Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ គ្រោងជ្រើសរើសសាលារៀនគំរូ ១៥០ បន្ថែមទៀត នៅឆ្នាំ២០២៦

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡាគ្រោងជ្រើសរើសសាលារៀនគំរូ ប្រមាណ ១៥០សាលារៀននៅឆ្នាំ២០២៦ ខាងមុខ ខណៈឆ្នាំ២០២៥នេះ ក្រសួងវាយតម្លៃសាលារៀនគំរូប្រមាណ១៤៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំពិភាក្សាស្តីពី លទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការវាយតម្លៃសាលារៀនគំរូសម្រាប់សន្និបាតអប់រំ ២០២៦ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា ឆ្នាំនេះ ជាលើកទី៣នៃការវាយតម្លៃសាលារៀនគំរូ ដោយការវាយតម្លៃលើកទី១ ក្នុងពេលសន្និបាតអប់រំឆ្នាំ២០២៤ មានសាលារៀនគំរូសរុប ១២០ក្នុងនោះសាលាមត្តេយ្យសិក្សា ១០, សាលាបឋមសិក្សា ៤០, អនុវិទ្យាល័យ ១៥ និងវិទ្យាល័យ ៥៥និងការវាយតម្លៃលើកទី២ ក្នុងពេលសន្និបាតអប់រំឆ្នាំ២០២៥ មាន សាលារៀនគំរូសរុប ១៤៤ក្នុងនោះសាលាមត្តេយ្យសិក្សា ២៤, សាលាបឋមសិក្សា ៥០, អនុវិទ្យាល័យ ៥,វិទ្យាល័យ ៦០ និងសាលាគរុកោសល្យគំរូ ៥។

លោកបណ្ឌិតសភាចារ្យ បានបន្តទៀតថា បច្ចុប្បន្ន មានសាលារៀនគំរូ ២៦៤ ក្នុងនោះសាលាមត្តេយ្យ សិក្សា ៣៤, សាលាបឋមសិក្សា ៩០, អនុវិទ្យាល័យ ២០, វិទ្យាល័យ ១១៥និងសាលាគរុកោសល្យគំរូ ៥។សម្រាប់ឆ្នាំ ២០២៦ខាងមុខនេះ ក្រសួងគ្រោងវាយតម្លៃសាលារៀនគំរូ ប្រមាណ ១៥០សាលារៀន។ បណ្ឌិតសភាចារ្យបានបន្ថែមទៀតថាគោលបំណងចម្បងនៃការវាយតម្លៃសាលារៀនគំរូ គឺដើម្បីស្វែងរកផ្លូវដែលត្រឹមត្រូវមួយ ក្នុងការជំរុញ និងលើកទឹកចិត្តឱ្យមានការប្រកួតប្រជែងគ្នាប្រកបដោយគុណភាពទាំងសាលាក្នុងនិងក្រៅគម្រោង។

រដ្ឋមន្ត្រីក្រសួងអប់រំ បានណែនាំថាសម្រាប់កិច្ចការដ៏មានសារៈសំខាន់នេះ ត្រូវតែកំណត់គោលការណ៍វាយតម្លៃច្បាស់លាស់ផ្អែកលើសូចនាករដែលមិនអាចប្រកែកបានដើម្បីធានាបាននូវតម្លាភាព និងភាពត្រឹមត្រូវ។ ក្នុងនោះ លទ្ធផលសិក្សារបស់សិស្ស ត្រូវបានចាត់ទុកជាអាទិភាពស្នូល ដែលត្រូវវាស់ស្ទង់តាមកម្រិតសិក្សានីមួយៗ៖ កុមារតូច ត្រូវចុះពិនិត្យផ្ទាល់លើបរិស្ថាន និងវិធីសាស្ត្របង្រៀនថ្មីៗរបស់លោកគ្រូ អ្នកគ្រូ។ សម្រាប់បឋមសិក្សា មានការវាយតម្លៃផ្អែកលើស្តង់ដាប្រឡងដូចជា SEA-PLM និង PISA និងការអនុវត្តអំណានដំបូង និងគណិតវិទ្យាដំបូង។ រីឯមធ្យមសិក្សា ត្រូវវាយតម្លៃលើលទ្ធផលសិក្សានៃសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលឆ្លុះបញ្ចាំងពីសមត្ថភាពសិស្សមុនចូលឧត្តមសិក្សា។ គោលការណ៍ទាំងអស់នេះ គឺដើម្បីធានាភាពត្រឹមត្រូវ និងគុណភាពអប់រំនៅកម្ពុជា។

លោកបណ្ឌិតសភាចារ្យ បានណែនាំឱ្យក្រុមការងារបន្តពិនិត្យមើលលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដោយយកចិត្តទុកដាក់ ដើម្បីកំណត់ពីចំណុចខ្លាំង ចំណុចខ្សោយ និងតំបន់ដែលត្រូវកែលម្អបន្ថែមដើម្បីធានាបានថា យើងកំពុងដើរលើគន្លងដែលត្រឹមត្រូវ ក្នុងការកសាងធនធានមនុស្សដែលមានគុណភាព សម្រាប់សង្គមជាតិ៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម