Connect with us

ព័ត៌មានអន្ដរជាតិ

លោក Anwar Ibrahim ជំរុញឲ្យថៃ ចូលតុចរចា ដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ទី១៨ខែកញ្ញា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ានឆ្នាំ២០២៥ លោក Anwar Ibrahim បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul ដោយក្នុងនោះ លោក Anwar បានជំរុញឲ្យភាគីថៃ ដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា ដោយសន្តិវិធី និងនាំយកបញ្ហាទៅកាន់តុចរចា។

(រូបថត៖ Facebook)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈការបង្ហោះលើបណ្តាញសង្គម Facebook របស់លោក Anwar, នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះសរសេរថា លោកនិងនាយករដ្ឋមន្ត្រីថៃ បានពិភាក្សាគ្នាអំពីការវិវត្តចុងក្រោយនៅតាមបណ្តោយព្រំដែនថៃ-កម្ពុជា។ លោកអំពាវនាវឲ្យភាគីទាំងពីរ រក្សាសន្តិភាពនិងចៀសវាងបង្កភាពតានតឹងដែលមិនចាំបាច់។

ទន្ទឹមនោះ លោក Anwar ក៏អំពាវនាវផងដែរឲ្យយកបញ្ហាដែលកើតឡើង ទៅដោះស្រាយនៅតុចរចា តាមរយៈកិច្ចប្រជុំគណៈកម្មាធិការព្រំដែនរួម (JBC )។

យ៉ាងណា លោក Anwar ក៏បានអញ្ជើញនាយករដ្ឋមន្ត្រីថៃ ឲ្យធ្វើទស្សនកិច្ចម៉ាឡេស៊ីផងដែរ ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរដែលជាអ្នកជិតខាងនឹងគ្នា។

សូមជម្រាបថា ភាពតានតឹងចុងក្រោយរវាងកម្ពុជានិងថៃ កើតឡើងបន្ទាប់ពីទាហានថៃ បើកការឈ្លានពានជាថ្មី ឈានដល់ការប្រើអំពើហិង្សានិងប្រព្រឹត្តទង្វើដ៏សាហាវព្រៃផ្សៃមកលើព​លរដ្ឋកម្ពុជានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ទាហានថៃបានបាញ់គ្រាប់កាំភ្លើងជ័រនិងប្រើឧស្ម័នបង្ហូរទឹកភ្នែកមកលើពលរដ្ឋកម្ពុជា ជាពិសេសព្រះសង្ឃនិងស្រ្តី បណ្តាលឲ្យរបួស២៩អង្គ-នាក់។

ជុំវិញបញ្ហានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ស្នើទៅប្រធានអាស៊ាន ឲ្យអន្តរាគមន៍បន្ទាន់ ដើម្បីបន្ធូរភាពតានតឹងរវាងកងកម្លាំងប្រដាប់អាវុធថៃ ជាមួយពលរដ្ឋកម្ពុជា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រធានអាស៊ាន ជជែកអំពីជម្លោះព្រំដែន«កម្ពុជា-ថៃ»ជាមួយប្រធានាធិបតីហ្វីលីពីនដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម