Connect with us

ព័ត៌មានជាតិ

កម្ពុជា​ប្រើប្រាស់​បច្ចេកវិទ្យា​សិប្បនិម្មិត AI ដើម្បី​សិក្សា​ពីភាព​ស៊ាំនៃ​ការប្រើប្រាស់​ថ្នាំ​អង់ទីប៊ីយ៉ូទិក

បានផុស

នៅ

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងត្រូវបានយកមកអភិវឌ្ឍ និងប្រើប្រាស់លើ​វិស័យ​សុខាភិបាល ដើម្បី​សិក្សា​ពីភាព​ស៊ាំនៃ​ការប្រើប្រាស់​ថ្នាំអង់ទីប៊ីយ៉ូទិក និង​ចូលរួមលើកកម្ពស់វិស័យសុខាភិបាល​នៅក្នុង​ប្រទេស​​កម្ពុជា។

លោក សេង សុភាព ប្រធាន​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថលកម្ពុជា​បាន​ឲ្យ​ដឹង​ថា AI កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​កា​រ​ជួយ​សង្គ្រោះជីវិត តាមរយៈ​ការប្រើប្រាស់ទិន្នន័យ​វិភាគ​​លើ​ការប្រើប្រាស់​​ថ្នាំអង់ទីប៊ីយ៉ូទិក​ឲ្យ​មាន​ប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា ក្រុម​អ្នក​ស្រាវជ្រាវ​បាន​យក​ទិន្នន័យ​ពី​មន្ទីរពេទ្យ​មក​បង្កើត​ម៉ូដែល AI ដើម្បីដោះស្រាយបញ្ហាភាពស៊ាំនឹងថ្នាំអង់ទីប៊ីយ៉ូទិក ដោយ​មានការ​សហការ​ជាមួយ​សាលាពេទ្យ និង​មន្ទីរពេទ្យកាល់ម៉ែត្រ។

ប្រជាជនកម្ពុជាភាគច្រើនមានបញ្ហាស៊ាំនឹងថ្នាំដោយសារទម្លាប់នៃការប្រើប្រាស់ថ្នាំតាំងពីក្មេង និងការប្តូរប្រភេទថ្នាំញឹកញាប់ ដែលធ្វើឲ្យបាក់តេរី និងវីរុសបង្កើតភាពស៊ាំនៅក្នុងបរិស្ថានកម្ពុជា។

បើតាមលោក សេង សុភាព តាមរយៈការប្រើប្រាស់ទិន្នន័យពីមន្ទីរពេទ្យ ក្រុមអ្នកស្រាវជ្រាវបានបង្កើតម៉ូដែល AI ដែលជួយវិភាគថាតើការឆ្លងមេរោគប្រភេទណា គួរប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិកមួយណាទើបមានប្រសិទ្ធភាពខ្ពស់ ឬមានឱកាសជោគជ័យជាងគេសម្រាប់បុគ្គលម្នាក់ៗ។

ពីមុនមកគ្រូពេទ្យតែងតែពឹងផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួន ក្នុងការសម្រេចចិត្តជ្រើសរើសថ្នាំ។ ប៉ុន្តែម៉ូដែល AI ជួយ​ឱ្យ​ពួកគេអាចធ្វើការសម្រេចចិត្តបានកាន់តែប្រសើរ ដោយផ្អែកលើទិន្នន័យជាក់លាក់។

ការសម្រេចចិត្តបានត្រឹមត្រូវនិងទាន់ពេលវេលានេះ គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការសង្គ្រោះជីវិត ជាពិសេសសម្រាប់ករណីឆ្លងមេរោគធ្ងន់ធ្ងរក្នុងខ្លួន ឬខួរក្បាល ដែលការយឺតយ៉ាវតែ ២ ទៅ ៣ ថ្ងៃអាចបណ្តាលឲ្យបាត់បង់ជីវិតបាន។ លោក សេង សុភាព​ បញ្ជាក់។

លោក សេង​ សុភាព បាន​​បន្ត​ថា ក្នុង​វិស័យ​សុខាភិបាល​នេះ​ដែរ អ្នកជំនាញក៏​បាន​ធ្វើ​សហការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាសិក្សាពីជំងឺឆ្កែឆ្កួតដែលត្រូវបានគេចាត់ទុកថាជា “ឃាតករដ៏ស្ងាត់កំបាំង” ដើម្បីស្វែងយល់ និងដោះស្រាយការគំរាមកំហែងដល់សុខភាពសាធារណៈដែលបណ្តាលមកពីជំងឺមួយនេះនៅកម្ពុជា។

ជា​អ្នកស្រាវជ្រាវដែលមានបទពិសោធន៍ជាង ២៥ ឆ្នាំ លោក សេង សុភាព បានបង្ហាញពីក្តីរំភើបយ៉ាងខ្លាំងដែលជាលើក​ទី​១ ដែល​ចំណេះដឹងផ្នែក AI អាចជួយសង្គ្រោះអាយុជីវិតមនុស្សពិតៗ និង​ជួយ​កែលម្អវិស័យសុខាភិបាលនៅកម្ពុជាបានយ៉ាងច្រើន។

​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងត្រូវបានយកមកអភិវឌ្ឍ និង​ប្រើប្រាស់​យ៉ាង​សកម្ម​លើ​វិស័យ​ជាច្រើន​ដូចជា​​ផ្នែក​​សុខាភិបាល អប់រំ ធនាគារ កសិកម្ម​ជាដើម។

ដោយ​មើលឃើញពី​នវានុវត្តន៍នៃការប្រើប្រាស់​បច្ចេកវិទ្យា AI តាមវិស័យនីមួយៗ ក្រសួងប្រៃណីយនិង​ទូរគមនាគមន៍ ​រៀបចំ​​បង្កើតមជ្ឈ​មណ្ឌល AI ដើម្បីជាឱកាស​ឱ្យអ្នកស្រាវជ្រាវ​ខ្មែរអាចអភិវឌ្ឍម៉ូដែល AI សម្រាប់​ប្រើប្រាស់​ក្នុងស្រុក​បាន។

អ្នកជំនាញ​បាន​អះអាង​ថា កម្ពុជា​មិន​អាច​ពឹង​ផ្អែក​លើ​ការទិញ​ប្រព័ន្ធ AI ពី​បរទេស​ទាំងស្រុង​នោះទេ ព្រោះ​បរិបទ​​និង​ទិន្នន័យ​មិន​ដូចគ្នា។ ឧទាហរណ៍ បញ្ហាភាព​ស៊ាំថ្នាំនៅកម្ពុជា​គឺខុសពីប្រទេសបារាំង ដូច្នេះ​ការ​យក​ម៉ូដែល​ពី​បារាំង​ម​កប្រើគឺមិនត្រឹមត្រូវឡើយ។ ប្រព័ន្ធ AI សម្គាល់ផ្ទៃមុខបើ​ទិញពី​សហរដ្ឋអាមេរិក ក៏​អាច​នឹង​មាន​បញ្ហា​ក្នុងការ​បែងចែក​ទម្រង់មុខជនជាតិខ្មែរដែរ។ ហេតុនេះកម្ពុជាចាំបាច់ត្រូវតែបង្វឹកម៉ូដែល AI ផ្ទាល់ខ្លួន​ដោយ​ប្រើប្រាស់​ទិន្នន័យ​ក្នុងស្រុក និង​អ្នក​ជំនាញ​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម