Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

បានផុស

នៅ

ឡើងកាន់តំណែងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ លោក ដូណាល់ ត្រាំ ស្រាប់តែធ្វើរឿងភ្ញាក់ផ្អើលជាច្រើន ហើយកាលពីថ្ងៃពុធទី២២ខែមករាឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិករូបនេះ បានបង្ហោះសារនៅក្នុងបណ្តាញសង្គម Truth Social ដោយផ្តាំទៅមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ថា សូមបញ្ឈប់សង្គ្រាមគួរឲ្យអស់សំណើចនេះទៅ! លោកស្រឡាញ់ប្រជាជនរុស្ស៊ី និងមិនចង់ធ្វើឲ្យរុស្ស៊ីឈឺចាប់ឡើយ! ល្មមដល់ពេលត្រូវចរចាគ្នាហើយ។ យើងអាចប្រើធម៌ក្តៅក៏បាន ធម៌ត្រជាក់ក៏បាន ប៉ុន្តែធម៌ត្រជាក់វាស្រួលជាង។ នេះបើតាមការចុះផ្សាយរបស់ RT។ 

លោក ត្រាំ (ឆ្វេង) និងលោក ពូទីន (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន គឺជាអាទិភាពកំពូលមួយក្នុងអំឡុងយុទ្ធនាការរកសំឡេងឆ្នោត ដោយអ្នកសាធារណរដ្ឋរូបនេះ ឃោសនាថា លោកនឹងបញ្ចប់សង្គ្រាមត្រឹមរយៈពេល២៤ម៉ោងប៉ុណ្ណោះ ដ្បិតតែអ្នកជំនាញអន្តរជាតិសឹងតែមួយពិភពលោក ហ៊ានអះអាងថា មិនអាចទៅរួចក៏ដោយ។

យ៉ាងណា ឥឡូវលោក ត្រាំ បានបង្ហោះសារថា «យើងមិនត្រូវភ្លេចទេ រុស្ស៊ីបានជួយយើងឲ្យឈ្នះសង្រ្គាមលោកលើកទីពីរ ដោយបាត់បង់ជីវិតមនុស្សជិត ៦០ ០០០ ០០០នាក់។ អ្វីដែលត្រូវនិយាយគឺ ខ្ញុំនឹងដោះស្រាយជាមួយរុស្ស៊ី ដែលកំពុងមានសេដ្ឋកិច្ចធ្លាក់ចុះ ហើយលោកប្រធានាធិបតីពូទីន! សូមដោះស្រាយឥឡូវនេះទៅ! បញ្ឈប់សង្គ្រាមដ៏គួរឲ្យអស់សំណើចនេះ ព្រោះថា វាមិនល្អឡើយ មានតែកាន់តែអាក្រក់ទៅៗប៉ុណ្ណោះ»។

មិនត្រឹមប៉ុណ្ណឹងលោក ត្រាំ ព្រមានទីក្រុងមូស្គូថា «ចង់បានធម៌ក្តៅក៏បានឬធម៌ត្រជាក់ក៏បាន ប៉ុន្តែធម៌ត្រជាក់ច្បាស់ជាល្អជាងហើយ»។

លោក ត្រាំ (រូបថត៖ Getty)

ស្របពេលជាមួយគ្នានោះ លោក ត្រាំ ក៏គំរាមដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី​ដែរ បើ​លោក ពូទីន មិន​ព្រម​ចូល​តុចរចា ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនទេនោះ។

ដោយដៀមដាមទៅរដ្ឋាភិបាលផុតអាណត្តិ ដឹកនាំដោយអ្នកប្រជាធិបតេយ្យ ចូ បៃដិន, លោក ត្រាំ ​លើក​ឡើងថា «សង្រ្គាមមិនគួរចាប់ផ្តើមទេ។ បើអ្នកមានប្រធានាធិបតីដែលមានសមត្ថភាព សង្រ្គាមនឹងមិនកើតឡើង​ឡើយ។ បើ​ពេល​នោះខ្ញុំ​ជា​ប្រធានាធិបតី សង្គ្រាម​នៅ​អ៊ុយក្រែន​មិន​អាច​កើត​ឡើងដាច់ខាត»។

ទោះបែបនេះក្តី មេ​ដឹក​នាំ​ថ្មី​របស់​អាមេរិក​រូប​នេះ មិនបានផ្តល់ព័ត៌មានលម្អិតអំពីការដាក់ទណ្ឌកម្មបន្ថែមដែលអាចកើតមាននោះទេ ប៉ុន្តែកន្លង​មក ​អាមេរិក​ធ្លាប់​បាន​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​យ៉ាង​ខ្លាំង​រួច​ហើយ​ចំពោះ​ការវាយលុក​អ៊ុយក្រែន​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​២០២២៕

អត្ថបទ៖ សុវណ្ណ

ចុចអាន៖ ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម