Connect with us

ព័ត៌មានជាតិ

ឥណ្ឌូណេស៊ី សន្យាកៀរគរដៃគូ ដើម្បីផ្តល់ជំនួយមនុស្សធម៌ជួយកម្ពុជាក្នុងកិច្ចការគ្រោះមហន្តរាយ

បានផុស

នៅ

រដ្ឋមន្រ្តីទទួលបន្ទុកការងារគ្រោះមហន្តរាយ នៃប្រទេសឥណ្ឌូនេស៊ីលោក DR. SUHARYANTO បញ្ជាក់ជំហរប្តេជ្ញាចិត្ត នឹងខិតខំជំរុញដៃគូពាក់ព័ន្ធរួមទាំងអគ្គលេខាធិការអាស៊ាន និងមជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ(AHA Center) ដើម្បីផ្តល់ជំនួយមនុស្សធម៌ជួយកម្ពុជាក្នុងការងារគ្រោះមហន្តរាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសន្យានេះ ធ្វើឡើងនៅក្នុងពិភាក្សាការងារទ្វេភាគីជាមួយលោកទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីរៀលថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ ក្នុងឱកាសលោក DR. SUHARYANTO អញ្ជើញធ្វើទស្សនកិច្ចនៅកម្ពុជា និងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរ បានបង្ហាញការប្តេជ្ញាចិត្ត និងគាំទ្រលើកិច្ចសហប្រតិបត្តិការការងារគ្រោះមហន្តរាយរវាងប្រទេសទាំងពីរ។ នាឱកាសនោះ លោកទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណចំពោះវត្តមានរបស់ភាគីឥណ្ឌូណេស៊ី ដែលបានចំណាយពេលដ៏មានតម្លៃដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៥។

កម្ពុជាជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាស៊ានក៏ទទួលរងនឹងមុខសញ្ញាគ្រោះមហន្តរាយធម្មជាតិ និងហានិភ័យនៃគ្រោះមហន្តរាយដែលកើតឡើងជាញឹកញាប់ដូចប្រទេសផ្សេងៗនៅក្នុងតំបន់ផងដែរ។ ជាពិសេសគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀង ក៏ដូចជារងឥទ្ធិពលខ្យល់ព្យុះដែលបណ្តាលឱ្យខេត្តមួយចំនួនរងការខូចខាត ផលដំណាំ សត្វគោ ក្របី ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងប៉ះពាល់ដល់អាយុជីវិតពលរដ្ឋជាដើម។

សូមជម្រាបថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.)កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ (AMMDM-13) និងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៧ (ACDM-47) ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំ AMMDM-13 និងកិច្ចប្រជុំ ACDM-47 បម្រើជាវេទិកាថ្នាក់តំបន់សម្រាប់ប្រទេសសមាជិកអាស៊ាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកាត់បន្ថយនិងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ បង្កើនភាពធន់ និងលើកកម្ពស់ការត្រៀមរៀបចំតាមរយៈការកសាងសមត្ថភាព កិច្ចសន្ទនាគោលនយោបាយ និងការចែករំលែកការអនុវត្តល្អៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម