ព័ត៌មានអន្ដរជាតិ
លម្អិតដំណាក់កាល ៣ ចំណុចក្នុងសំណើផ្អាកបាញ់បោះ ៦០ ថ្ងៃរវាង អ៊ីស្រាអែល-ក្រុមហាម៉ាស
ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃអង្គារបានដាក់ចេញផែនការ ៣ ដំណាក់កាលនៅក្នុងសំណើពាក់ព័ន្ធទៅនឹងការផ្អាកបាញ់បោះដាក់គ្នារយៈពេល ៦០ ថ្ងៃជាមួយក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីបតាមរយៈអ្នកសម្របសម្រួលកាតា និងអេហ្ស៊ីប ។

ដំណាក់ទាំង ៣ នោះរួមមាន ដំណាក់កាលទី ១ គឺតម្រូវឲ្យក្រុមហាម៉ាសដោះលែងឈ្លើយសឹកជនជាតិអ៊ីស្រាអែលទាំងអស់ ខណៈខាងភាគីអ៊ីស្រាអែលវិញក៏ត្រូវដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ផងដែរ ។ ម្យ៉ាងទៀត អ៊ីស្រាអែលនឹងត្រូវដកកម្លាំងទ័ពចេញពីទីប្រជុំជន និងទីក្រុងនានារបស់ហ្គាហ្សា ជាពិសេសគឺបើកផ្លូវឲ្យមានជំនួយចូលក្នុងតំបន់ទ្វេដង ។
ចំណែកដំណាក់កាលទី ២ ដែលចុះផ្សាយដោយសារព័ត៌មានអាមេរិក Axios កាលពីថ្ងៃទី២៣ ខែមករា គឺនឹងដាក់មុខព្រួញលើលក្ខខណ្ឌដោះលែងទាហានអីស្រាអែលជាស្ត្រីភេទ និងការប្រគល់សាកសពឈ្លើយសឹកជាថ្នូរនឹងការដោះដូរអ្នកទោសប៉ាឡេស្ទីនដែលកំពុងជាប់ឃុំនៅទឹកដីអ៊ីស្រាអែល ។

រីឯដំណាក់កាលទី ៣ គឺទាក់ទិននឹងការដោះលែងទាហានអ៊ីស្រាអែលជាបុរស ដែលក្រុមហាម៉ាសចាត់ទុកថាគ្រប់អាយុចូលក្នុងសមរភូមិធ្វើសឹកសង្គ្រាម ប៉ុន្តែភាគីអ៊ីស្រាអែលក៏នឹងបន្តឈរជើង ក៏ដូចជាដាក់ពង្រាយកម្លាំងទ័ពរបស់ខ្លួនមួយចំនួនឡើងវិញផងដែរនៅខាងក្រៅព្រំដែននៃតំបន់ហ្គាហ្សាស្ទ្រីប ។
ទោះយ៉ាងណា សំណើដែលពាក់ព័ន្ធទាំងប៉ុន្មាននេះមិនទាន់ដឹងច្បាស់ថាតើនឹងអាចសម្រេចបានឬក៏យ៉ាងណានោះទេ ដោយសារតែវាកំពុងស្ថិតនៅលើផ្លូវចរចាក្នុងទីក្រុងគែរប្រទេសអេហ្ស៊ីប ខណៈដែលយោងតាមសារព័ត៌មាន AP បានចុះផ្សាយថា ក្រុមហាម៉ាសបានទាត់ចោលសំណើបទឈប់បាញ់ជាមួយនឹងអ៊ីស្រាអែលបាត់ទៅហើយ ។

ទោះយ៉ាងណា យោងតាមការចុះផ្សាយដោយកាសែតអាមេរិក The Wall Street Journal (WSJ) កាលពីខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសក៏ធ្លាប់លេចជារូបរាងផងដែរកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ ដោយនៅពេលនោះមានការដោះលែងជនជាតិអ៊ីស្រាអែល ៨១ នាក់ និងជនបរទេស ២៤ នាក់ជាថ្នូរនឹងការដោះដូរជាមួយអ្នកទោសប៉ាឡេស្ទីន ២៤០ នាក់ ប៉ុន្តែវាដំណើរការត្រឹមតែ ១ សប្ដាហ៍ប៉ុណ្ណោះ ពោលអស់សុពលភាពកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ខណៈចាប់តាំងពីនោះមក ភ្លើងសង្គ្រាមកាត់តែដុតឆេះរោលរាលសន្ធោរសន្ធៅឡើងៗ ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយសន្ធាប់យ៉ាងមិនប្រណីដៃទាំងតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីបដើម្បីជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាសក្នុងព្រឹត្តិការណ៍ ៧ តុលា ២០២៣ ដោយក្នុងបានសម្លាប់ជនជាតិប៉ាឡេស្ទីនជិត ២៥,៥០០ នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី ហើយជាង ៦៣,៣០០ នាក់ផ្សេងទៀតរងរបួស ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសដដែល ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក Biden បញ្ចេញផែនការមេចុងក្រោយ បើសភា អាមេរិក នៅតែតឹងដៃ ដកជំនួយឲ្យ អ៊ុយក្រែន មិនរួច

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ