ព័ត៌មានជាតិ
ចងចាំ និងគោរពដឹងគុណជានិច្ចចំពោះវីរកងទ័ពសមរភូមិមុខ! លោក ហេង សួរ នាំយកអំណោយ សម្តេចនាយករដ្ឋមន្ត្រី ជូនកងទ័ពកងពលតូចលេខ៧ នៅព្រះវិហារ
ព្រះវិហារ ៖ ក្នុងស្មារតីផ្សារភ្ជាប់ជាមួយសមរភូមិមុខ និងជាការចងចាំ បង្ហាញពីក្តីគោរពដឹងគុណជានិច្ចចំពោះបងប្អូនវីរកងទ័ពដែលកំពុងឈរជើងនៅតាមព្រំដែនការពារជាតិមាតុភូមិ នៅក្នុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូចុះសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ នៅទិសព្រះវិហារ។

នាឱកាសនេះ លោករដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនកងទ័ពនៅសមរភូមិមុខ។ ក្នុងន័យនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែបានកៀរគរនូវធនធាន សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ដើម្បីចូលរួមចំណែកសម្រាលការលំបាក និងលើកទឹកចិត្តដល់វីរកងទ័ពដែលកំពុងឈរជើងការពារទឹកដី។

លោក ហេង សួរ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់នាយទាហាន និងពលទាហានទាំងអស់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងនោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ ហើយក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួង ក៏ដូចជាតំណាងសមាគមសហជីព រោងចក្រសហគ្រាស បងប្អូនកម្មករនិយោជិត និងនិយោជកទាំងអស់ ពិតជាចងចាំនូវវីរភាពដ៏អង់អាចក្លាហាន និងគោរពដឹងគុណចំពោះការលះបង់សាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារសេចក្តីសុខសាន្តរបស់អ្នកសមរភូមិក្រោយ និងប្រទេសជាតិយើង។

លោកបានគូសបញ្ជាក់ថា ការពង្រឹងសម្ព័ន្ធមេត្រីភាពរវាងស្ថាប័នរដ្ឋ និងសមរភូមិមុខ គឺជាការអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ខឿនការពារជាតិឱ្យកាន់តែរឹងមាំ ក្រោមពាក្យស្លោក «ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ»។ តាមរយៈនេះជាទៀងទាត់ រៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០៨មក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតែងបានចុះសាកសួរសុខទុក្ខកងទ័ពដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពក្នុង១ឆ្នាំ ២ដង គឺនៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ព្រមជាមួយនឹងការពាំនាំនូវអំណោយឧបត្ថម្ភផ្សេងៗមកជាមួយផងដែរ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក៏បានលើកឡើងពីវឌ្ឍនភាព និងសមិទ្ធផលនានាក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលសម្រេចបានក្រោមគោលនយោបាយនិងចក្ខុវិស័យដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ភាពជោគជ័យទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនជាលំដាប់ ដែលធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

គណៈប្រតិភូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់កងពលតូចអន្តរាគមន៍លេខ៧ រួមមានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ និងថវិកាមួយចំនួន ដើម្បីផ្សារភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ ជាការលើកទឹកចិត្ត និងត្រៀមទទួលអំណរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រកបដោយភាពសប្បាយរីករាយ និងកក់ក្តៅ៕




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


