ព័ត៌មានអន្ដរជាតិ
ជប៉ុន ថានឹងសហការជាមួយអាមេរិក ដើម្បីការពារសន្តិភាពតៃវ៉ាន់ ដោយមិនខ្វល់អ្នកណាជាប់ឆ្នោត
អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Yoshimasa Hayashi បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា រដ្ឋាភិបាលក្រុងតូក្យូនឹងបន្តធ្វើការជាមួយរដ្ឋធានីវ៉ាស៊ីតោន ដើម្បីសន្តិភាពនៅលើច្រកសមុទ្រតៃវ៉ាន់ ដោយមិនខ្វល់ខ្វាយថា នរណាជាប់ការបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរិកនាខែវិច្ឆិកាខាងមុខនោះទេ។

ការអត្ថាធិប្បាយនេះ ធ្វើឡើងបន្ទាប់ពីបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយថា តៃវ៉ាន់គួរតែបង់ប្រាក់ឲ្យសហរដ្ឋអាមេរិកសម្រាប់ការការពារខ្លួន ដែលនេះត្រូវគេមើលថាជាការបង្កើនក្ដីព្រួយបារម្ភអំពីការគាំទ្ររបស់អាមេរិកទៅលើដែនកោះមួយនេះ ប្រសិនបើអតីតប្រធានាធិបតីវ័យ៧៨ឆ្នាំបានជាប់ឆ្នោតសាជាថ្មីម្ដងទៀត។
ពេលត្រូវសួរនាំថាតើការជាប់ឆ្នោតរបស់លោក ត្រាំ អាចផ្ដល់ផលប៉ះពាល់លើការប្តេជ្ញាចិត្តរបស់អាមេរិកនៅលើឥណ្ឌូប៉ាស៊ីហ្វិកដែរឬទេ លោក Hayashi បានឆ្លើយថា “សន្តិភាព និងស្ថិរភាព (នៅច្រកសមុទ្រតៃវ៉ាន់) គឺមានសារៈសំខាន់យ៉ាងខ្លាំង មិនត្រឹមតែសម្រាប់សន្តិសុខផ្ទាល់ខ្លួនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សហគមន៍អន្តរជាតិទាំងមូល”។ លោកបានបន្ថែមថា ដោយសារសហរដ្ឋអាមេរិក និងជប៉ុន សុទ្ធតែជឿជាក់លើសារៈសំខាន់នៃការដោះស្រាយបញ្ហាច្រកសមុទ្រដោយសន្តិវិធី ជប៉ុននឹងនៅតែបន្តកិច្ចខិតខំប្រឹងប្រែងការទូតទាំងនេះ ព្រោះវាមានសារៈសំខាន់ណាស់ក្នុងការពង្រឹងមូលដ្ឋានរួម ដែលមានអាមេរិកនិងជប៉ុនជាសម្ព័ន្ធមិត្ត។
ប្រទេសចិន រមែងចាត់ទុកតៃវ៉ាន់ជាដែនអធិបតេយ្យភាពរបស់ខ្លួន ហើយរដ្ឋាភិបាលក្រុងប៉េកាំងក៏មិនបានច្រានចោលនូវការប្រើប្រាស់កងកម្លាំង ដើម្បីយកដែនកោះមួយនេះទៅគ្រប់គ្រងវិញនោះឡើយ។
អាមេរិកមិនធ្លាប់មានកិច្ចព្រមព្រៀងផ្លូវការណាមួយ ដើម្បីការពារតៃវ៉ាន់នោះទេ ប៉ុន្តែមានការកំណត់ច្បាប់ ដែលអនុញ្ញាតឲ្យអាមេរិកអាចផ្ដល់ជាមធ្យោបាយការពារខ្លួនឲ្យតៃវ៉ាន់បាន។ ប្រការនេះហើយទើបលោក ដូណាល់ ត្រាំ បានសម្ដែងការមិនពេញចិត្ត ហើយនិយាយថា តៃវ៉ាន់មិនបានផ្ដល់អ្វីត្រឡប់មកឲ្យអាមេរិកជាការតបស្នងវិញទេ។
សូមបញ្ជាក់ថា លោក J.D Vance សមាជិកព្រឹទ្ធសភាអាមេរិក និងជាសមាជិកបក្សសាធារណរដ្ឋរបស់លោក ត្រាំ ធ្លាប់បានបង្ហើបកាលពីសប្ដាហ៍មុនថា គោលនយោបាយបក្សរបស់លោកនៅឥណ្ឌូប៉ាស៊ីហ្វិក ផ្ដោតសំខាន់លើប្រទេសចិន ដែលជា “ការគំរាមកំហែងដ៏ធំបំផុត” របស់សហរដ្ឋអាមេរិក។ ចំណែកលោក ត្រាំ កាលពីដើមឆ្នាំ២០២៤ បានប្រកាសថា បើលោកជាប់ឆ្នោត នោះវានឹងអាចមានសង្គ្រាមពាណិជ្ជកម្មមួយទៀតរវាងចិន និងអាមេរិក បន្ទាប់ពីលោកបានគំរាមដំឡើងពន្ធចំនួន៦០% លើការនាំចូលផលិតផលចិន៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?