Connect with us

ព័ត៌មានអន្ដរជាតិ

​​​​[វិចារណកថា​​] ល្បិច​​​ថៃ​​ខ្ចីដៃ​សារព័ត៌មាន​បស្ចឹមប្រទេស ត្រូវបកអាក្រាត​

បានផុស

នៅ

រដ្ឋាភិបាលថៃ​​​របស់​លោក ​អានុទីន ចានវីរៈគុល (Anutin Charnvirakul) ដែល​ទើប​​​​ចូល​​​អង្គុយ​​​កៅអី​​នាយករដ្ឋមន្ត្រី​​មិន​ទាំង​​ក្តៅ​គូថ​បាន​​ប៉ុន្មានថ្ងៃ​​​ផង​ បាន​​​បង្កកំហុស​ការទូត​​ដ៏​ធំ​មួយ ដោយ​ការបោះព័ត៌មានមិន​ប្រឌិត​ ​ទៅឲ្យ​​​សារព័ត៌មាន​​​​ New York Times ​មាន​មូលដ្ឋាន​នៅសហរដ្ឋអាមេរិក វាយ​ប្រហារ​​​​​បង្ខូច​​កិត្តិយស​​​រដ្ឋាភិបាលចិន និង​ចេតនា​ទាញ​កម្ពុជា​​​ឲ្យចូលក្នុងក្រសែ​ភ្នែក​​បស្ចឹមប្រទេស​ក្នុង​ផ្លូវអវិជ្ជមាន​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​​បង្ក​កំហុស​​​​​​​​​​ដោយ​​រដ្ឋាភិបាលថៃ​ដោយ​ឲ្យ​ភ្នាក់ងារ​ចារកម្ម​​យោធាថៃ​​​ជា​អ្នក​ផ្តល់​ព័ត៌មាន​ទៅ​​សារ​ព័ត៌មានអាមេរិក​ ជុំវិញរឿងចោទ​ប្រកាន់​ថា​ «ចិន​​​ផ្គត់ផ្គង់អាវុធ​​ឲ្យ​កម្ពុជា​​សម្រាប់​ការ​ប្រយុទ្ធ​ជាមួយថៃ»​ គឺ​ជា​បង្កើតនូវ​ភាពល្អក់​កករ​ផ្នែក​ការទូត​ដ៏​អាប់អួ​ជាមួយ​ប្រទេសចិន​ដ៏​មាន​ឥទ្ធិពល​​នាពេលបច្ចុប្បន្ន។ ព័ត៌មាន​ដែល​ផ្សាយ​នៅ​​​​​ New York Times​ បាន​លើក​ឡើង​ថា​ ចិន​​បាន​​ដឹក​អាវុធ​​និង​សម្ភារយោធា​ជាច្រើន​​ប្រភេទ និង​ច្រើន​យន្តហោះ​​ទៅកាន់​​ព្រលានយន្តហោះ​ខេត្តព្រះសីហនុ ឲ្យ​កម្ពុជា​​សម្រាប់​ជម្លោះ​​​ជាមួយថៃ​នោះ។

​​​​​ដោយ​ទ្រាំ​​ការ​ប្រឌិតព័ត៌មាន​នោះ​មិនបាន ស្ថានទូត​ចិន​នៅ​ទីក្រុងបាងកក បាន​ចេញ​ប្រតិកម្ម​​បដិសេធ​ ចំពោះ​ព័ត៌មាន​​នោះ​ ក្រោយ​ការ​ផ្ទុះ​ត្រឹមតែ​​២ថ្ងៃ គឺ​នៅបន្ទាប់​ពី​​​ការ​ចេញ​ផ្សាយ​របស់​​សារ​ព័ត៌មាន​ New York Times ​របស់សហរដ្ឋអាមេរិកដែល​​​​អះអាងថា «បាន​ទទួល​​ឯកសារ​ចារកម្ម​យោធាថៃ» ​ដែល​ថា «ចិន​បាន​ផ្គត់​ផ្គង់​​​ស​ព្វាវុធ​​»​ ដល់​កម្ពុជា​សម្រាប់ជម្លោះ​ជាមួយ​​​ថៃ​។ ​

បន្ទាប់​ពីការចេញផ្សាយ​​របស់​សារ​ព័ត៌មាន​ដ៏ល្បី​របស់​សហរដ្ឋអាមេរិក​នេះ ​សារ​ព័ត៌មាន​ក្នុងស្រុក​​​​របស់​ប្រទេសថៃ​ដែលត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​បាត់បង់មូលដ្ឋានគ្រឹះនៃការ​ផ្សាយ​ព័ត៌មាន​មិនពិត​ក្នុងជម្លោះ​ព្រំដែន​រវាង​ថៃ​និង​កម្ពុជា​ស្រាប់​ទៅហើយ​នោះ ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​​នោះ ដោយ​បន្ទរ​​ការ​ចោទ​ប្រកាន់​រដ្ឋាភិបាល​​ចិន តាម​ការ​ចេញផ្សាយ​​​បន្តនូវ​ព័ត៌មាន​​ដែលស្រង់​​ពី​​ New York Times។

​នៅ​មុន​ស្ថានទូតចិន​ប្រចាំទីក្រុង​បាង​កក​បាន​ចេញសេចក្តី​​ឆ្លើយ​បំភ្លឺ​នៅលើ​​​ទំព័រ​បណ្តាញសង្គម​ ​​រដ្ឋមន្ត្រី​​ក្រសួង​ការពារជាតិ​ថៃ លោក Natthapol Nakpanich ​​បាន​និយាយ​​សម្រាល​​ស្ថានការ​​​វិញ ដោយ​អះអាង​ថា ​​​ព័ត៌មាន​ដែល​មាន​ការ​ផ្សព្វផ្សាយ​​នោះ គឺ​ជា​ព័ត៌មាន​ចាស់​។

លោក Natthapol Nakpanich ត្រូវ​បាន​ស្រង់សម្តីដោយ​សារ​ព័តមានថៃ​ Khaosod English ដូច​បាន​និយាយ​ថា៖«​​ផ្អែក​តាម​​​ការ​ត្រួតពិនិត្យ​ជាមួយ​​អង្គភាព​ចារកម្ម បញ្ហា​​នេះ​​គឺ​ជា​ព័ត៌មានចាស់ និង​ជា​កំហុស​នៃ​កំណត់ត្រា​ក្នុងវិស័យសាធារណ»។

សំណួរ​នៅត្រង់ថា ហេតុដូចម្តេចបាន​ជា​អង្គភាព​ចារកម្ម​តែមួយ​របស់​ថៃ​​​ផលិត​​របាយការណ៍​ខុសគ្នា សម្រាប់​សារ​ព័ត៌មាន​ New York Times ​និង​ទៅ​រដ្ឋមន្ត្រី​​​​ក្រសួង​ការពារជាតិ?​ ​តើសារ​ព័ត៌មាន​ New York Times ​​ផ្សាយ​ខុស ឬ​ក៏​រដ្ឋមន្ត្រី​​​​ក្រសួង​ការពារជាតិ​ថៃ​និយាយ​ដើម្បី​​​​លាង​កំហុស?​

​ក្នុងការ​និយាយសម្រួល​​ស្ថានការណ៍​​នៅ​មុន​ទូត​ចិនចេញប្រតិកម្ម រដ្ឋមន្ត្រី​ការពារជាតិ​​ថៃ​ ​បាន​បញ្ជាក់ថា៖«​​​ខ្ញុំសូម​​​អះអាង​ថា ​ខ្ញុំ​បាន​ឆ្លើយ​បញ្ជាក់​​រួច​រាល់​ហើយ​ ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​​​​នៅដើមឆ្នាំ​២០២៥ ដែលថា ចិន​បាន​គាំទ្រ​​អាវុធ​ដល់​កម្ពុជា​​ ដែលនោះ​ជា​រឿង​ទំនាក់​ទំនង​ទ្វេភាគី​ ហើយ​ នៅពេលនោះ​ ថៃ​និងកម្ពុជា​មិន​ទាន់​មានជម្លោះទេ​»។

​​ក្រោយ​ការអះអាងរបស់​រដ្ឋមន្ត្រីការពារជាតិថៃដែលផ្សព្វផ្សាយ​ដោយ​សារ​ព័ត៌មានថៃនៅរសៀលថ្ងៃ​ទី​២ខែតុលា នៅ​យប់ថ្ងៃ​ដដែល ស្ថាន​ទូត​ចិន​​ប្រចាំ​ក្រុង​បាង​កក បាន​ចេញ​មក​បដិសេធ​​ជាផ្លូវការដែលធ្វើ​ឲ្យ​ការ​បញ្ចេញ​ព័ត៌មាន​របស់​ចារកម្ម​យោធា​ថៃ ក្លាយ​ជា​​​ រឿង​មិនពិត ខណៈ​សារ​ព័ត៌មានថៃ​ព្យាយាម​ផ្សព្វផ្សាយដដែលៗថា​ «យោធា​កម្ពុជា​មិនបដិសេធ​» ព័ត៌មាន​ដែលផ្សព្វផ្សាយនៅ​តាមបណ្តាញ​សារព័ត៌មាន​របស់​ New York Times​ នោះទេ។

​​សារ​​​ពី​ស្ថានទូត​​​នៃ​​សាធារណរដ្ឋ​ប្រជាមានិត​ចិន​​​ប្រចាំ​ទីក្រុង​បាងកក​ បាន​គូស​បញ្ជាក់​ច្បាស់ៗ​ថា ចិន​មិន​​បាន​បញ្ជូន​​​ឧបករណ៍​យោធា​ណាមួយ​ទៅកាន់់​កម្ពុជា​សម្រាប់​ការ​ប្រើប្រាស់​​ក្នុង​ការ​ប៉ះទង្គិច​​​ព្រំដែន​​ថៃ​-​កម្ពុជានោះទេ​។ សារឆ្លើយ​តបភ្លាម​ៗ​នេះ​​ហាក់​បាន​​​រំងាប់​​​​​​​នូវ​មហិច្ឆតា​ញុះញង់​​​ឲ្យ​មាន​អរិភាពកាន់តែ​​កើន​ឡើង​រវាង​​ប្រទេសកម្ពុជានិង​ថៃ​ដែល​កំពុង​អនុវត្ត​បទ​ឈប់បាញ់​ដ៏ផុសស្រួយ តាមឃ្លាំងមើល​ដោយ​​​ក្រុមអង្កេតការ​​​ណ៍បណ្តោះអាសន្ន​ (IOT) ​ដឹកនាំ​ដោយ​ម៉ាឡេស៊ី​នោះ។

​លើស​ពី​នេះ ការ​បញ្ចេញ​ព័ត៌មាន​មិនពិត​ទៅ​ឲ្យ​សារព័ត៌មានបស្ចឹមប្រទេសនេះ គឺ​ច្បាស់ណាស់​ថៃ​មានចេតនា​ឲ្យ​បស្ចឹមលោក​មើល​ទៅ​​រដ្ឋាភិបាល​ក្រុងប៉េកាំង​ក្នុង​ផ្លូវ​អវិជ្ជមាន ដែល​ងាយស្រួល​​ឲ្យ​​សហរដ្ឋ​អាមេរិក​​ពិចារណា​ឡើង​វិញ​ក្នុងការ​​ដក​ការសម្រេចចិត្ត​​​​​គាំទ្រ​ឲ្យ​មានការ​អនុវត្តបទ​ឈប់បាញ់​ពេញលេញ ដែល​បទ​ឈប់បាញ់នេះសម្រេច​បាន​​​ក្រោម​កិច្ចខិតខំ​របស់​ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក​ ដូណាល់ ត្រាំ ​តាមរយៈវិធានការ​គម្រាម​គាបសង្កត់​ដោយ​​វិធានការ​ពន្ធគយ​​​ដែល​ភាគី​ថៃ​និង​កម្ពុជា​ស្ថិតនៅ​​ក្នុង​ដំណាក់​កាល​ចរចា​ដ៏សំខាន់។

សារ​ស្ថានទូត​ចិន បញ្ជាក់​យ៉ាងច្បាស់ថា ប្រទេសចិន​​មិន​មាន​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​​​ក្នុង​ជម្លោះ​​ព្រំដែន​ថៃ​កម្ពុជា​ និង គាំទ្រ​​​អាស៊ាន​ក្នុងការ​លើក​កម្ពស់​​​​ដំណោះស្រាយ​​​នយោបាយ​​តាមរយៈ​ «មធ្យោបាយ​​អាស៊ាន»។ លើស​ពី​នោះទៀត ​សារ​​នោះ​អះអាងថា ចិន​​​ស្ម័គ្រ​ចិត្ត​​ធ្វើ​ទំនាក់​ទំនង​​​យ៉ាង​ជិតស្និទ្ធ​​​ជាមួយ​ថៃ​ កម្ពុជា ម៉ាឡេស៊ី​និង​ប្រទេសដទៃទៀត​ក្នុងតំបន់ និង ដើរតួ​នាទី​​ស្ថាបនា​ក្នុងការ​ពង្រឹង​​​បទ​ឈប់បាញ់​យូរ​អង្វែង​ និងស្តារ​​​សន្តិភាព​ទៅកាន់តំបន់​ព្រំដែន។

​ការ​បង្ក​​ភាព​ថ្នាំងថ្នាក់​របស់​រដ្ឋបាល​​របស់​នាយករដ្ឋមន្ត្រី អានុទីន ចានវីរៈគុល​ នាពេលនេះ គឺ​​​នៅ​ក្រោយ​ពេល​ប្រហែល​១សប្តាហ៍​ប៉ុណ្ណោះ​ ដែល​​​​យោធាទ័ព​អាកាសថៃ​​បាន​បញ្ចប់​​លំហាត់សមយុទ្ធ​រួម​គ្នាជាមួយ​កង​ទ័ព​កាសចិន​​កាលថ្ងៃទី​២៥​កញ្ញា ដែល​លំហាត់ហ្វឹកហ្វឺន​រួម​គ្នា​នេះកើតឡើងតែ​ជាង​១ខែ​ប៉ុណ្ណោះ​ ក្រោយ​ទ័ព​អាកាស​ថៃ​​​​ប្រើប្រាស់​យន្តហោះចម្បាំង​សេរីទំនើប​ F-16 របស់​អាមេរិក និង​ Gripen C/D ទិញពីស៊ុយអែត​ យក​មក​វាយ​ប្រហារ​ឈ្លានពានកម្ពុជា ដែលកម្ពុជា​មិនបាន​​ត្អូញត្អែរតវ៉ា​សូម្បី​មួយម៉ាត់រហូតដល់​ពេលនេះ​។

​ការ​​ប្រឌិត​ព័ត៌មាន​ និង​បញ្ចេញ​ព័ត៌មានទៅ​​ឲ្យ​​សារ​ព័ត៌មាន​បរទេស​​បែបនេះ គឺ​ច្បាស់ជាមានចេតនា​ញុះ​ញុង​ឲ្យ​​​​​មហាអំណាច​បស្ចឹមប្រទេស​មើល​មក​ទំនាក់​ទំនង​​ចិន​​និង​កម្ពុជា ខណៈពេលដែលចិន​​​ហាក់​ត្រូវ​បាន​មហាអំណាច​បច្ចឹមប្រទេស​មើល​ឃើញ​ថា ជាមហាអំណាច​​​ដែលកាន់តែ​មានសក្តានុពល​ទាំង​យោធា​ សេដ្ឋកិច្ច បច្ចេកវិទ្យា និងទំនាក់​ទំនង​ការទូត​ល្អ​នៅគ្រប់តំបន់។

​ក្នុងកាលៈទេសៈ​ដែលថៃ​​គ្មាន​​ភាព​រឹងមាំ​​​ក្នុងនយោបាយ​ផ្ទៃក្នុង​​ជាតិបែបនេះ យោធា​​ថៃ​ងាយ​ណាស់​ប្រើប្រាស់យុទ្ធសាស្រ្ត​ចាក់​បំបែក​​បែប ញុះញង់ ដើម្បី​​ឲ្យអន្តរជាតិ​​​មើល​ឃើញ​កម្ពុជា​ជាអ្នកបង្កហេតុ ហើយ​ចិន​​ដែល​ប្រជែង​​នឹង​បស្ចឹមលោកស្រាប់នោះ​ ក៏ធ្វើឲ្យ​​​​​​មហាអំណាច​​លោកខាងលិច​ដក​ការ​គាំទ្រ​ដល់​បទឈប់បាញ់ និង​លែងខ្វល់​ពី​ប្រទេសកម្ពុជា​។

ពេល​បស្ចឹមប្រទេសលែងខ្វល់​ពីកម្ពុជា​នោះ​ យោធាថៃ​ដែល​មាន​ឥទ្ធិពល​​ស្រាប់នោះនឹងបង្កើន​ការ​វាយ​ប្រហារ​ភ្លាមៗលើ​កម្ពុជា​ជាក់​ជាមិន​ខាន ហើយ​កា​រវាយ​ប្រហារ​នឹង​កាន់តែ​​​សាហាវ​លើស​កាលការវាយហារលើក​មុន​ទៀត ដើម្បី​លុបបំបាត់ក្តីអាម៉ាស់ដែល​ថៃ​បាន​ធ្វើ​មក​លើ​កម្ពុជា​។

មិនត្រឹមតែ​បដិសេធ​ប៉ុណ្ណោះទេ សារ​របស់ស្ថានទូត​ចិន​​បញ្ជាក់​ពី​ជំហរ​បស់​ចិន​​ក្នុងការ​​ធ្វើការ​ដើម្បី​​​បន្ថយ​ភាព​តានតឹង​តាមមធ្យោបាយ​របស់ខ្លួន​​​ផ្ទាល់។ លើស​ពីនេះ ចិន​បញ្ជាក់​យ៉ាងម៉ឹងម៉ាត់ថា៖«​យើង​​​ជំរុញ​​​ឲ្យ​អ្នកដែលពាក់​ព័ន្ធ​​​​ចាត់ទុក​​សន្តិភាព​និង​​ស្ថិរភាព​នៃ​តំបន់​​និង​​​សុខុមាលភាព​​ប្រជាជន និង​​ធ្វើ​រឿង​​​វិជ្ជាមាន​និង​ស្ថាបនា​បន្ថែមទៀត​ដើម្បី​បន្ធូរបន្ថយស្ថានភាព​តានតឹង​រវាង​ថ្ងៃ​និង​កម្ពុជា ជំនួស​​ឲ្យ​​ព័ត៌មាន​មិនពិត​​ដែលកំពុង​រីកសាយភាយ​និងភាព​ចលាចល​បែ​ប​​អុជអាល​​​​ប្រកប​ដោយ​ចេតនា​នេះ​​»​​៕​

រ៉ាន់ រើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម