Connect with us

ព័ត៌មានជាតិ

៤ខែ សមត្ថកិច្ចកម្ពុជា ចាប់ខ្លួនមនុស្សជាង៣ ៤០០នាក់ មានទាំងជនជាតិថៃផង ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ

បានផុស

នៅ

ក្នុងរយៈពេល៤ខែចុងក្រោយក្នុងឆ្នាំ២០២៥នេះ សមត្ថកិច្ចកម្ពុជា បានបញ្ជូនមុខសញ្ញាមេខ្លោង និងបក្ខពួកសរុប៧៥នាក់ទៅតុលាការ និងបានឃាត់ខ្លួនជនសង្ស័យជាង ៣ ៤០០ នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងនោះ ក៏មានជនជាតិថៃផងដែរ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថា គ.ប.ឆ.ប.។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថា គ.ប.ឆ.ប. បានបង្ហាញលទ្ធផលនៃយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គិតចាប់តាំងពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ដោយក្នុងអំឡុងពេលនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ក្រោមការចង្អុលបង្ហាញពីលេខាធិការដ្ឋាននៃគណៈកម្មការ គ.ប.ឆ.ប.(online scam) បានចុះពិនិត្យទីតាំង និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតាមគោលដៅចំនួន៩២ទីតាំង ក្នុង១៨ រាជធានី-ខេត្ត។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបប្រមាណ ៣ ៤៥៥ នាក់ មានចំនួន២០សញ្ជាតិ រាប់បញ្ចូលជនជាតិចិន(ចិនតៃវ៉ាន់), វៀតណាម, ឥណ្ឌូនេស៊ី, ឥណ្ឌា, បង់ក្លាដេស, ថៃ, កូរ៉េខាងត្បូង, ប៉ាគីស្ថាន, នេប៉ាល់, ម៉ាឡេស៊ី, ជប៉ុន, មីយ៉ាន់ម៉ា, ហ្វីលីពីន, ឡាវ, កាមេរ៉ូន, នីហ្សេរីយ៉ា, យូហ្គាន់ដា, សេរ៉ាលីអូន, ម៉ុងហ្គោលី, រុស្ស៊ី។ ក្រោយប្រតិបត្តិការចុះបង្ក្រាបដល់ទីតាំង វត្ថុតាងត្រូវបានគ្រប់គ្រង និងរក្សាទុកត្រឹមត្រូវដោយសមត្ថកិច្ចជំនាញក្នុងរាជធានី-ខេត្ត រីឯទីតាំងត្រូវបានបិទមិនឱ្យមានការចេញ-ចូលឡើយ។

ជាមួយគ្នានេះ សមត្ថកិច្ចជំនាញបានបន្តនីតិវិធីចំពោះ១០សំណុំរឿងក្នុងចំណោមសំណុំរឿងពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសក្នុងរាជធានីភ្នំពេញ កណ្តាល ព្រះស៊ីហនុ និងកំពត ដោយបានបញ្ជូនមុខសញ្ញាមេខ្លោង និងបក្ខពួកសរុប ចំនួន៧៥នាក់(ស្រី៥នាក់) ទៅតុលាការ ដើម្បីអនុវត្តនីតិវិធីតាមច្បាប់ជាធរមាន។ សំណុំរឿងទាំងនេះពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ អំពើឃាតកម្ម និងការជួញដូរមនុស្ស ដែលវាបានក្លាយជាប្រតិបត្តិការបង្រ្កាបទ្រង់ទ្រាយធំៗក្នុងចំណោមប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញក្នុងរយៈពេល ៤ខែចុងក្រោយ ឆ្នាំ២០២៥ នេះ។ ទន្ទឹមនេះ ជនបរទេសចំនួន ២ ៨២៥នាក់ ក្នុងនោះស្ត្រី៤៧៦នាក់ ត្រូវបាននិរទេសចេញពីប្រទេសកម្ពុជា ខណៈសមត្ថកិច្ចក៏បានជួយសង្រ្គោះជនរងគ្រោះឱ្យរួចផុតពីអំពើជួញដូរ និងបានបំបែកបណ្តាញឧក្រិដ្ឋជនឆបោក និងសំបុកនៃការជួញដូរមនុស្សផងដែរ។

ជាងនេះទៀត លេខាធិការដ្ឋានគ.ប.ឆ.ប. បាន និងកំពុងរួមគ្នាជាមួយបណ្តាដៃគូ និងប្រទេសពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ ស៊ើបអង្កេតលើភ័ស្តុតាងទាំងអស់ ដែលបានរឹបអូសពីជនប្រព្រឹត្តបទល្មើស ក្នុងអំឡុងពេលនៃប្រតិបត្តិការបង្រ្កាបនាពេលកន្លងមក។ សម្ភារៈដែលរឹបអូសទាំងអស់រួមមានទូរសព្ទដៃ កុំព្យូទ័រ លិខិតឆ្លងដែន ឧបករណ៍អេឡិកត្រូនិចជាច្រើនប្រភេទ និងច្រើនពាន់គ្រឿង សុទ្ធសឹងជា ភ័ស្តុតាង ដែលអាចផ្តល់ជាតម្រុយសម្រាប់ស្វែងរកក្រុមមេខ្លោង និងវែកមុខបណ្តាញអង្គការចាត់តាំង ពាក់ព័ន្ធនឹងអំពើឆបោកទាំងនៅក្នុង និងក្រៅប្រទេសកម្ពុជា។ លទ្ធផលដែលនឹងទទួលបានពីការស្រាវជ្រាវ នឹងត្រូវប្រើប្រាស់សម្រាប់ សហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងរាជធានី ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដាក់ចេញវិធានការ និងអនុវត្តតាមច្បាប់ ជាធរមាន។

លទ្ធផលដែលទទួលបានខាងលើនេះ បានបង្ហាញឱ្យឃើញនូវឆន្ទៈខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងការអនុវត្តបទបញ្ជាម៉ឺងម៉ាត់របស់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា ខណៈដែលប្រទេសកម្ពុជា ក៏ជាប្រទេសរងគ្រោះពីអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០២៥ បានចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសម្តេចបានដាក់ចេញនូវបទបញ្ជាចំនួន៩ចំណុចសំខាន់ ក្នុងនោះ សម្តេចធិបតីបានសង្កត់ធ្ងន់ថា«អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្នងការនគរបាលរាជធានី ខេត្ត មេបញ្ជាការបណ្តាអង្គភាព និងក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជានេះឱ្យបានម៉ឺងម៉ាត់ និងដោយការទទួលខុសត្រូវ។ ការមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្ត ក្នុងរូបភាពណាមួយ ត្រូវជាកម្មវត្ថុនៃការវាយតម្លៃក្នុងការតែងតាំង ផ្លាស់ប្ដូរ ឬបញ្ចប់មុខតំណែង»។

សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម