ព័ត៌មានជាតិ
ពលករទេសន្តរប្រវេសន៍ជាធនធានដ៏សំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម
ភ្នំពេញ ៖ ការធ្វើទេសន្តរប្រវេសន៍ការងារ ជាបាតុភូតសកលមួយ ដែលកើតឡើងនៅគ្រប់ប្រទេស ហើយបានចូលរួមចំណែកដ៏ធំធេងនៅក្នុងការលើកកម្ពស់ជីវភាពគ្រួសារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ខណៈពេលដែល ពលករទេសន្តរប្រវេសន៍ គឺជា “វីរបុរស (Hero)” សម្រាប់គ្រួសារ និងសង្គមជាតិ។ នេះជាប្រសាសន៍របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិសម្រាប់ពលករទេសន្តរប្រវេសន៍ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ផ្ដល់តម្លៃដល់ពលករទេសន្តរប្រវេសន៍ និងគាំទ្រដល់ការវិលត្រឡប់និងសមាហរណកម្មដោយជោគជ័យ» នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។

ទិវាអន្តរជាតិសម្រាប់ពលករទេសន្តរប្រវេសន៍ ឆ្នាំ២០២៥នេះ ត្រូវបានរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្រោមការសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងសហភាពអឺរ៉ុប (EU) ដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សហជីព សមាគមនិយោជក សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា ទីភ្នាក់ងារជ្រើសរើសឯកជន ភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល អង្គការជាតិ-អន្តរជាតិជាដៃគូ និងអតីតពលករទេសន្តរប្រវេសន៍ សរុបប្រមាណ ២០០នាក់។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការរៀបចំទិវានេះ ជាការរំលឹកឡើងវិញអំពីសារសំខាន់ក្នុងការបន្តលើកកម្ពស់សិទ្ធិ សេចក្តីថ្លៃថ្នូរ សុខុមាលភាព និងអត្ថប្រយោជន៍គាំពារសង្គមជូនដល់បងប្អូនពលករទេសន្តរប្រវេសន៍ តាមរយៈការធ្វើឱ្យតួអង្គសំខាន់ទាំង៥ (ពលករទេសន្តរប្រវេសន៍ផ្ទាល់, ក្រុមគ្រួសាររបស់ពលករទេសន្តរប្រវេសន៍, និយោជកនៃប្រទេសទទួល, ទីភ្នាក់ងារជ្រើសរើសឯកជននៃប្រទេសបញ្ជូននិងប្រទេសទទួល និងរដ្ឋាភិបាលនៃប្រទេសបញ្ជូននិងប្រទេសទទួល) នៃយន្តការទេសន្តរប្រវេសន៍ការងារមានភាពរីករាយនិងសប្បាយចិត្ត។

ការធ្វើទេសន្តរប្រវេសន៍ការងារត្រូវតែមានសុវត្ថិភាព ដែលនេះជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងបន្តពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ ដោយផ្តោតទាំងការផ្សព្វផ្សាយអំពីនីតិវិធីក្នុងការធ្វើទេសន្តរប្រវេសន៍ការងារស្របច្បាប់ ការពង្រឹងយន្តការអធិការកិច្ចទីភ្នាក់ងារជ្រើសរើសឯកជន ការសម្រួលបន្ទុកចំណាយលើកម្រៃសេវាបញ្ជូនរបស់ទីភ្នាក់ងារជ្រើសរើសឯកជន ការគាំពារនិងអន្តរាគមន៍របស់អនុព័ន្ធការងារជូនពលករទេសន្តរប្រវេសន៍នៅប្រទេសទទួល និងយន្តការនៃការធ្វើមាតុភូមិនិវត្តន៍និងសមាហរណកម្មរបស់បងប្អូនពលករទេសន្តរប្រវេសន៍។

នាឱកាសនេះ លោករដ្ឋមន្ត្រីក៏បានសម្តែងនូវខកចិត្តចំពោះកិច្ចអន្តរាគមន៍របស់រដ្ឋាភិបាលប្រទេសថៃ ដែលមិនបានផ្តល់ការឆ្លើយតបនិងគាំពារពេញលេញដល់ពលករខ្មែរពីអំពើហិង្សានិងការបំពានលើរូបរាងកាយ ដែលបានកើតឡើងកាលពីពេលថ្មីៗ កន្លងទៅនេះ។

មុននឹងបញ្ចប់ លោករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធក្នុងការចូលរួមជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការលើកកម្ពស់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ពលករទេសន្តរប្រវេសន៍ ជាពិសេស ការចូលរួមក្នុងការកំណត់និងផ្សព្វផ្សាយគោលការណ៍ណែនាំក្នុងការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព និងការធ្វើសមាហរណកម្មប្រកបដោយជោគជ័យ៕





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


