Connect with us

ព័ត៌មានជាតិ

បោះតង់ ១ យប់ ៥ ដុល្លារ ជិះទូកទស្សនាសត្វផ្សោត ១ ជើង ៨ ម៉ឺនរៀល នៅ​សហគមន៍អេកូទេសចរណ៍​ព្រហ្មចារី

បានផុស

នៅ

លោក អ៊ន ចាន់តួ ប្រធានសហគមន៍ទេសចរណ៍កោះព្រហ្មចារីបានឱ្យដឹងថា សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារី ជ្រោយបន្ទាយ ស្ថិតនៅក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានសក្តានុពលទេសចរណ៍សំខាន់ៗរួមមាន សត្វស្លាប កោះតូចធំ សត្វព្រៃ (សត្វក្តាន់) ទេសភាពព្រៃលិចទឹកទន្លេមេគង្គ។ ភ្ញៀវទេសចរអាចជិះទូកមើលទេស​ភាពព្រៃលិចទឹក ទស្សនាសត្វស្លាប សម្រាកលំហែ និងពិសារអាហារជួបជុំ ងូតទឹកកម្សាន្ត ស្ទួចត្រី និងជាពិសេសនោះគឺការបោះតង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានសហគមន៍ទេសចរណ៍រូបនេះបានគូស​បញ្ជាក់ថា សម្រាប់ឱកាសបុណ្យឆ្លងឆ្នាំសកលខាងមុខនេះ ទេសភាពនៅតាមកោះគឺនៅមិនទាន់ល្អស្អាត ១០០% នោះទេ ដោយសារស្ថានភាពទឹកទន្លេមេគង្គនៅឡើងស្រកៗ ទឹកក៏ល្អក់ ហើយនៅតាមកោះនីមួយៗទឹកក៏នៅជ្រៅ។ ប៉ុន្តែទោះជាយ៉ាងណាក្តី ភ្ញៀវទេសចរអាចមកទស្សនាមើលសត្វផ្សោត សត្វស្លាប និងសម្រាកជួបជុំញ៉ាំអាហារ។

លោកបានបន្តថា សហគមន៍ទេសចរណ៍កោះព្រហ្មចារី មានសេវាកម្មបោះតង់ ក្នុង ១ យប់ តម្លៃ ៥ ដុល្លារ មានកន្ទេល ភួយ និងការជិះទូកទស្សនាសត្វផ្សោតគិតជើងក្នុង ១ ជើង តម្លៃ ៨ ម៉ឺនរៀល ផងដែរ។

ដើម្បីត្រៀមទទួលភ្ញៀវទេសចរ​ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ២០២៥~២០២៦ មន្ទីរទេសចរណ៍ខេត្តក្រចេះបានចុះពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ដល់តំបន់ទេសចរណ៍មួយចំនួនដូចជា សហគមន៍អេកូទេសចរណ៍ កោះសាមសិប, រមណីយដ្ឋានឆ្នេរសុពណ៌គីរី, សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារី និងរមណីយដ្ឋានធម្មជាតិកោះសុក្រម។

លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះបានឱ្យដឹងថា ចំពោះការងារអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្ត មានគម្រោងកែលម្អ សាងសង ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ រមណីយដ្ឋានទេសចរណ៍ ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ មួយចំនួន ដូចជា ភ្នំសំបុក ភ្នំសុពណ៌កាឡី ដែលមាននៅក្នុងផែនការរបស់មន្ទីរទេសចរណ៍ខេត្ត ឆ្នាំ២០២៦~២០៣០។

ខេត្តក្រចេះ មានរមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ សរុបចំនួន ២៥ កន្លែង ក្នុងនោះរួមមាន៖ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ចំនួន ៥កន្លែង, រមណីយដ្ឋាន វប្បធម៌ធម្មជាតិ ១កន្លែង, រមណីយដ្ឋានប្រវត្តិសាស្រ្ត ចំនួន ២កន្លែង, រមណីយដ្ឋានធម្មជាតិ ៤កន្លែង ក្នុងនោះ រដ្ឋចំនួន ៣កន្លែង និងឯកជន ១កន្លែង, សហគមន៍មានចំនួន ៨កន្លែង ក្នុងនោះ សហគមន៍អេកូទេសចរណ៍ ចំនួន ៦កន្លែង និងសហគមន៍ទេសចរណ៍ធម្មជាតិ ចំនួន ២កន្លែង និងរមណីយដ្ឋានកែច្នៃ ចំនួន ៥កន្លែង ជារបស់ឯកជន៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម