Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​ជំទាស់​ការដាក់​ទណ្ឌកម្ម​ឡើងវិញ​របស់​អង្គការសហប្រជាជាតិ​លើ​អ៊ីរ៉ង់

បានផុស

នៅ

រុស្ស៊ីមិនទទួលស្គាល់ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិឡើងវិញលើប្រទេសអ៊ីរ៉ង់ទេ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​ឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzia កាលពីថ្ងៃពុធ​ទី​១​ខែតុលា​ឆ្នាំ​២០២៥ ដោយព្រមានថា វិធានការនេះអាចបង្កើនភាពតានតឹងនៅមជ្ឈិមបូព៌ា។

លោក Vasily Nebenzia (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មអាវុធឡើងវិញ និងវិធានការមួយចំនួនទៀតប្រឆាំងនឹងទីក្រុងតេហេរ៉ង់កាលពីថ្ងៃសៅរ៍​សប្ដាហ៍​មុន បន្ទាប់ពីចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់​ ចោទប្រកាន់ថា អ៊ីរ៉ង់បានរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ​២០១៥។ កិច្ចព្រមព្រៀង​ដែល​ចុះ​ហត្ថលេខា​ដោយ​អ៊ីរ៉ង់ និង​មហាអំណាច​ពិភពលោក​ចំនួន៦ ដូចជា សហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង និងអាល្លឺម៉ង់ មាន​គោលដៅ​រារាំង​ក្រុង​តេហេរ៉ង់​ពី​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ។ យ៉ាង​ណា​មិញ កន្លង​មក អ៊ីរ៉ង់តែង​ប្រកែក​ថា ខ្លួន​មិនស្វែងរក​ការ​ផលិត​អាវុធ​ប្រល័យ​លោក​ឡើយ។

លោក Nebenzia បានប្រាប់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន «បានបោះបង់​ដំណោះស្រាយការទូត» ដោយបន្ត«នីតិវិធីខុសច្បាប់» ខណៈពេលដែលមិនអើពើនឹងសំណើរបស់រុស្ស៊ី និងចិនដើម្បីពង្រីកដំណោះស្រាយ និង​អនុញ្ញាត​ឲ្យ​មានកិច្ចពិភាក្សាបន្ថែមទៀត។

កាលពីសប្តាហ៍មុន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានច្រានចោលកិច្ចខិតខំប្រឹងប្រែងនៅនាទីចុងក្រោយ ដែលគាំទ្រដោយ រុស្ស៊ី និង ចិន ក្នុងការពន្យារពេល​៦​ខែនៃការដាក់ទណ្ឌកម្មឡើងវិញលើអ៊ីរ៉ង់។

ការដាក់​ទណ្ឌកម្ម​ឡើង​វិញ​ មានន័យថា អ៊ីរ៉ង់ប្រឈមមុខនឹងការហាមឃាត់ជាថ្មីលើការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម សកម្មភាពមីស៊ីល​បាលិស្ទិក និងការនាំចូល ឬនាំចេញអាវុធ។ មន្ត្រី និងអង្គភាពជាច្រើនរបស់អ៊ីរ៉ង់ ក៏ទទួលរងការហាមឃាត់ការធ្វើដំណើរជាថ្មី និងការបង្កកទ្រព្យសម្បត្តិផងដែរ។

លោក Nebenzia បានព្រមានថា វិធានការនេះអាចបង្ក​ឲ្យ​មានអស្ថិរភាពបន្ថែមទៀត បន្ទាប់ពីការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីខែមិថុនា៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម