Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសលីទុយអានីជួបសន្ទនាទ្វេភាគីជាមួយលោក ប្រាក់ សុខុន ក្នុងពេលមកទស្សនកិច្ចនៅកម្ពុជា

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយសមភាគីរបស់លោក គឺរដ្ឋមន្ត្រីការបរទេសលីទុយអានី លោក កេស្ទូទីស ប៊ូឌ្រីស ដោយបានផ្ដោតលើការពង្រឹងបន្ថែមទៀតនូវចំណងទាក់ទងរវាងកម្ពុជា និងលីទុយអានី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យគន្លឹះ រួមមាន ពាណិជ្ជកម្ម និងវិនិយោគ អប់រំ សន្តិសុខសាយប័រ ឌីជីថលនីយកម្ម ថាមពល កសិកម្ម ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។

ក្នុងជំនួបនោះ លោក ប្រាក់ សុខុន និងសមភាគីលីទុយអានី ក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីកង្វល់រួមផងដែរ ដោយបានគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ និងគាំទ្រការប្រើប្រាស់វិធីសាស្រ្តការទូត និងផ្លូវច្បាប់សម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី។

លោក កេស្ទូទីស ប៊ូឌ្រីស (Kęstutis Budrys) រដ្ឋមន្រ្តីការបរទេសលីទុយអានី គឺកំពុងធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា ដែលទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញពីខាងភាគីកម្ពុជា ចាប់ពីថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០២៦។ នាព្រឹកថ្ងៃនេះ មុនជួបជាមួយលោក ប្រាក់ សុខុន លោករដ្ឋមន្ត្រីការបរទេសលីទុយអានី បានចូលជួបសម្ដែងការគួរសមជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព ហើយតាមគម្រោង លោកក៏នឹងមានជំនួបពិភាក្សាដាច់ដោយឡែកជាមួយរដ្ឋមន្ត្រី និងឥស្សរជនកម្ពុជាមួយចំនួនផងដែរ។

ក្រសួងការបរទេសកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចផ្លូវការនេះ ថា នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដែលមានស្រាប់ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ និងជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងលីទុយអានី។

គួរកត់សម្គាល់ថា ទំនាក់ទំនងការទូតកម្ពុជា–លីទុយអានី ជាទំនាក់ទំនងដែលបានបង្កើតជាផ្លូវការនៅឆ្នាំ១៩៩៣ គឺកើតឡើងបន្ទាប់ពីលីទុយអានីទទួលបានឯករាជ្យពីសហភាពសូវៀត ខណៈកម្ពុជាកំពុងកសាងស្ថេរភាពនយោបាយ ក្រោយសង្គ្រាមស៊ីវិលផ្ទៃក្នុង។ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរហាក់មិនទាន់មានការទូលំទូលាយនៅឡើយ។

ក្នុងជំនួបនាព្រឹកមិញនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោក កេស្ទូទីស ប៊ូឌ្រីស ពេលនេះ ជាចលករក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ក៏ដូចជាការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងទូលំទូលាយបន្ថែមទៀត។ សម្តេចធិបតី និងលោករដ្ឋមន្ត្រីការបរទេស ក៏បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ឧស្សាហកម្មកែច្នៃ ទេសចរណ៍ ការធ្វើបរិវត្តកម្មឌីជីថល ការអប់រំ និងបណ្តុះបណ្តាល ក៏ដូចជាជំរុញទំនាក់ទំនងរវាងវិស័យឯកជនប្រទេសទាំងពីរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម