Connect with us

ព័ត៌មានអន្ដរជាតិ

UN៖ប្រជាជនមីយ៉ាន់ម៉ា​ជិត​២០​​​លាន​នាក់ត្រូវ​​ការ​ជំនួស​មនុស្ស​ធម៌​បន្ទាន់​

បានផុស

នៅ

អង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រជាជនមីយ៉ាន់ម៉ា​​ប្រមាណ​​១ភាគ៣​ កំពុងប្រឈមនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ ខណៈវិបត្តិដែលកំពុងបន្តបានធ្វើឱ្យមនុស្សជាង១៩.៩ លាននាក់ត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖​«នៅពេលដែលរបបយោធាបន្តបាត់បង់ទឹកដីទៅក្រុមតស៊ូប្រដាប់អាវុធ របប​យោធា​នេះបានសងសឹកដោយការរារាំងជំនួយ និងរឹតត្បិតការនាំជំនួយមនុស្សធម៌ចូល​ទៅកាន់​តំបន់​ទាំងនោះ បិទផ្លូវពាណិជ្ជកម្ម និងកំណត់គោលដៅលើបុគ្គលិកមនុស្សធម៌ ដែលបន្ថែមនូវវិបត្តិស្បៀងអាហារដ៏ធ្ងន់ធ្ងរដែលកំពុងមានស្រាប់ឲ្យកាន់តែអាក្រក់ទៅ»។

សេចក្តីថ្លែងការណ៍ បានឱ្យដឹងថា ការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកងកម្លាំងយោធា និងក្រុមតស៊ូបានប៉ះពាល់ដល់៩៦%នៃទីប្រជុំជនរបស់ប្រទេសមីយ៉ាន់ម៉ា ដោយធ្វើឱ្យសេដ្ឋកិច្ច និងកសិកម្មធ្លាក់ចុះ។ ការព្យាករណ៍រំពឹងថា នៅឆ្នាំ ២០២៥ តម្លៃអាហារសំខាន់ រួមទាំងអង្ករ សណ្តែក ប្រេង និងអំបិល ត្រូវបានគេរំពឹងថា នឹងកើនឡើង ៣០% បើធៀបនឹងឆ្នាំមុន។

(រូបភាព៖ Reuters)

លើសពីនេះ ការផ្អាកជំនួយបរទេសនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក ​មិនត្រឹមតែ​​​​បន្ថែម​ការ​គំរាមកំហែងដល់វិបត្តិនៅក្នុងប្រទេស​មីយ៉ាន់ម៉ា ប៉ុន្តែ​​ថែមទាំងនៅក្នុងប្រទេសជិតខាងដែលទទួលជនភៀសខ្លួនមីយ៉ាន់ម៉ាផងដែរ។ ស្ថានភាពនៅក្នុងរដ្ឋរ៉ាឃីន ដែលជាជម្រករបស់ជនជាតិរ៉ូហ៊ីងយ៉ា និងជនជាតិភាគតិចផ្សេងទៀត គឺមានសភាពធ្ងន់ធ្ងរ ជាពិសេសមនុស្ស២លាននាក់ប្រឈមនឹងគ្រោះទុរ្ភិក្ស។

អ្នកជំនាញ​បានកត់សម្គាល់ថា ស្ត្រី និងកុមារ ជាពិសេសនៅក្នុងជំរុំភៀសខ្លួន កំពុងប្រឈមមុខនឹងបញ្ហាអសន្តិសុខស្បៀង​អាហារនេះ ដោយកុមារប្រឈមនឹងអត្រាមរណភាពខ្ពស់ពីជំងឺដែលអាចការពារបាន។ ពួកគេបានអំពាវនាវឱ្យមេដឹកនាំអន្តរជាតិផ្តល់អាទិភាពដល់ជំនួយមនុស្សធម៌ និងធ្វើការជាមួយអង្គការក្នុងស្រុក ដើម្បីធានាបាននូវជំនួយសង្គ្រោះជីវិតទៅដល់អ្នករងគ្រោះទាំងអស់។

ជាមួយគ្នានេះ អង្គការសហប្រជាជាតិបានជំរុញឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហគមន៍ពិភពលោកគាំទ្រជំនួយឆ្លងព្រំដែន និងផ្តល់ជម្រកដល់ជនភៀសខ្លួនពីអំពើហិង្សា៕

(រូបភាព៖ IRIN)
(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម