Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យវប្បធម៌ អំពាវនាវបន្តចូលរូមអភិរក្ស “ល្ខោនស្រមោលស្បែកធំ” ក្រោយចុះបញ្ជីបេតិកភណ្ឌពិភពលោករយៈពេល២០ឆ្នាំ

បានផុស

នៅ

អបអរសាទរ ខួបលើកទី២០ ល្ខោនស្រមោលស្បែកធំ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ ២៥ វិច្ឆិកា ២០០៥ – ២៥ វិច្ឆិកា ២០២៥។ “កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប”។ នេះជាសាររបស់នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានបង្ហោះលើបណ្តាញសង្គម ដើម្បីរំលឹកការចងចាំនៃព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងគោលបំណងបំផុសពលរដ្ឋចូលរួមការពារ និងអភិរក្សវប្បធម៌ខ្មែរដ៏វ័យចំណាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីអបអរសាទរខួប ២០ឆ្នាំ ល្ខោនស្រមោលស្បែកធំ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោក ស៊ុំ ម៉ាប់ មានប្រសាសន៍ថា សម្រាប់ឆ្នាំនេះក្រសួងបានពង្រឹងទៅលើការផ្សព្វផ្សាយនៅតាមបណ្តាញសង្គម និងបង្កើតជាផ្ទាំងទស្សនីយភាព ដើម្បីរំលឹកពីការចងចាំដ៏មានតម្លៃនេះ ប៉ុន្តែមិនមានរៀបចំព្រឹត្តិការណ៍ធំនោះទេ។ លោកបញ្ជាក់ថា៖«ការចុះបញ្ជីនេះ ជាមោទនភាពជាតិ ដែលបង្ហាញឱ្យឃើញអំពីវប្បធម៌ អរិយធម៌ដ៏ចំណាស់របស់ជាតិ ព្រោះរូបិយក៏ដោយ អរូបិយក៏ដោយ គឺជាបេតិកភណ្ឌដែលបង្កើតឡើងដោយខ្មែរ បង្ហាញឱ្យឃើញថាជាជាតិសាសន៍មួយដែលមានអរិយធម៌ ប្រពៃណី វប្បធម៌ដ៏ចំណាស់»។

លោក ស៊ុំ ម៉ាប់ ប្រាប់កម្ពុជាថ្មីថា ជាសកម្មភាពប្រចាំឆ្នាំ ក្រសួងវប្បធម៌បានចូលរួមពង្រឹងសហគមន៍ទាំងឡាយដែលកំពុងធ្វើសកម្មភាពពាក់ព័ន្ធ ល្ខោនស្រមោលស្បែកធំ។ លោកថ្លែងថា៖‍«យើងបានចូលរួមជាមួយប្រតិបត្តិករសិល្បៈ បណ្តុះបណ្តាលធនធានមនុស្សជារឿងសំខាន់ជាការងារដែលត្រូវពង្រឹង និងការបង្កើតផ្ទាំងទស្សនីយភាពទៅតាមេពេលវេលាណាមួយ យើងបានធ្វើរឿងនេះជាហូរហែ»។​

លោកបន្ថែមទៀតថា ការចុះបញ្ជី ល្ខោនស្រមោលស្បែកធំ ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិគឺជាមោទនភាពមិនមែនត្រឹមសម្រាប់ប្រជាជនយើងទេ ប៉ុន្តែសម្រាប់ពិភពលោកបានដឹងអំពីអរិយធម៌របស់ខ្មែរ។ ក្នុងន័យនេះ លោកអំពាវនាវ និងលើកទឹកចិត្តដល់ពលរដ្ឋគ្រប់រូប ជាពិសេសយុវជនជំនាន់ក្រោយ បន្តចូលរួមថែរក្សាការពារវប្បធម៌ខ្មែរទាំងអស់គ្នា។

ជាការកត់សម្គាល់ លោកសង្កេតឃើញថា មកទល់បច្ចុប្បន្ននេះ ការចូលរួមរបស់ប្រជាជនមានភាពសស្រាក់សស្រាំណាស់ រឿងកិច្ចការថែរក្សាវប្បធម៌ ប្រពៃណីជាតិ ដែលនេះជាមោទនភាព និងជាក្តីសង្ឃឹមមួយនៃការថែរក្សាប្រពៃណីឱ្យរឹងមាំនៅពេលបច្ចុប្បន្ន និងពេលអនាគត។ លោកបន្តថា៖«យើងមើលផ្ទាល់ភ្នែក គ្រាន់តែថតរូបអនុស្សាវរីយ៍លក្ខណៈបុគ្គល ក៏ភាគច្រើនភ្ជាប់ខ្លួនជាមួយប្រពៃណីវប្បធម៌ដែរ ទាំងសម្លៀកបំពាក់កាយវិការ ទាំងរូបភាពដែលនៅជុំវិញខ្លួនឧទាហរណ៍ ជាប្រាសាទ វត្តអារាម ដែលបង្ហាញឱ្យឃើញពីទឹកចិត្ត និងការចូលរួមការពារ ដែលយើងវាយតម្លៃខ្ពស់ចំពោះប្រជាជនយើង»។

ល្ខោនស្បែកធំ ឬល្ខោនស្រមោលស្បែកធំ គឺជាល្ខោនដែលមានវ័យចំណាស់បំផុតនៅក្នុងប្រទេសកម្ពុជាដែលជាសំណល់ពីសម័យបុរាណដែលមាននៅតាមសិលាចា​រឹកលើ​ប្រាសាទ។ ល្ខោននេះ ជាប្រភេទល្ខោនស្រមោល គេតែងសម្តែងនៅទីងងឹត ឬក្នុងពេលយប់នៅទីវាលដែលមានបរិវេណធំទូលាយ ដូចជានៅវាលស្រែ និងទីវត្តអារាម ហើយសិល្បៈនេះ សម្តែងលើផ្ទាំងក្រណាត់ធំ ដែលត្រូវគេលាតជាលក្ខណៈបញ្ឈរឡើងលើ។ ក្រៅពីផ្ទាំងឆ្លាក់ពីស្បែក និងក្រណាត់ស
គេត្រូវប្រើភ្លើងដើម្បីជះទៅលើផ្ទាំងក្រណាត់ស នៅសម័យដើមគេយកចន្លុះ ឬត្រឡោកដូង មកដុតជាភ្លើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម