ព័ត៌មានជាតិ
អន្តោប្រវេសន៍រៀបចំយន្តការ សម្រួលលំហូរអ្នកដំណើរឆ្លងកាត់ព្រលានកាន់តែងាយស្រួល
អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានដាក់ឲ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យា រួមទាំងការរៀបចំយន្តការដើម្បីសម្រួលដល់អ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះនៅកម្ពុជាឲ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយផលរំខាននានា។ នេះបើតាមលោក ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។
នៅក្នុងវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាដែលរៀបចំឡើងកាលពីសប្ដាហ៍មុននេះ ឆ្លើយតបសំនួររបស់កម្ពុជាថ្មី លោក ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានលើកឡើងពីការដាក់ចេញយន្តការ ដើម្បីសម្រួលដល់អ្នកធ្វើដំណើរនៅច្រកព្រលានយន្តហោះទាំង ៣ របស់កម្ពុជា។

ពាក់ព័ន្ធការរៀបចំប្រព័ន្ធគ្រប់គ្រងអ្នកដំណើរចេញចូលក្នុងព្រលាន មន្រ្តីអគ្គនាយកដ្ឋានអន្តោប្រវេសន៍រូបនេះបានបញ្ជាក់ ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានដាក់ឲ្យដំណើរការប្រព័ន្ធសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា (Cambodia E arrival) ដែលជួយកាត់បន្ថយពេលវេលាបំពេញបែបបទចូល-ចេញប្រទេស ដែលធានាថាអ្នកដំណើរអាចឆ្លងកាត់បានយ៉ាងឆាប់រហ័ស ដោយគ្រាន់តែបំពេញព័ត៌មានតាមរយៈគេហទំព័រ www.arrival.gov.kh ឬកម្មវិធី Cambodia e-Arrival លើទម្រង់សាលាកបត្រអន្តោប្រវេសន៍ ដែលមានពាក្យស្នើសុំទិដ្ឋាការពេលមកដល់ ទម្រង់លិខិតរាយការណ៍គយ និងទម្រង់លិខិតប្រកាសសុខភាពរបស់អ្នកដំណើរ។
ជាមួយគ្នានេះ សម្រាប់អ្នកដំណើរដែលចង់ស្នើសុំទិដ្ឋាការពេលមកដល់ ក៏មានរៀបចំបញ្ជរអាចស្នើសុំទិដ្ឋាការចូលប្រទេស ដោយមានមន្រ្តីជួយសម្របសម្រួលមិនឲ្យរាំងស្ទះ។
ដោយឡែកកាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានរៀបចំប្រព័ន្ធច្រកចេញចូលស្វ័យប្រវត្តិសម្រាប់អ្នកដំណើរមកពី ១៨ ប្រទេស (Smart gate) ដែលអាចប្រើប្រាស់ច្រកចេញចូលស្វ័យប្រវត្តិនេះ ដោយមិនបាច់ខាតពេលឈររង់ចាំមន្រ្តីត្រួតពិនិត្យទៀតនោះទេ។

ឆ្លើយតបសំនួរបន្ថែមរបស់កម្ពុជាថ្មីពីប្រសិទ្ធភាពនៃដំណើរការប្រព័ន្ធច្រកចេញចូលស្វ័យប្រវត្តិ (Smart gate) ដែលទើបបានកំពុងដាក់ឲ្យប្រើប្រាស់នៅច្រកព្រលានទាំង ៣ របស់កម្ពុជា លោក ឃុន សំបូរ ថ្លែងថា កន្លងទៅក៏ឃើញមានបញ្ហាមួយចំនួនដែលអ្នកដំណើរប្រើប្រាស់មិនបានត្រឹមត្រូវ ដែលមិនពាក់ព័ន្ធប្រសិទ្ធភាពរបស់ប្រព័ន្ធបច្ចេកវិទ្យានេះទេ។
លោកបានពន្យល់ពីដំណើរការនៃប្រព័ន្ធ (Smart gate) មាន ៣ ដំណាក់កាល ដោយដំបូងអ្នកដំណើរត្រូវយកលិខិតឆ្លងដែនស្កេនលើប្រព័ន្ធ បន្ទាប់មកត្រូវស្កេនយកក្រយៅដៃ និងចុងក្រោយត្រូវថតរូបបញ្ជាក់ឡើងវិញជាការស្រេច។
ទោះបីយ៉ាងណា លោកលើកឡើងបញ្ហាត្រង់ថា អ្នកដំណើរមួយចំនួនអនុវត្តការប្រើប្រាស់មិនបានត្រឹមត្រូវដូចជាការស្កេនលិខិតឆ្លងដែនសង្កត់មិនត្រឹមត្រូវ ការដាក់ក្រយៅដៃស្កេនខុសទម្រង់ (ស្កេនម្រាម ៤ ដាក់តែម្រាម ២) រួមទាំងការឈរថតរូបខុសទីតាំងជាដើម។ ប៉ុន្តែរាល់ដំណើរការនីតិវិធីមានមន្ត្រីនៅចាំជួយសម្របសម្រួល។
បន្ថែមពីនេះ ប្រព័ន្ធបច្ចេកវិទ្យានេះបានអាប់ដេតដាក់បញ្ចូលសំឡេងណែនាំជាភាសាខ្មែរ និងអង់គ្លេសស្វ័យប្រវត្តិ សម្រាប់សម្រួលដល់អ្នកដំណើរចូល-ចេញកាន់តែរលូនថែមទៀត៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


