Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញ រដ្ឋបាលរាជធានី-ខេត្ត ត្រូវបើកវគ្គបណ្តុះបណ្តាលបង្កើនសមត្ថភាពមន្ត្រីគ្រប់ជាន់ថ្នាក់ ឲ្យយល់ដឹងច្បាស់លាស់អំពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

បានផុស

នៅ

លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញរដ្ឋបាលរាជធានី-ខេត្ត ត្រូវបើកវគ្គបណ្តុះបណ្តាលបង្កើនសមត្ថភាពដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ឲ្យយល់ដឹងច្បាស់លាស់អំពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញនេះ ក្នុងឱកាស លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីពិនិត្យតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដឹកនាំដោយ លោកអភិសន្ដិបណ្ឌិត ស សុខា តាមរយៈប្រព័ន្ធវីដេអូ ដែលមានការចូលរួមពី លោក លោកស្រីជាអភិបាលរាជធានី-ខេត្ត ស្នងការនគរបាលរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបចូលរួមទៀត នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៦ នេះ។

នាឱកាសនោះ លោកអភិសន្ដិបណ្ឌិត ស សុខា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ជាបន្តបន្ទាប់ ដើម្បីជំរុញឲ្យអាជ្ញាធររាជធានី-ខេត្ត ពង្រឹងសមត្ថភាពមន្ត្រីក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដែលត្រូវបានចាត់ទុកជា «សេដ្ឋកិច្ចខ្មៅ» បំផ្លាញកិត្តិយសជាតិ។

លោកអភិសន្ដិបណ្ឌិត ស សុខា បន្តថា ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រាជរដ្ឋាភិបាល ដាក់ចេញបទបញ្ជាដល់អភិបាលរាជធានី-ខេត្ត ត្រូវរួមសហការគ្នា មានភាពម្ចាស់ការទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីក្នុងភូមិសាស្ត្រ និងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់ និងលិខិត បទដ្ឋានគតិយុត្តជាធរមាន។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញ រដ្ឋបាលរាជធានី-ខេត្ត ត្រូវបើកវគ្គបណ្តុះបណ្តាលបង្កើនសមត្ថភាពដល់មន្ត្រីគ្រប់ជាន់ថ្នាក់ឲ្យយល់ដឹងច្បាស់លាស់អំពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយការណែនាំនេះ គឺជាផ្នែកមួយ នៃការពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដោយផ្តោតលើចំណុចគន្លឹះ នៃការអភិវឌ្ឍសមត្ថភាពឌីជីថលគឺបង្កើនជំនាញមន្ត្រីនគរបាលក្នុងការតាមដាន និងបង្ក្រាបបទល្មើសបច្ចេកវិទ្យាដែលកាន់តែស្មុគស្មាញ។ ជាពិសេសត្រូវត្រួតពិនិត្យ និងដោះស្រាយរាល់បណ្តឹងអន្តរាគមន៍ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ និងបង្កើនការសហការជាសកល ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានរម្លឹកឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ ប្រកាន់ខ្ជាប់នូវឥរិយាបថរាក់ទាក់ និងស្មោះត្រង់ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ហើយត្រូវយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយបន្ថែមទៀត នូវអនុក្រឹត្យលេខ ០៣ ស្ដីពីបទល្មើសឆបោកតាមប្រព័ន្ធអនឡាញដល់បណ្ដាសណ្ឋាគារ បុរី ជាដើម ដើម្បីពិនិត្យ តាមដាន និងបង្ក្រាប ឲ្យបានទាន់ពេលវេលា ករណីមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញផងដែរ៕
អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម