ព័ត៌មានអន្ដរជាតិ
ស្លាប់៥និងរបួសជាង៥០នាក់ក្នុងក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងរថយន្តដឹកសិស្សនៅប៉ាគីស្ថាន
ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតលើរថយន្តក្រុងដឹកសិស្សសាលារៀននៅទីក្រុង Khuzdar ភាគនិរតីនៃប្រទេសប៉ាគីស្ថាន សម្លាប់មនុស្សចំនួន ៥នាក់ក្នុងនោះមានក្មេងស្រី៣នាក់ និងរងរបួសចំនួន៥៣នាក់ដែលភាគច្រើនជាកុមារ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២២ខែឧសភានេះ។

ការបំផ្ទុះដ៏សាហាវនេះ បានកើតឡើង ខណៈពេលដែលរថយន្តក្រុងដឹកសិស្សទៅកាន់សាលារៀន នៅក្នុងខេត្ត Balochistan ដែលជាតំបន់ដែលញាំញីដោយអំពើហិង្សារបស់ពួកផ្តាច់ខ្លួនជាយូរមកហើយ។
ទោះបីជាមិនមានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវភ្លាមៗក៏ដោយ ការសង្ស័យត្រូវបានភ្ជាប់ទៅលើក្រុមផ្តាច់ខ្លួនជនជាតិភាគតិច Baloch ជាពិសេសកងទ័ពរំដោះ Balochistan (BLA) ដែលមានប្រវត្តិវាយប្រហារបុគ្គលិកសន្តិសុខ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្ត ខណៈសហរដ្ឋអាមេរិកបានកំណត់ក្រុមនេះជាអង្គការភេរវករនៅឆ្នាំ២០១៩ ។
រដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថាន លោក Mohsin Naqvi បានថ្កោលទោសការវាយប្រហារនេះថា ជាទង្វើដ៏ព្រៃផ្សៃ ខណៈដែលនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif និងយោធាប៉ាគីស្ថាន បានស្តីបន្ទោសឥណ្ឌា ចំពោះការចោទប្រកាន់ថា ប៉ាគីស្ថានបានគាំទ្រក្រុមសកម្មប្រយុទ្ធនៅក្នុងខេត្ត Balochistan។ ការចោទប្រកាន់ទាំងនេះ ឥណ្ឌាមិនបានឆ្លើយតបយ៉ាងណានោះទេ។

ខេត្ត Balochistan ថ្វីត្បិតតែជាខេត្តធំជាងគេរបស់ប្រទេសប៉ាគីស្ថានក៏ដោយ ប៉ុន្តែមានចំនួនប្រជាជនតិច និងមានសេដ្ឋកិច្ចទន់ខ្សោយជាងគេ។ ប្រជាជនជនជាតិភាគតិច Baloch បានចោទប្រកាន់រដ្ឋាភិបាលជាយូរមកហើយថា មានការរើសអើង និងការកេងប្រវ័ញ្ចធនធានក្នុងស្រុក។ ខណៈពេលដែលការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធមិនមែនជារឿងចម្លែកនោះទេ តែការផ្តោតទៅលើសិស្សសាលាគឺជារឿងដ៏កម្រ។
ការវាយប្រហារចុងក្រោយនេះក៏កើតឡើង ចំពេលមានការព្រមានកើនឡើងពី BLA ដែលថ្មីៗនេះបានប្តេជ្ញាថានឹងបង្កើនប្រតិបត្តិការប្រឆាំងនឹងយោធាប៉ាគីស្ថាន។ ក្រុមនេះអះអាងថា គោលដៅរបស់ខ្លួនគឺខេត្ត Balochistan ដើម្បីទាមទារឯករាជ្យ និងសន្តិភាព ទោះបីជាយុទ្ធសាស្ត្រហិង្សារបស់ខ្លួនបានទាក់ទាញការថ្កោលទោសយ៉ាងទូលំទូលាយក៏ដោយ៕


អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


