Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ លុប​ចោល​គម្រោង​ទារ​លុយ ​៣០០​បាត​ពី​ទេសចរ​បរទេស

បានផុស

នៅ

រដ្ឋាភិបាល​ថៃ បាន​សម្រេច​លុប​ចោល​នូវ​គម្រោង​​យក​ថ្លៃ​ឈ្នួល​ចំនួន ៣០០​បាត ពី​ទេសចរ​បរទេស ដែល​ធ្វើ​ដំណើរ​ចូល​មក​ថៃ​​​តាម​​រយៈ​​ការ​ជិះ​យន្តហោះ។ នេះ​​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា។

លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី​ថៃ (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋាន​ទំនាក់ទំនង​សាធារណៈ​​ថៃ បាន​លើក​ឡើង​​នៅ​លើ​វិបសាយ​ផ្លូវការ​របស់​ខ្លួន​ថា ថ្លៃ​ឈ្នួល​ត្រូវ​បាន​​បំបាត់​ចោល​វិញ​ដោយ​លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី​ថៃ ក្រោម​​ហេតុ​ផល​​ថា រដ្ឋាភិបាល​ចង់​​ជំរុញ​​​ឲ្យ​មាន​កំណើន​ទេសចរ​​​ច្រើន​ជាង​មុន ដែល​ជាកត្តា​ជួយ​​ឲ្យ​សេដ្ឋកិច្ច​ជាតិ​រីក​ចម្រើន​ទៅ​មុខ។ នាយករដ្ឋមន្ត្រី​ថៃ បាន​និយាយ​ថា រដ្ឋាភិបាល​ក្រោម​ការ​ដឹក​នាំ​របស់​លោក មិន​​​ធ្លាប់​មាន​បំណង​អនុវត្ត​គោលការណ៍​ទារ​ថ្លៃ​ឈ្នួល​ពី​ទេសចរ​បរទេស​​ឡើយ ដែល​គម្រោង​នេះ​​ដើម​ឡើយ​ត្រូវ​បាន​ប្រកាស​ចេញ​​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២៣​កន្លង​ទៅ ដោយ​​រដ្ឋាភិបាល​អាណត្តិ​មុន​​​ក្រោម​ការ​ដឹក​នាំ​របស់​លោក ប្រាយុទ្ធ ចាន់អូចា។

លោក សេដ្ឋា ថា ការ​ប្រមូល​លុយ​ពី​ទេសចរ អាច​បង្កើត​ជា​ចំណូល​រដ្ឋ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ តែ​បើ​ថៃ​លុប​ចោល​គម្រោង​នេះ​វិញ នោះ​ទេសចរ​នឹង​កើន​ឡើង​​ច្រើន ហើយ​ចំណូល​អាច​​ទាញ​ចេញ​​ពី​ចំណាយ​ផ្សេងៗ​របស់​​ពួក​គេ​នៅ​ពេល​​​មក​ដើរ​លេង​នៅ​ក្នុង​ប្រទេស​ថៃ។

(រូបភាព៖ Reuters)

សូម​បញ្ជាក់​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​​នេះ ថៃ​កំពុង​សកម្ម​ខ្លាំង​ក្នុង​ការ​ជំរុញ​កំណើន​ទេសចរ​នៅ​ក្នុង​ប្រទេស។ តួ​យ៉ាង​ដូចជា ការ​ពន្យារ​រយៈពេល​​ទិដ្ឋាការ​ស្នាក់នៅ​ឲ្យ​បាន​កាន់​តែ​យូរ​​ថែម​ទៀត​សម្រាប់​បរទេស ដោយ​ក្នុង​នោះ​អ្នក​ដំណើរ​មក​ពី​​ប្រទេស​ចំនួន​៩៣ អាច​​​​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ថៃ រហូត​ដល់ ៦០​ថ្ងៃ​ឯណោះ ដែល​ពី​មុន​​អនុញ្ញាត​​ត្រឹម​៥៧​ប្រទេស​ប៉ុណ្ណោះ។

ក្រសួង​ទេសចរណ៍​ថៃ បាន​ប្រកាស​ថា ចន្លោះ​ពី​ខែ​មករា ដល់​ខែ​មេសា ឆ្នាំ​២០២៤ ទេសចរ​​បរទេស​ សរុប​មាន​ចំនួន ១១,៩៥​លាន​​​នាក់ រក​ចំណូល​​ចូល​រដ្ឋ​បាន ៥៧៥​​ពាន់​លាន​បាត ស្មើ​នឹង​ ១៥,៦​ពាន់​លាន​ដុល្លារ។ ថៃ​រំពឹង​ថា ទេសចរ​​ដែល​ចូល​មក​លេង​​ក្នុង​ឆ្នាំ​នេះ អាច​​នឹង​កើន​ដល់ ៤០​លាន​នាក់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម