ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ចេញមុខនិយាយ រឿងស្លាប់ទាហានអាមេរិក នៅ ហ្ស៊កដានី
តាមការចុះផ្សាយរបស់សារព័ត៌មាន IRNA, ពេលនេះអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានចេញមុខបដិសេធថា ប្រទេសខ្លួន មិនមានជាប់ពាក់ព័ន្ធអ្វីឡើយចំពោះការសម្លាប់ទាហានអាមេរិក ៣នាក់នៅប្រទេសហ៊្សកដានី កាលពីថ្ងៃអាទិត្យទី២៨ខែមករា។

លោក Nasser Kanaani និយាយថា “ដូចដែលយើងបញ្ជាក់យ៉ាងច្បាស់ពីមុនមកអ៊ីចឹង ក្រុមអ្នកតស៊ូក្នុងតំបន់ កំពុងឆ្លើយតបនឹងឧក្រិដ្ឋកម្មសង្រ្គាម និងអំពើប្រល័យពូជសាសន៍។ ពួកគេមិនទទួលបញ្ជាពីសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ទេ។ ក្រុមទាំងនេះសម្រេចចិត្ត និងធ្វើសកម្មភាពដោយផ្អែកលើគោលការណ៍ និងអាទិភាពរបស់ពួកគេ ក៏ដូចជាផលប្រយោជន៍របស់ប្រទេស និងប្រជាជនរបស់ពួកគេប៉ុណ្ណោះ”។
ការបំភ្លឺនេះកើតឡើង បន្ទាប់ពីចលនាតស៊ូឥស្លាមមានមូលដ្ឋាននៅប្រទេសអ៊ីរ៉ាក់ ចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារលើតំបន់ Tower 22 ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនហ្ស៊កដានី-ស៊ីរី។

ទោះបីជាយ៉ាងណាក៏ដោយ មុននេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដាក់ការសង្ស័យទង្វើនេះជាស្នាដៃរបស់ក្រុមសកម្មប្រយុទ្ធរ៉ាឌីកាល់គាំទ្រដោយអ៊ីរ៉ង់ ខណៈមានអ្នកនយោបាយអាមេរិកជាច្រើនរូបទៀត បានស្តីបន្ទោសទីក្រុងតេហេរ៉ង់ដោយផ្ទាល់តែម្តង ហើយក្រោយមក លោកបានចេញសេចក្តីថ្លែងការណ៍ ដោយប្តេជ្ញាសងសឹកចំពោះការបាត់បង់ជីវិតរបស់ទ័ពអាមេរិក។
តាមការបញ្ជាក់ពីទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក, ក្រៅពីអ្នកស្លាប់ ក៏មានទាហាន២៥នាក់ទៀតរងរបួសដែរ ក្នុងការវាយប្រហារនេះ។

សូមជម្រាបថា ហេតុការណ៍នៅហ្ស៊កដានី ក៏កើតឡើងផងដែរចំពេលក្រុមសកម្មប្រយុទ្ធ Shia ក្នុងតំបន់ ប្តេជ្ញារួមដៃជាមួយប៉ាឡេស្ទីន និងទាមទារឲ្យអ៊ីស្រាអែល បញ្ចប់ការវាយលុករបស់ខ្លួននៅតំបន់ហ្គាហ្សា។
មិនត្រឹមប៉ុណ្ណឹង ក្រុមហេសបូឡា នៅប្រទេសលីបង់ ក៏បាញ់រ៉ុកកែត និងកាំភ្លើងត្បាល់ជាច្រើនគ្រាប់ចូលទឹកដីអ៊ីស្រាអែល ខណៈក្រុមហ៊ូធីរបស់យេម៉ែនឯណោះវិញ ក៏បាញ់មីស៊ីលនិងបង្ហោះដ្រូន វាយប្រហារកប៉ាល់ពាណិជ្ជករ ដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហមផងដែរ។
ដោយសារតែរឿងនេះហើយ ទើបសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ចាប់ផ្តើមបើកការវាយប្រហារលើគោលដៅក្រុម ហ៊ូធី ក្នុងប្រទេសយេម៉ែននៅថ្ងៃទី ១២ ខែមករា ដោយលើកឡើងពីភាពចាំបាច់ដើម្បីការពារផ្លូវដឹកជញ្ជូនអន្តរជាតិ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ ក្រោយទាហានអាមេរិក ស្លាប់នៅ ហ្ស៊កដានី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


