Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ប្រឈម ហានិភ័យធំ ៥យ៉ាង បើវាយលុកចូល ហ្គាហ្សា

បានផុស

នៅ

ប្រទេសអ៊ីស្រាអែល កំពុង​ប្រឈម​នឹង​ហានិភ័យ​យ៉ាង​សម្បើម ខណៈ​ខ្លួន​ត្រៀម​រៀបចំ​សម្រាប់​ការ​លុកលុយ​ទឹកដី​ហ្គាហ្សា​ទ្រង់ទ្រាយធំ តាមជើងគោក។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់គេហទំព័រ CW39, ប្រតិបត្តិការបោសសម្អាតពីកងកម្លាំងការពារអ៊ីស្រាអែល (IDF) ចូលទៅក្នុងតំបន់ឆ្នេរនោះ ពិតណាស់ នឹងបង្កឲ្យមានវិបត្តិមនុស្សធម៌កាន់តែខ្លាំង ខណៈជនស៊ីវិលនឹងបាត់បង់ជីវិតក្នុងចំនួនយ៉ាងច្រើនក្រាស់ក្រែល។ វាក៏ប្រថុយនឹងការបាត់បង់អាយុជីវិតរបស់ទាហានអ៊ីស្រាអែល, បង្វែរអារម្មណ៍ពិភពលោកនិងក្នុងស្រុកប្រឆាំងអ៊ីស្រាអែល ក៏ដូចជាអាចបណ្តាលឲ្យមានអន្តរាគមន៍ពីសំណាក់ភាគីផ្សេងទៀតផងដែរ។

ខាងក្រោមនេះ គឺជាហានិភ័យចំនួន៥យ៉ាង ដែលអ៊ីស្រាអែលនឹងប្រឈមមុខ ពេលដែលបើកការវាយលុកជើងគោក ចូលទៅតំបន់ហ្គាហ្សា៖

១. ការស្លាប់ជនស៊ីវិល កើនឡើងខ្ពស់

ប្រតិបត្តិការជើងគោកណាមួយ អាចមានរយៈពេលវែង បង្ហូរឈាមខ្លាំង និងពាក់ព័ន្ធការប្រយុទ្ធគ្នាពីកន្លែងមួយទៅកន្លែងមួយ ដែលជាហេតុបង្កហានិភ័យខ្ពស់ ដល់ប្រជាជនស៊ីវិលនៅតំបន់ហ្គាហ្សាស្ទ្រីប។

(រូបថត៖ SKY)

គ្រាន់តែការវាយប្រហារតាមអាកាស បានសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនជាង៣០០០នាក់រួចទៅហើយ ដែលក្នុងនោះមានជាង១៥០០នាក់ជាកុមារ ចុះទម្រាំការវាយលុកជើងគោកទៀត! លើសពីនេះ ​មនុស្ស​ជាង​មួយ​លាន​នាក់​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ភៀស​ខ្លួន​ចេញពី​ផ្ទះ​របស់​ពួកគេ​ គឺគ្មាន​កន្លែង​ណាទៅឡើយ ពោលគឺត្រូវ​ជាប់​នៅ​ភាគ​ខាងត្បូងតំបន់​ហ្គាហ្សា​ដោយពុំមានច្រក​ចេញ។

នៅក្នុងសង្គ្រាមហ្គាហ្សាឆ្នាំ២០១៤ កងវរសេនាតូចថ្មើរជើងរបស់អ៊ីស្រាអែល បានប្រយុទ្ធក្នុងសង្កាត់ភាគខាងជើងទីក្រុងហ្គាហ្សា ដែលជាសមរភូមិមួយបានសម្លាប់ជនស្លូតត្រង់ជាង ១៦០០នាក់ និងរងរបួសជាង១០០០០នាក់ ក្នុងរយៈពេលជាងមួយខែ។

២. យោធាអ៊ីស្រាអែលត្រូវបង់ជីវិត

ក្នុងឆ្នាំ២០១៤ អ៊ីស្រាអែលបានបាត់បង់ទាហានចំនួន៦៦នាក់ ក្នុងការប្រយុទ្ធជាមួយក្រុមហាម៉ាស់។

កងទ័ពបានតស៊ូនៅពេលនោះ ដើម្បីប្រយុទ្ធក្នុងព្រៃ ក្នុងទីក្រុង ផ្លូវរូងក្រោមដី និងជាប់អន្ទាក់ ពាសពេញតំបន់ ហ្គាហ្សា។ កងទ័ពអ៊ីស្រាអែល​ ត្រូវប្រល័យដោយគ្រាប់មីន ការវាយឆ្មក់ និងអ្នកលបបាញ់ (Sniper)។ នោះគ្រាន់តែ​ជា​ជម្លោះត្រឹម​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ ហើយពេល​នោះ កង​កម្លាំង​អ៊ីស្រាអែល ​បាន​ចូល​តែ​ផ្នែក​ខ្លះ​នៃ​ទឹកដី​ដែល​ក្រុម​ហាម៉ាស់​កាន់កាប់​ប៉ុណ្ណោះ។

(រូបថត៖ Telecoalert)

លើកនេះ អ៊ីស្រាអែលសន្យាថា នឹងធ្វើប្រតិបត្តិការពេញបន្ទុក ដើម្បីកម្ទេចក្រុមហាម៉ាស់ ដោយកេនទាហានបម្រុងចំនួន៣៦០០០០នាក់ មកជួយ។ ប្រតិបត្តិការធំជាងនេះ ទំនងជាត្រូវការពេលវេលានិងធនធានកាន់តែធំ ដែលអាចប្រថុយជីវិតកាន់តែច្រើន។

យ៉ាងណា ក្រុមហាម៉ាស់ ក៏មានបណ្តាញផ្លូវរូងក្រោមដីយ៉ាងទូលំទូលាយផងដែរ ដែលអាចប្រើដើម្បីវាយប្រហារកងទ័ពអ៊ីស្រាអែល បានគ្រប់ពេល។

៣. បាត់ការគាំទ្រពីប្រជាជន

ប្រជាជនអ៊ីស្រាអែលមួយចំនួន ខឹងសម្បាចំពោះការស្លាប់មនុស្សជិត១៤០០នាក់នៅក្នុងកណ្តាប់ដៃក្រុមហាម៉ាស់ និងចំណាប់ខ្មាំងប្រហែល ២០០ នាក់ដែលត្រូវចលនានេះ ចាប់យកទៅ ជាហេតុជំរុញឲ្យមានការគាំទ្រយ៉ាងធំធេងសម្រាប់កិច្ចខិតខំប្រឹងប្រែង ដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សា។

ប៉ុន្តែ​ប្រសិនបើ​យោធា​អ៊ីស្រាអែល ​ទទួលរង​ការខាតបង់​ធ្ងន់ធ្ងរ​នៅក្នុង​ជម្លោះ​អូសបន្លាយ​ដោយ​គ្មាន​ទីបញ្ចប់មែននោះ រឿងនេះ​អាច​​ផ្លាស់ប្តូរ។

(រូបថត៖ BBC)

ការស្ទង់មតិដោយកាសែតប្រចាំថ្ងៃរបស់អ៊ីស្រាអែល Maariv ដែលចេញផ្សាយកាលពីថ្ងៃសុក្រទី២០ខែតុលា បានបង្ហាញថា ៦៥%នៃពលរដ្ឋ គឺគាំទ្រការវាយលុកដីគោក ខណៈ២១%ប្រឆាំង។

អ៊ីស្រាអែល ​ក៏បាន​ធ្វើសង្គ្រាម​ចំនួន៤​លើក​រួចមកហើយផងដែរ ជាមួយ​ក្រុម​ហាម៉ាស់ ប៉ុន្តែ​រាល់​ការ​ប៉ុនប៉ង​កម្ចាត់​ក្រុម​នេះ តែងតែ​បរាជ័យជានិច្ច។

៤. មានភាគីផ្សេងចូលមកប្រយុទ្ធដែរ

ចាប់តាំងពីការវាយប្រហាររបស់ចលនាហាម៉ាស់មក អ៊ីស្រាអែល បានបាញ់តបតជារៀងរាល់ថ្ងៃជាមួយក្រុមសកម្មប្រយុទ្ធ ហេសបូឡា ក្នុងប្រទេសលីបង់ នៅតាមព្រំដែនភាគខាងជើង។

(រូបថត៖ AFP)

ការបាញ់ដាក់គ្នានៅព្រំដែនលីបង់-អ៊ីស្រាអែលលើកនេះ គឺមានសភាពបង្ហូរឈាមខ្លាំងបំផុតមិនធ្លាប់មានសោះក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយ ហើយទំនងជាបង្កឲ្យមានសង្គ្រាមរីករាលដាល។

ថ្មីៗនេះ មេដឹកនាំក្រុមហេសបូឡា បានជួបជាមួយអ៊ីរ៉ង់ ដែលជាអ្នកគាំទ្រយោធារបស់ពួកគេ ក៏ដូចជាក្រុមហាម៉ាស់ផងដែរ ខណៈការប្រយុទ្ធគ្នាបានកើតឡើង។ ​មន្ត្រី​អ៊ីរ៉ង់​បាន​ព្រមាន​ម្តង​ហើយ​ម្តង​ទៀត​ថា ពួកគេ​អាច​នឹង​ចាត់​វិធានការ ​ប្រសិន​បើ​ការ​វាយ​ប្រហារ​លើ​តំបន់​ហ្គាហ្សា​នៅ​តែ​បន្ត។ ទីក្រុងតេហេរ៉ង់ ចាត់ទុកការវាយប្រហាររបស់អ៊ីស្រាអែលលើប្រជាជនប៉ាឡេស្ទីនថាជាទង្វើប្រល័យពូជសាសន៍។

៥. ទំនាក់ទំនងជាមួយពិភពអារ៉ាប់ ត្រូវចុះខ្សោយ

ពិភពអារ៉ាប់ បានផ្ទុះកំហឹងរួចទៅហើយ ចំពោះវិបត្តិនៅតំបន់ហ្គាហ្សា និងបានបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន ចំពេលមានយុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលឥតឈប់ឈរ។

(រូបថត៖ Los Angeles Times)

កំហឹងរបស់អារ៉ាប់ កាន់តែពុះកញ្ជ្រោលបន្ទាប់ពីការផ្ទុះដ៏សាហាវក្បែរមន្ទីរពេទ្យក្នុងទីក្រុង ហ្គាហ្សា បានសម្លាប់មនុស្សរាប់រយនាក់ ថ្វីបើមន្ត្រីអាមេរិកនិយាយថា ព័ស្តុតាងចង្អុលទៅគ្រាប់រ៉ុកកែតរបស់ក្រុមជីហាតឥស្លាមប៉ាឡេស្ទីន ដែលបាញ់ខុសបច្ចេកទេសក៏ដោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CW39

ចុចអាន៖ សេចក្តីរាយការណ៍៖ អាមេរិក ណែនាំឲ្យអ៊ីស្រាអែល ពន្យារពេលការវាយលុកហ្គាហ្សា តាមជើងគោកសិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម