Connect with us

ព័ត៌មានជាតិ

ប្រើទុន ២០០ លានដុល្លារ គម្រោងសាងសង់អគ្គិសនី​​ដើរដោយថាមពលខ្យល់នៅខេត្ត​មណ្ឌលគិរីសម្រេចបាន ២០%

បានផុស

នៅ

គម្រោងសាងសង់ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយថាមពលខ្យល់ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលមានអានុភាព ១៥០ មេហ្គាវ៉ាត់ ដោយប្រើទុនវិនិយោគប្រមាណ ២០០ លានដុល្លារ កំពុងដំណើរការអភិវឌ្ឍយ៉ាងសកម្ម ដោយសម្រេចវឌ្ឍនភាពប្រហែល ២០% ហើយ គិតមកដល់ត្រឹមថ្ងៃទី ៣០ ខែមេសានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់ រតនៈ មន្រ្តីនៃមន្ទីរ៉ែ និងថាមពលខេត្តមណ្ឌលគិរី បានឱ្យដឹងនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦ ថា បន្ទាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តផ្ដល់សិទ្ធិវិនិយោគកាលពីខែមករា ឆ្នាំ ២០២៦ មានក្រុមហ៊ុនចំនួន ៦ ទទួលសិទ្ធអភិវឌ្ឍគម្រោងនេះ។ ទោះជាយ៉ាងណា បច្ចុប្បន្ន មានតែក្រុមហ៊ុនមួយប៉ុណ្ណោះ (ក្រុមហ៊ុនឥណ្ឌូឆាយណា) ដែលកំពុងដំណើរការសាងសង់ជាក់ស្តែង។

គម្រោងនេះស្ថិតនៅភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ហើយតាមផែនការ ក្រុមហ៊ុននីមួយៗអាចសាងសង់បង្គោលកង្ហាខ្យល់ចន្លោះពី ២០ ទៅ ៣០ បង្គោល។ ការអភិវឌ្ឍគម្រោងថាមពលខ្យល់នេះ ត្រូវបានចាត់ទុកថាជាជំហានសំខាន់ក្នុងការជំរុញការប្រើប្រាស់ថាមពលស្អាត និងថាមពលបៃតងនៅកម្ពុជា ជាពិសេសនៅតំបន់ភ្នំនៃខេត្តមណ្ឌលគិរី ដែលមានសក្តានុពលខ្យល់ខ្លាំង និងអាចប្រើប្រាស់បានយូរអង្វែង។

គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២៥ រដ្ឋសភាកម្ពុជា បានអនុម័តគម្រោងថាមពលខ្យល់ចំនួន ៦ គម្រោង នៅខេត្តមណ្ឌលគិរី ដែលមានអានុភាពសរុប ៩០០ មេហ្គាវ៉ាត់។ រាជរដ្ឋាភិបាលក៏បានកំណត់គោលដៅឱ្យថាមពលស្អាតមានចំណែកដល់ ៧០% នៅត្រឹមឆ្នាំ ២០៣០ ដើម្បីធានាការអភិវឌ្ឍមានចីរភាព និងទាក់ទាញវិនិយោគ។

គម្រោងទាំងនេះនឹងជួយដោះស្រាយបញ្ហាកង្វះអគ្គិសនី បំពេញតម្រូវការកំពុងកើនឡើង និងធានាការផ្គត់ផ្គង់អគ្គិសនីឱ្យមានស្ថិរភាព តម្លៃសមរម្យ និងទាន់ពេលវេលា។ ជាមួយគ្នានេះ វាក៏ជួយពង្រឹងសន្តិសុខថាមពលជាតិ ដោយកាត់បន្ថយការពឹងផ្អែកលើការនាំចូល និងលើកកម្ពស់ការអភិវឌ្ឍប្រភពថាមពលក្នុងស្រុកផងដែរ៕

អត្ថបទ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម