Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី៖ ជំនួយដែលរដ្ឋបាលអាមេរិកចាស់ សន្យាជួយអ៊ុយក្រែន បែរជា ត្រាំ យកទៅជួយនៅមជ្ឈិមបូព៌ាទៅវិញ

បានផុស

នៅ

ក្នុងបទសម្ភាសជាមួយ ABC News ផ្សាយកាលពីថ្ងៃអាទិត្យទី៨ខែមិថុនាឆ្នាំ២០២៥ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ហាក់មិនសប្បាយចិត្តចំពោះសហរដ្ឋអាមេរិក ដោយនិយាយថា ជំនួយដែលអតីតរដ្ឋបាលលោក ​ចូ បៃដិន សន្យាជួយខ្លួន បែរជាត្រូវលោក ដូណាល់ ត្រាំ បង្វែរបញ្ជូនទៅតំបន់មជ្ឈិមបូព៌ាទៅវិញ។

ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសម្តីលោកហ្សេលេនស្គី, ជំនួយភាគច្រើន ជាពិសេសមីស៊ីលប្រឆាំងដ្រូនរយៈចម្ងាយឆ្ងាយដែលអ៊ុយក្រែនត្រូវការចាំបាច់ដើម្បីទប់ទល់ជាមួយរុស្ស៊ី បែរជាត្រូវលោកត្រាំបញ្ជូនទៅមជ្ឈិមបូព៌ា ទាំងដែលជំនួយទាំងនោះ ត្រូវរដ្ឋបាលទីក្រុងវ៉ាស៊ីនតោនចាស់ សន្យាផ្តល់ឲ្យទីក្រុងកៀវសោះ។ បើគ្មានមីស៊ីលប្រភេទនេះទេ អ៊ុយក្រែន ពិបាកតទល់ជាមួយដ្រូន Shahed របស់រុស្ស៊ីណាស់។

ឆ្លើយតបសំណួរពិធីករ ABC News, លោកហ្សេលេនស្គីលើកឡើងថា «អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin បានសន្យាចេញពីមាត់គាត់ផ្ទាល់ថា នឹងជួយមីស៊ីលប្រឆាំងដ្រូនបំពាក់ជាមួយបច្ចេកវិទ្យាពិសេសចំនួន ២០ ០០០គ្រាប់មកឲ្យអ៊ុយក្រែន ប៉ុន្តែព្រឹកនេះរដ្ឋមន្ត្រីរបស់ខ្ញុំប្រាប់ខ្ញុំថា អាមេរិក ប​ញ្ជូនមីស៊ីលទាំងនោះទៅតំបន់មជ្ឈិមបូព៌ាអស់ហើយ។ បើគ្មានជំនួយអាមេរិក រុស្ស៊ីនឹងឈ្នះសង្គ្រាម»។

នៅអាណត្តិទី២នេះ រដ្ឋបាលលោក ត្រាំ កាន់តែដកខ្លួនចេញពីការជួយអ៊ុយក្រែន ខុសពីជំនាន់លោក បៃដិន ដែលផ្តល់ជំនួយដល់ទីក្រុងកៀវយ៉ាងច្រើនលើសលប់។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ត្រាំ តែងបន្ទោស បៃដិន ថា ជាអ្នកបញ្ឆេះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយតែងលើកហេតុផលថា បើទីក្រុងកៀវ បោះបង់គំនិតចូលជាសមាជិកអង្គការណាតូនោះ រុស្ស៊ីក៏មិនបើកប្រតិបត្តិការសឹកដែរ និងថែមទាំងប្រកាសដដែលៗថា បើលោកជាប្រធានាធិបតីអាមេរិក សង្គ្រាមច្បាស់ជាមិនផ្ទុះឡើងឡើយ។

ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិកខែវិច្ឆិកាឆ្នាំ២០២៤ ត្រាំ អួតក្តែងៗថា នឹថបញ្ចប់ជម្លោះត្រឹម២៤ម៉ោងប៉ុណ្ណោះបើឈ្នះឆ្នោត ប៉ុន្តែមកទល់ពេលនេះ នៅតែមិនទាន់ធ្វើអ្វីបាន។

យ៉ាងណា សម្រាប់ការវិវឌ្ឍចុងក្រោយបំផុត លោកត្រាំ ត្រូវគេមើលឃើញថា ប្រហែលជាដោះដៃឈប់ធ្វើជាអ្នកសម្របសម្រួលរកសន្តិភាពឲ្យភាគីទាំងពីរទៀតហើយ ដោយសារតែព្រលយពាក្យថា រុស្ស៊ី-អ៊ុយក្រែន ប្រៀបដូចជាក្មេងដែលកំពុងឈ្លោះគ្នា។ ដូច្នេះទុកឲ្យក្មេងៗឈ្លោះគ្នាសិនទៅ សឹមបំបែក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រធានាធិបតីកូរ៉េខាងត្បូងបន្ទោស ហ្សេលេនស្គី ថា មិនចេះនយោបាយ ចូលចិត្តតែធ្វើឲ្យពូទីន ខឹង 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម