំ ២០១១ ដោយសារលក្ខខណ្ឌអាកាសធាតុនៅពេលនេះខុសពីកាលណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី Chompharee Chomphurat អគ្គនាយកនៃនាយកដ្ឋានឧតុនិយមបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសថៃបានរងគ្រោះដោយទឹកជំនន់ដ៏ធំក្នុងឆ្នាំ ២០១១ ដោយសារតែបាតុភូត La Nina ដែលធ្វើឲ្យរដូវវស្សាមកដល់លឿនជាងធម្មតា ហើយអ្វីដែលកាន់តែអាក្រក់ទៅៗនៅក្នុងឆ្នាំនោះគឺ ​ព្យុះ​ចំនួន ៥ ​បាន​វាយ​ប្រហារ​ប្រទេស​ថៃ​ ដោយ​បាន​បង្កើន​បរិមាណ​ទឹកភ្លៀង​ជា​មធ្យម ២៧ ភាគរយ ។

អ្នក​ស្រី​បាន​បន្ត​ថា​ “​បាតុភូត La Nina ក៏​បាន​កើត​ឡើង​នៅ​ឆ្នាំ​នេះ​ដែរ ដែល​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​លឿន​ជាង​ការ​រំពឹង​ទុក ។ ទោះជាយ៉ាងនេះក្តី ប្រទេសថៃមិនបានរងការវាយប្រហារដោយផ្ទាល់ដោយព្យុះនៅឆ្នាំនេះទេ ខណៈដែលទឹកភ្លៀងជាមធ្យមមកទល់ពេលនេះត្រូវបានកត់ត្រា ២១ ភាគរយក្រោមបរិមាណកាលពីឆ្នាំ ២០១១” ។

នាយកដ្ឋាន​បាន​ប៉ាន់​ប្រមាណ​ថា​នឹង​មាន​ភ្លៀង​ធ្លាក់​ប្រហែល ១០ ភាគរយ​ច្រើន​ជាង​ធម្មតា ដែល​កើនឡើង​បន្តិចប៉ុណ្ណោះ បើ​ធៀប​នឹង ៨ ភាគរយ​កាលពី​ឆ្នាំ​មុន ។

លោកស្រី Chompharee បាននិយាយថា អាកាសធាតុមិនមែនជាមូលហេតុតែមួយគត់សម្រាប់ទឹកជំនន់នោះទេ យុទ្ធសាស្ត្រគ្រប់គ្រងទឹកក៏មានតួនាទីសំខាន់ផងដែរ ។ ទីភ្នាក់ងារជាច្រើននៅក្នុងប្រទេសថៃបានរៀនមេរៀនរបស់ពួកគេពីទឹកជំនន់ឆ្នាំ ២០១១ រួចហើយ ដូច្នេះយើងបានរៀបចំប្រព័ន្ធទាំងអស់ឲ្យកាន់តែប្រសើរឡើងរួចហើយសម្រាបឆ្នាំនេះ ខណៈវិធានការ​ដែល​ត្រូវ​បាន​អនុវត្ត​រួម​មាន​ការ​ពន្លឿន​ការ​បញ្ចេញ​ទឹក​ពី​ទំនប់​ចូល​ឈូង​សមុទ្រ​ថៃ ​ក្នុង​ពេល​មាន​ជំនោរ​ទាប និង​ការ​បិទ​ផ្លូវ​ទឹក​នៅ​ជិត​តំបន់​ដែល​ងាយ​នឹង​មាន​ទឹកជំនន់ជាដើម ។

ជាចុងក្រោយលោកស្រីបញ្ជាក់ថា ឆ្នាំនេះ មានតែព្យុះ Ma-on និង Mulan ប៉ុណ្ណោះដែលបានបោកបក់ប៉ះប្រទេសថៃក្នុងខែសីហា ខណៈព្យុះទីហ្វុង Hinnamnor នឹងវាយប្រហារតែប្រទេសជប៉ុន និងកូរ៉េខាងត្បូងប៉ុណ្ណោះ ពោលមិនមានការប៉ះពាល់ផ្ទាល់ដល់ប្រទេសថៃនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nations

ចុចអាន ៖ កាន់តែធ្ងន់ធ្ងរ! ទឹកជំនន់កំពុងលិចតំបន់ជុំវិញព្រលានយន្តហោះ ភូកេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម