Connect with us

ព័ត៌មានជាតិ

មន្ត្រី​ជាន់ខ្ពស់​ថាកម្ពុជានឹង​ប្រើ​យន្ត​ការ​នៃ​ការ​ផ្សះផ្សា​ដោយ​បង្ខំ​របស់​ UNCLOS ដើម្បី​បន្ត​ដោះស្រាយ​ជាមួយថៃ​បើប្រទេស​នេះពិតជាដកខ្លួនចេញពី MOU ២០០១

បានផុស

នៅ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​លោក គង់ ភោគ បាន​បង្ហាញ​ការ​សោក​ស្ដាយ​ចំពោះ​ការ​ចង់​ដក​ខ្លួន​របស់​ថៃ​ចេញ​ពី​អនុសារណៈ​យោគយល់​គ្នា​លើ​ព្រំដែន​ដែន​សមុទ្រ MOUឆ្នាំ២០០១ តែ​ថា​បើ​ទោះ​បី​ថៃ​ដក​ខ្លួន​ចេញ​ក្ដី​ក៏​កម្ពុជា​នៅ​តែ​មាន​យន្ត​ការ​បន្ត​ក្នុង​ការ​ដោះស្រាយ​ផង​ដែរ​ ជា​ពិសេស​គឺ​ការ​ប្រើប្រាស់​យន្ត​ការ​នៃ​ការ​ផ្សះផ្សា​ដោយ​បង្ខំ​ដើម្បី​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ស្រប​តាម​ច្បាប់​អន្តរជាតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​កិច្ច​សម្ភាសន៍​ពិសេស​ផ្សាយ​ដោយ​ទូរទស្សន៍ជាតិ​នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០២៦​នេះ រដ្ឋ​លេខាធិការ​ក្រសួង​ការបរទេស​ លោក គង់ ភោគ បាន​បញ្ជាក់​ថា​បើ​ទោះ​បី​ជា​គ្មាន​ MOU ឆ្នាំ​២០០១ ដើម្បី​សម្របសម្រួល​យន្តការ​លើ​ដែន​សមុទ្រ​ត្រួត​ស៊ីគ្នា​រវាង​​កម្ពុជា​-ថៃ​ ដែល​ធ្លាប់​អនុវត្តន៍​២៥​ឆ្នាំ​មក​ហើយ​ក្ដី ក៏​កម្ពុជា​នៅ​តែ​អាច​រក្សា​ប្រយោជន៍​ និងដំណើរការចរចារ​បាន​ដដែល​តាម​រយៈ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្ទ​ឆ្នាំ​១៩៨២ (UNCLOS 1982) ជាពិសេស​គឺ​យន្ត​ការ​នៃ​ការ​ផ្សះផ្សា​ដោយ​បង្ខំ​ (Compulsory Conciliation)។

លោក​ថា៖ «យន្ត​ការ​នៃ​ការ​ផ្សះផ្សា​ដោយ​ចាប់​បង្ខំ​គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​នីតិ​សមុទ្រ​ដើម្បី​ជួយ​ទៅ​ដល់​រដ្ឋ​ភាគី​ដើម្បី​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​និង​ស្រប​ទៅ​តាម​ច្បាប់​អន្តរជាតិ​​»

លោក​បាន​បញ្ជាក់​ថា​ការ​សម្រេច​ចិត្ត​របស់​កម្ពុជា​គឺ​បាន​ឆ្លុះ​បញ្ចាំង​ពី​ក្ដី​សង្ឃឹម​ដែល​កម្ពុជា និង​ថៃ​អាច​សម្រេច​បាន​នូវ​ដំណោះស្រាយ​មួយ​ដោយ​យុត្តិធម៌ យូរ​អង្វែង​ និង​ស្រប​តាម​ច្បាប់​អន្តរជាតិ។


យន្ត​ការ​នៃ​ការ​ផ្សះផ្សា​ដោយ​បង្ខំ Compulsory Conciliation ត្រូវ​បាន​ចែង​ក្នុង​ UNCLOS ដែល​ជា​យន្ត​ដោះស្រាយ​កណ្ដាល ដែល​រដ្ឋ​ភាគី​ណាមួយ​នៃ​ជម្លោះ​អាច​ទាមទារ​ឱ្យ​មាន​ការ​ផ្សះផ្សា​ដោយ​បង្ខំ​បាន​ទោះ​បី​ភាគី​មួយ​ទៀត​មិន​ព្រម​សហការ​ក្ដី​ ក៏​យន្ត​ការ​នេះ​នៅ​តែ​អាច​បន្ត​ទៅ​មុខ​បាន​តាម​រយៈ​ការ​ចាត់​តាំង​ដោយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​។ យន្ត​ការ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បំបែក​ភាព​ទាល់ច្រក និង​ដាក់​សម្ពាធ​ខាង​នយោបាយ​ឱ្យ​រដ្ឋ​ដែល​រឹង​រូស​ងាក​មក​ចរចា​ដោយ​សន្តិវិធី​វិញ។

​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​ថៃ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា បាន​សម្រេច​ដក​ខ្លួន​ចេញ​ពី​ MOU ២០០១ ក្នុង​តំបន់​ត្រួត​ស៊ីគ្នា​ដែន​សមុទ្រ​កម្ពុជា​-ថៃ។ ការ​ដក​ខ្លួន​នេះ​ត្រូវ​បាន​​​អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​សន្តិសុខ​របស់​ប្រទេស​ថៃ​ បណ្ឌិត​ Surachart Bamrungsuk ថា​ការ​លុប​ MOU គឺ​ត្រូវ​អនុវត្ត​តាម​ការ​កំណត់​ក្នុង​អនុសញ្ញា​ក្រុង​វីយ៉ែន​ឆ្នាំ​១៩៦៩ មិន​មែន​គ្រាន់​តែ​ប្រកាស​ហើយ​ចាត់​ទុក​ថា​បញ្ចប់​ និង​លុប​ចោល​ភ្លាមៗ​នោះ​ទេ​ ដែល​ការ​លុប​របស់​ថៃ​នៅ​ពេល​នេះ​បាន​បង្កើត​ជា​សំណួរ​មួយ​ដែរ​ថា​មាន​ការ​ពិត​កម្រិត​ណា​ចំពោះ​ការ​លុប​នេះ​។ លោក​យល់​ថា​ការ​លុប MOU ឆ្នាំ​២០០១​​ដោយ​ថៃ​គឺ​គ្រាន់​តែ​ផ្គាប់​ចិត្ត​ក្រុម​ជាតិ​និយម​ និង​បណ្ដា​ក្រុម​ជ្រុល​និយម​ប៉ុណ្ណោះ ដែល​បាន​ធ្វើ​ឱ្យ​បាត់​បង់​នូវ​ក្របខ័ណ្ឌ​នៃ​ការ​ចរចា​រវាង​កម្ពុជា​-ថៃ​ដែល​ធ្លាប់​អនុវត្តន៍​កន្លង​មក​ប៉ុណ្ណោះ​។


លោក​សរសេរ​ថា​៖ «ការ​លុបចោល MoU 44 គឺ​ជា​ការ​បោះបង់​ចោល​ផល​ប្រយោជន៍​ដែន​សមុទ្រ​របស់​ថៃ ក្នុង​ទិដ្ឋភាព​ច្បាប់​អន្តរជាតិ ដូច​ដែល​ការ​ចរចា​មុន​បាន​រៀបចំ​ក្របខ័ណ្ឌ​ទុក​មក​។ លើក​លែង​តែ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី Anutin ជឿជាក់​ដោយ​ខ្លួន​ឯង​ថា​ លោក​អាច​បង្កើត​ក្របខ័ណ្ឌ​ចរចា​ដែន​សមុទ្រ​ថ្មី​បាន​ល្អ​ជាង​ក្រុម​ចាស់ ឬ​ជឿ​ថា​ លោក​មាន​អ្នក​ពូកែ​ដែល​មាន​ចំណេះ​ដឹង និង​បទពិសោធន៍​ផ្នែក​ច្បាប់​សមុទ្រ​ច្រើន​ជាង​បុគ្គល​ដូចជា សាស្ត្រាចារ្យ បណ្ឌិត Surakiart Sathirathai និង នាយ​ឧត្តម​នាវី Thanom Charoenlap តែ​ជា​អកុសល​ខ្ញុំ​មិន​ជឿ​ឡើយ​ ហើយ​ក៏​គ្មាន​ផ្លូវ​ជឿ​ដែរ ព្រោះ​នៅ​ពេល​បាន​ស្ដាប់​អ្នក​ដែល​នៅ​ជា​មួយ​រដ្ឋាភិបាល ប្រជាជន ក្រសួងការបរទេស និង​កងទ័ព​ជើងទឹក​ហើយ​ វា​រឹតតែ​ធ្វើ​ឱ្យ​ខ្ញុំ​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ទាល់​តែ​សោះ»។

ទាក់ទង​នឹង​ការ​លុប​MOU ឆ្នាំ​២០០១​ ដោយ​ប្រទេស​ថៃ​នេះ​ ក៏​ត្រូវ​បាន​ប្រមុខ​រដ្ឋ​ស្ដីទី​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​សម្ដេច​កាល​ពី​ថ្ងៃ​ទី​១​ ខែ​ឧសភា ដោយ​បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​យោបល់​របស់​អ្នកវិភាគ​របស់​ថៃ​រូប​នេះ និង​ថា​ការ​លុប​ MOU ស្ដីពី​តំបន់​ដែន​សមុទ្រ​ត្រួត​ស៊ីគ្នា​រវាង​កម្ពុជា​និង​ថៃ​នេះ ​​ហាក់​បី​ដូច​ជា​រដ្ឋាភិបាល​ថៃ​ចង់​ធ្វើ​អន្តរជាតូបនីយកម្ម​លើ​តំបន់​ដែល​សមុទ្រ​ត្រួត​ស៊ីគ្នា​ជាមួយ​កម្ពុជា ដែល​ទាំង​នេះ​វាយ​ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​ថៃ​ទាមទារ​ចង់​បាន​ទ្វេភាគី​ជាមួយ​កម្ពុជា​នោះ​៕


អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម