Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ចាប់ផ្ដើមរាប់សន្លឹកឆ្នោតក្នុងការិយាល័យចំនួន ៤៧ ឡើងវិញ

បានផុស

នៅ

ការរាប់សន្លឹកឆ្នោតឡើងវិញក្នុងការិយាល័យបោះឆ្នោតចំនួន ៤៧ នៅទូទាំងប្រទេសថៃ បានដំណើរការដោយមិនមានបញ្ហាអ្វីឡើយកាលពីថ្ងៃអាទិត្យ ខណៈលទ្ធផលក៏មិនមានភាពខុសគ្នាទៅនឹងការបោះឆ្នោតកាលពីថ្ងៃទី១៤ ខែឧសភានោះផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) បានបញ្ជាឲ្យរាប់សន្លឹកឆ្នោតឡើងវិញ បន្ទាប់ពីបានរកឃើញភាពមិនស៊ីគ្នារវាងចំនួនសន្លឹកឆ្នោតសរុប និងចំនួនអ្នកទៅបោះឆ្នោត ជាពិសេសនៅការិយាល័យចំនួន ៦ ក្នុងចំណោម ៤៧ ការិយាល័យនៅក្នុងទីក្រុងបាងកក ក៏រកឃើញភាពមិនស៊ីគ្នាក្នុងលទ្ធផលបោះឆ្នោតនាពេលកន្លងមកនេះដែរ ។

ទូរទស្សន៍ Nation TV បានរាយការណ៍ថា ការិយាល័យទាំង ៦ នៅទីក្រុងបាងកក បានចាប់ផ្តើមការរាប់សន្លឹកឆ្នោតឡើងវិញនៅមុនពេលថ្ងៃត្រង់ នៅចំពោះមុខគណៈកម្មាធិការការិយាល័យ ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសង្កេតការណ៍សាធារណៈ ដើម្បីចៀសវាង ក៏ដូចការប្រុងប្រយ័ត្នចំពោះការក្លែងបន្លំណាមួយ ។

នៅឯការិយាល័យបោះឆ្នោតលេខ ៥ របស់ទីក្រុងបាងកក បានរកឃើញសន្លឹកឆ្នោតដែលមិនបានរាប់ពីមុនចំនួន ២ សន្លឹក ដែលនាំឲ្យចំនួនសន្លឹកឆ្នោតសរុប ត្រូវគ្នាទៅនឹងចំនួនអ្នកទៅបោះឆ្នោត ។ សន្លឹកឆ្នោតដែលបាត់នោះ គឺប្រជាពលរដ្ឋបានបោះឲ្យគណបក្សថៃរួបរួមជាតិរបស់លោក ប្រាយុទ្ធ និងបក្សចលនាឆ្ពោះទៅមុខរបស់លោក ភីថា ប៉ុន្តែទោះជាយ៉ាងណា វាមិនប៉ះពាល់ដល់លទ្ធផលសរុបនោះទេ ។

ប្រធានការិយាល័យសង្កាត់ Wang Thonglang លោក Krongkran Jeamjeerakul ដែលជាអ្នកមើលការខុសត្រូវលើការរាប់សន្លឹកឆ្នោតឡើងវិញនេះ បាននិយាយថា សន្លឹកឆ្នោតចំនួន ៣៧ ផ្សេងទៀតដែលបាត់នៅការិយាល័យបោះឆ្នោតលេខ ១ របស់ទីក្រុងបាងកក ក៏ត្រូវបានរកឃើញនៅក្នុងការរាប់ឡើងវិញនេះផងដែរ ខណៈសំឡេង​ឆ្នោត​បន្ថែម​ចំនួន ៣៧ នេះ ក៏មិន​មាន​ឥទ្ធិពល​លើ​លទ្ធផលពីដំបូង​ឡើយផងដែរ ។

គួរបញ្ជាក់ថា ការិយាល័យបោះឆ្នោតនៅក្នុងខេត្តផ្សេងទៀតរបស់ថៃ ក៏បានចាប់ផ្តើមរាប់សន្លឹកឆ្នោតឡើងវិញផងដែរ ខណៈលទ្ធផលដែលបានធ្វើបច្ចុប្បន្នភាពរួចហើយ រំពឹងនឹងប្រកាសសម្រេចយកនៅក្នុងខែនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation Thailand

ចុចអាន ៖ មកដឹងប្រាក់ខែពលករ កម្ពុជា និងប្រទេសផ្សេងទៀតដែលធ្វើការនៅ ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម