ព័ត៌មានជាតិ
ដើមឆ្នាំ ២០២៥ កម្ពុជា នឹងមានថ្នាំចាក់បង្ការមេរោគអេដស៍ដោយឥតគិតថ្លៃ
កម្ពុជា នឹងមានថ្នាំចាក់បង្ការមេរោគអេដស៍ដែលមានឈ្មោះថា«ថ្នាំកាបូតេត្រាវៀ» ដោយឥតគិតថ្លៃ នាដើមឆ្នាំ ២០២៥ ខាងមុខ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺអេដស៍នៅប្រទេសកម្ពុជា។

លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល បានឱ្យដឹងថា ថ្នាំចាក់បង្ការមេរោគអេដស៍នេះសម្រាប់អ្នកដែលមិនចង់ប្រើស្រោមអនាម័យពេលរួមភេទ អ្នកបម្រើសេវាកម្មផ្លូវភេទ និងអ្នកមានដៃគូរួមភេទច្រើននាក់។

លោកវេជ្ជបណ្ឌិត បានបន្តថា តាមគម្រោងនឹងដាក់ឱ្យប្រើប្រាស់ថ្នាំចាក់បង្ការមេរោគអេដស៍ដោយឥតគិតថ្លៃនៅត្រីមាសទី ១ ឆ្នាំ ២០២៥ ខាងមុខនេះហើយ បន្ទាប់ពីបានស្នើសុំមុនគេទៅមូលនិធិសកល។

ថ្នាំចាក់នេះ អាចការពារមេរោគអេដស៍បានរយៈពេល ២ ខែ ខណៈបច្ចុប្បន្ន កម្ពុជា មានថ្នាំប្រឹបសម្រាប់លេបប្រចាំថ្ងៃមុនពេលរួមភេទ និងប្រឹបសម្រាប់លេបក្រោយរួមភេទ ៧២ ម៉ោង នៅពេលរួមភេទដោយមិនមានសុវត្ថិភាពដូចជា ស្រោមអនាម័យដាច់រហែក និងភ្លេចពាក់ស្រោមអនាម័យជាដើម។
លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ជាជំហានដំបូងថ្នាំចាក់នេះចាក់ទៅលើក្រុមដែលប្រឈមនឹងការឆ្លងជំងឺអេដស៍ ដោយចាក់ ១ ខែម្តង បន្ទាប់មកទៀត ចាក់ ២ ខែម្តង នៅតាមគ្លីនិកចំនួន ៣ នៅរាជធានីភ្នំពេញរួមមាន គ្លីនិកបង្ការថែទាំ និងព្យាបាលបន្ត គ្លីនិកឈូកស និងគ្លីនិករបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា ថ្នាំកាបូតេត្រាវៀនេះ ចាក់នៅត្រគាក និងសាច់ដុំ ហើយមិនមានផលប៉ះពាល់ដល់អ្នកចាក់ទេ និងអាចបង្ការបានតែជំងឺអេដស៍ប៉ុណ្ណោះ។ ចំពោះជំងឺស្វាយ និងជំងឺកាមរោគ មិនអាចការពារបានទេ។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា «អ្វីដែលយើងមានការព្រួយបារម្ភនោះគឺថាខ្លាចអ្នកចាក់ហើយមិនមកចាក់ទៀងទាត់។ អីចឹងពេលដាក់ប្រើប្រាស់នាពេលខាងមុខ យើងនឹងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យអ្នកដែលធ្លាប់ប្រើថ្នាំលេបប្រចាំថ្ងៃងាកមកប្រើថ្នាំចាក់ដែលអាចការពារការឆ្លងមេរោគអេដស៍បាន ២ ខែ»។
គួរបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា ត្រូវបានគេប៉ាន់ស្មានថា មានអ្នកផ្ទុកជំងឺអេដស៍ប្រមាណ ៧៦ ០០០ នាក់ ក្នុងនោះមានអ្នកជំងឺអេដស៍សកម្មដែលបានមកទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ទាំង ៧២ កន្លែង ចំនួន ៦៩ ៤១៣ នាក់ និងអ្នកជំងឺសង្ស័យជាង ៧ ០០០ នាក់ នៅមិនទាន់បានមកធ្វើតេស្ត និងទទួលសេវាព្យាបាលនៅឡើយទេ ខណៈក្នុង ១ ឆ្នាំ មានអ្នកឆ្លងថ្មី នៃមេរោគអេដស៍ប្រមាណ ១ ២០០ នាក់ និងស្លាប់ប្រមាណ ១ ០០០ នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


