Connect with us

ព័ត៌មានអន្ដរជាតិ

ត្រឹមមួយខែ ថៃ កើតគ្រោះអគ្គិភ័យសាហាវៗ ច្រើនលើកនឹកស្មានមិនដល់

បានផុស

នៅ

រយៈពេលត្រឹមមួយខែប៉ុណ្ណោះ ប្រទេសថៃបានជួបគ្រោះអគ្គិភ័យសាហាវៗជាញឹកញាប់ ក្នុងកម្រិតដែលមិនធ្លាប់ជួបប្រទះពីមុនមកសោះ។

(រូបថត៖ Khaosod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមទិន្នន័យដែលចងក្រងចាប់ពីថ្ងៃទី១៥ខែសីហាដល់ថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៥ ប្រទេសថៃកើតមានអគ្គិភ័យសាហាវៗចំនួន៨លើក ដែលនេះជាអត្រាអគ្គិភ័យយ៉ាងច្រើនក្នុងកម្រិតមិននឹកស្មានដល់។

1. ថ្ងៃទី១៥ខែសីហា៖ ឆេះបារ៍

      អគ្គិភ័យយ៉ាងសន្ធោសន្ធៅបានឆាបឆេះបារ៍ដ៏ល្បីមួយ ក្នុងផ្សារ Sombat Buri នៃស្រុក Bang Bua Thong ខេត្ត Nonthaburi ដោយបង្កឱ្យមានភាពចលាចលខណៈតួលេខជនរងគ្រោះនិងទំហំការខូចខាតមិនត្រូវបានបង្ហាញទេ។

      2. ថ្ងៃទី១៨ខែសីហា៖ ឆេះវត្ត

      អគ្គិភ័យដ៏រន្ធត់បានលេបត្របាក់វិហារមួយស្ទើរទាំងស្រុង ក្នុងវត្ត Pa Phai ដែលជាវត្តដ៏ល្បីល្បាញនៅស្រុក Mae Rim ខេត្ត ឈៀងម៉ៃ នាវេលាទៀបភ្លឺថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។ ប៉ូលិសសង្ស័យ​ថា អគ្គិភ័យ​នេះ​អាច​បណ្តាល​មក​ពី​ទុស្សេ​ខ្សែភ្លើង ឬ​បណ្ដាលមកពីធូប និង​ទៀន​ដែល​ឆេះ​សល់​ក្នុង​ពិធី​បុណ្យ​ពុទ្ធសាសនា។ យ៉ាងណាមិនមានមនុស្សស្លាប់ទេ។

      3. ថ្ងៃទី១៨ខែសីហា៖ ឆេះហាងក្នុងផ្សារ

      អគ្គិភ័យបានឆាបឆេះហាងលក់ទំនិញដ៏ពេញនិយមមួយកន្លែងក្នុងផ្សារ Pratunam នៃទីក្រុងបាងកក។ អគ្គិភ័យនោះកើតចេញពីជាន់ទី៣ ប៉ុន្តែមិនបណ្តាលឲ្យមនុស្សម្នាក់ណារងរបួសទេ។

      4. ថ្ងៃទី២៧ខែសីហា៖ ឆេះអគារពាណិជ្ជកម្ម

      អគ្គិភ័យយ៉ាងសន្ធោសន្ធៅ បានឆាបឆេះអគារកម្ពស់៣ជាន់មួយក្នុងខ័ណ្ឌ Khlong San កណ្តាលក្រុងបាងកក ធ្វើឲ្យអ្នកនៅក្នុងនោះ រត់ចែកជើងគ្នា។ សាក្សីនៅកន្លែងកើតហេតុប្រាប់ថា ពួកគេឃើញភ្លើងឆេះចេញពីជាន់ទី៣ ខណៈអាជ្ញាធរដាក់ការសង្ស័យទៅលើការទុស្សេខ្សែភ្លើង ជាដើមចមបង្កអគ្គិភ័យ។

      5. ថ្ងៃទី១៣ខែកញ្ញា៖ ឆេះផ្សារ

      អណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅលាយឡំជាមួយផ្សែងខ្មៅខ្មួលខ្មាញ់ ធ្វើឲ្យមនុស្សភ័យឆោឡោ ក្នុងហេតុការណ៍ឆេះផ្សារដ៏ល្បីមួយនៅប្រទេសថៃ។ ផ្សារ Pahurat ក្នុងខ័ណ្ឌ Phra Nakhon នៃទីក្រុងបាងកក ត្រូវអគ្គិភ័យឆាបឆេះ នាវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ទី១៣ខែកញ្ញាឆ្នាំ២០២៥ ខណៈអាជ្ញាធរបញ្ជាក់ថា មូលហេតុគឺបណ្តាលមកពី ទុស្សេខ្សែភ្លើង។

      6. ថ្ងៃទី១៣ខែកញ្ញា៖ ឆេះ​រោងចក្រ​កែច្នៃ​ប្លាស្ទិក

      នៅថ្ងៃដដែលនេះ អគ្គិភ័យដ៏ធំ បានឆាបឆេះនៅរោងចក្រកែច្នៃផ្លាស្ទិក​មួយ​កន្លែង​ក្នុងតំបន់ Map Ta Phut នៃខេត្តរ៉ាក់យ៉ង​ បន្ទាប់ពីមានការផ្ទុះយ៉ាងខ្លាំងដែលបានបញ្ចេញផ្សែងខ្មៅយ៉ាងក្រាស់ទៅលើមេឃ។ អគ្គិភ័យកើតឡើងនៅវេលាម៉ោង៦ និង៣០នាទីព្រឹក ខាងក្នុងឃ្លាំងផ្ទុកទៅដោយសម្ភារប្លាស្ទិក ដោយ​ឆាបឆេះរយៈពេលជាង៣ម៉ោង មុនពេល ក្រុមពន្លត់អគ្គិភ័យមកពន្លត់ និង​ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់​ចំនួន ១២គ្រឿង។ រោងចក្រ​នេះ​ ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង ប៉ុន្តែ​មន្ត្រី​​និយាយ​ថា​ មិន​មាន​អ្នក​រង​របួស​នោះ​ទេ​។

      7. ថ្ងៃទី១៤ខែកញ្ញា៖ ឆេះ​ទូកទេសចរណ៍

      ទូកទេសចរណ៍ច្រើនគ្រឿងបានឆាបឆេះបណ្តាក់គ្នានៅទន្លេ ចៅប្រាយ៉ា ប៉ុន្តែមិនមានការបញ្ជាក់ពីតួលេខមនុស្សស្លាប់ឬរបួសទេ។ ហេតុការណ៍ដំបូងកើតឡើងនាវេលាម៉ោង៦:៤៣នាទីល្ងាចថ្ងៃអាទិត្យទី១៤ខែកញ្ញាឆ្នាំ២០២៥ ដោយអគ្គិភ័យបានឆាបឆេះទូកមួយគ្រឿង ជិតផែវត្ត Ratchasingkhon ក្នុងសង្កាត់ Phraya Krai ​នៃខ័ណ្ឌ Bang Kho Laem ទីក្រុងបាងកក។ ៤នាទីក្រោយមក ទូក២គ្រឿងទៀត ត្រូវភ្លើងឆេះនៅចំណុចដដែល ប៉ុន្តែត្រូវក្រុមពន្លត់អគ្គិភ័យ គ្រប់គ្រងស្ថានការណ៍បាន។

      8. ថ្ងៃទី១៥ខែកញ្ញា៖ ឆេះរោងចក្រគីមី

      អគ្គិភ័យដ៏សន្ធោសន្ធៅបានឆាបឆេះរោងចក្រគ្រប់គ្រង​កាក​សំណល់​គីមី​ក្នុងតំបន់ Soi Samae Dam 17 សង្កាត់ Samae Dam ខណ្ឌ Bang Khun Thian ទីក្រុងបាងកក ដោយបានបញ្ចេញផ្សែងខ្មៅក្រាស់ទៅលើអាកាស។ អគ្គិភ័យដ៏សាហាវនេះ ត្រូវបានគេរាយការណ៍ នៅវេលាម៉ោង ៦ និង៣៥នាទីព្រឹក ចាប់ផ្តើមឆេះចេញពីក្នុងបន្ទប់មួយមានផ្ទុកសារធាតុម៉ាញេស្យូម និងអាស៊ីតស៊ុលហ្វួរីក ដែលជាសារធាតុមិនអាចពន្លត់ជាមួយទឹកបានទេ។ យ៉ាងណាមិនមានមនុស្សស្លាប់ឬរបួសទេ៕

      អត្ថបទ៖ សុខ សុវណ្ណ

      ចុចអាន៖ អគ្គិភ័យ​យ៉ាងសន្ធោសន្ធៅឆាបឆេះរោងចក្រ​គីមី ដែលមិនអាចប្រើទឹកពន្លត់បាននៅ​បាងកក

      Helistar Cambodia - Helicopter Charter Services
      Sokimex Investment Group
      Sokha Hotels

      ព័ត៌មានពេញនិយម