ព័ត៌មានអន្ដរជាតិ
ចិន ផ្អាកកិច្ចចរចាការគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយអាមេរិក ជុំវិញរឿងលក់សព្វាវុធឲ្យតៃវ៉ាន់
ប្រទេសចិន បានប្រកាសកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ថា ខ្លួនសម្រេចចិត្តផ្អាកកិច្ចចរចាការគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ដើម្បីបង្ហាញពីភាពមិនពេញចិត្តជាខ្លាំងដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីតោនបានលក់សព្វាវុធឲ្យទៅកោះតៃវ៉ាន់។

មហាយក្សអាស៊ី ដែលតែងតែអះអាងថាតៃវ៉ាន់ជាដែនអធិបតេយ្យភាពរបស់ខ្លួននោះ បាននិយាយថា ការលក់សព្វាវុធរបស់សហរដ្ឋអាមេរិកឲ្យក្រុងតៃប៉ិ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះបរិយាកាសនយោបាយ ទាក់ទិននឹងការរៀបចំកិច្ចចរចារវាងប្រទេសទាំង២អំពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ។
ការលើកឡើងរបស់ចិនលើកនេះ ធ្វើឡើងក្រោយពីតំណាងសភាអាមេរិក កាលពីពេលថ្មីៗ បានអនុម័តលើកញ្ចប់ថវិកាយោធាចំនួន ៥០០លានដុល្លារសម្រាប់តៃវ៉ាន់ ដើម្បីបង្កើនការរារាំងប្រឆាំងនឹងចិន។ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា “ហេតុដូច្នេះហើយ ភាគីចិនបានសម្រេចចិត្តផ្អាកការពិភាក្សាជាមួយសហរដ្ឋអាមេរិកលើការពិគ្រោះថ្មីស្តីពីការគ្រប់គ្រងអាវុធ និងការមិនរីកសាយភាយអាវុធ។ ទំនួលខុសត្រូវនេះ ពឹងផ្អែកទាំងស្រុងទៅលើសហរដ្ឋអាមេរិក”។
ការផ្អាកកិច្ចពិភាក្សានេះ បង្ហាញពីផលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរ ចំពោះកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងអាវុធជាសកល ដោយទីក្រុងប៉េកាំងបានចូលរួមជាមួយទីក្រុងមូស្គូ ក្នុងការបដិសេធមិនពិភាក្សាជាមួយវិធានការរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ស្កាត់ការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ។
សហរដ្ឋអាមេរិក កាលពីខែមុន បានប្រកាសពីលទ្ធភាពនៃការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ដើម្បីជាយុទ្ធសាស្ត្របន្ថែមទៀត រារាំងរុស្ស៊ី និងចិន។ បច្ចុប្បន្ន មហាអំណាចមួយនេះ មានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៣៧០០គ្រាប់ នេះបើយោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm។ ចំណែកក្បាលគ្រាប់នុយក្លេអ៊ែររបស់រុស្ស៊ី ត្រូវបានគេប៉ាន់ប្រមាណថាមានប្រហែល ៤៥០០គ្រាប់ ខណៈចិនអាចមាន ៤១០គ្រាប់។
ជាវិធានការឆ្លើយតប សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តអន្តរជាតិដ៏សំខាន់របស់តៃវ៉ាន់ និងជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏ធំបំផុត បានសម្តែងការខកចិត្តចំពោះការសម្រេចចិត្តរបស់ចិនលើកនេះ ខណៈដែលអាមេរិកបានបញ្ជាក់ជាថ្មីនូវឆន្ទៈរបស់ខ្លួនក្នុងការចូលរួមក្នុងកិច្ចសន្ទនា។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថា “យើងគិតថា វិធីសាស្រ្តនេះ បានធ្វើឲ្យខូចដល់ស្ថិរភាពយុទ្ធសាស្ត្រ ហើយវាបង្កើនហានិភ័យនៃការកើនឡើងការប្រកួតប្រជែងសព្វាវុធ។ ជាអកុសល ដោយការផ្អាកការពិភាក្សាទាំងនេះ ប្រទេសចិនបានជ្រើសរើសមិនបន្តកិច្ចខិតខំប្រឹងប្រែង ដែលនឹងគ្រប់គ្រងហានិភ័យជាយុទ្ធសាស្ត្រ និងការពារការប្រជែងសព្វាវុធតម្លៃថ្លៃ ប៉ុន្តែយើងសហរដ្ឋអាមេរិក នឹងនៅតែបើកចំហក្នុងការអភិវឌ្ឍ និងអនុវត្តវិធានការកាត់បន្ថយហានិភ័យជាក់ស្តែងជាមួយប្រទេសចិន”៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ