Connect with us

ព័ត៌មានអន្ដរជាតិ

ចោរប្លន់ហាងលក់មាសនៅខេត្តរ:យ៉ង យកលុយ និងមាសជិត ១៥០ តម្លឹង

បានផុស

នៅ

ប្រទេស​ថៃ ៖ មាស​សុទ្ធ​ជិត ១៥០ តម្លឹង និង​លុយ​ចំនួន ២៥ ម៉ឺន​បាត ត្រូវ​បាន​ក្រុម​ចោរ​យក​ទៅ​ដោយ​សុវត្ថិភាព បន្ទាប់ពី​បាន​បិទមុខ​ចូល​ប្លន់​នៅ​ក្នុង​ហាង​លក់​មាស​ដ៏​ធំ​មួយ​កន្លែង កណ្ដាល​ទី​រួម​ខេត្ត​រ​:​យ៉ង រួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ផ្សាយ​របស់​គេហទំព័រ ខាវ​ឌួ​ន បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង ៨ យប់ ថ្ងៃ​ទី ១៨ ខែ​ធ្នូ ឆ្នាំ ២០២២ មាន​ករណី​ប្លន់​មួយ​បាន​កើតឡើង​នៅ​ក្នុង​ហាង​លក់​មាស​ដ៏​ធំ​មួយ​កន្លែង កណ្ដាល​ក្រុង ក្នុង​ខេត្ត​រ​:​យ៉ង ប្រទេស​ថៃ ដោយ​ចោរ​មាន​ចំនួន ២ នាក់ ប្រដាប់​ដោយ​កាំភ្លើង AK បត់​មួយ​ដើម និង​ពាក់​មួក និង​បិទមុខ​យ៉ាង​ជិត​ផង​ដែរ។

ព័ត៌មាន​បាន​បន្ត​ថា ជនសង្ស័យ​ទាំង ២ នាក់ បាន​ធ្វើ​សកម្មភាព​យ៉ាង​ប្រញាប់ប្រញាល់ ដោយ​ម្នាក់​កាន់​កាំភ្លើង​យាម​នៅ​ខាងមុខ និង​ម្នាក់ទៀត​ចូល​ទៅ​ប្រមូល​មាស​ដាក់​ចូល​ក្នុង​កាបូប​ស្ពាយ​ពណ៌​ខ្មៅ​ដែល​ពួកគេ​បាន​ត្រៀម​យក​មក​ជាស្រេច រួចហើយ​ពួកគេ​បាន​ចេញ​ទៅវិញ​ដោយ​ប្រើប្រាស់​រថយន្ត ពាក់​ស្លាក​លេខ​ពណ៌​ក្រហម ជា​មធ្យោបាយ និង​គេចខ្លួន​បាន​ដោយ​សុវត្ថិភាព។

តាម​ការ​អះអាង​ពី​ម្ចាស់​ហាង​បាន​បញ្ជាក់​ថា មាស ប្រាក់ ដែល​ក្រុម​ចោរ​ប្រមូល​យក​ទៅ​គឺ លុយ​បាត​ចំនួន ២៥ ម៉ឺន​បាត និង​គ្រឿងមាស​សុទ្ធ​ទម្ងន់ គិត​ទៅ​តាម​ទីផ្សារ​ប្រទេស​ថៃ​គឺ​ចំនួន ៣៧០ បាត (​ក្នុង​១ បាត ស្មើ ៤ ជី​មាស​) សរុប ស្មើ​នឹង ១.៤៨០ ជី គឺ​ស្មើ​នឹង ១៤៨ តម្លឹង​មាស។

បច្ចុប្បន្ន​ក្រុម​តម្រួត​ថៃ កំពុង​ធ្វើការ​ពិនិត្យ​ទៅ​លើ​កាមេរ៉ា​សុវត្ថិភាព ដែល​ចាប់​រូបភាព នៃ​សកម្មភាព​របស់​ក្រុម​ចោរ និង​កំពុង​សិក្សា​ទៅលើ​រថយន្ត​ដែល​ក្រុម​ចោរ​ប្រើប្រាស់ ដើម្បី​ជា​ទុន​ក្នុង​ការ​ស្រាវជ្រាវ​រក​មុខ​សញ្ញា​យក​មក​ផ្ដន្ទាទោស​តាមច្បាប់ ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម