Connect with us

ព័ត៌មានជាតិ

រដូវភ្លៀងចូលមកដល់ មន្រ្តី​​ជំនាញ​ខេត្តក្រចេះចុះចាក់វ៉ាក់សាំងជំងឺសារទឹកការពារសត្វ​គោ​ ក្របី​

បានផុស

នៅ

មន្ត្រីជំនាញនៃការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ បានចុះចាក់បាក់សាំងការពារជំងឺសារទឹកគោ-ក្របី ជូនប្រជាពលរដ្ឋនៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះចំនួន ២១០ ក្បាល និងបានប្រគលវ៉ាក់សាំងចំនួន ២០០០ ដូស ឲ្យភ្នាក់ងារសុខភាពសត្វភូមិចាក់បន្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការឲ្យដឹងពីមន្ត្រីជំនាញ​បាន​ឲ្យ​ដឹង​ថា ជំងឺសាទឹកគឺជាជំងឺឆ្លងដ៏សាហាវមួយក្នុងចំណោមជំងឺឆ្លងនានា ដែលកើតមាន​លើ​សត្វចិញ្ចឹម។ ជំងឺនេះបង្កឡើងដោយបាក់តេរីមួយប្រភេទឈ្មោះ ប៉ាស្ទ័ររេឡាមុលតូស៊ីដា (Pasteurellamultocida) ដែលមានរាងជា​កូន​ដំបងខ្លី មិនមានចលនា និងមិនបង្កើតស្ប៉​។ ស្ប៉គឺ​ជា​សរីរាង្គ​បន្តពូជឯកកោសិកា ឬពហុកោសិ​របស់​ពពួក​ផ្សិត ឬបាក់​តេរី​។​ ជំងឺ​នេះ​អាច​ការ​ពារ​បាន​ដោយ​ចាក់វ៉ាក់សាំង​។

ប្រភពបន្ត​ថា ជំងឺសារទឹកអាចកើតមានលើសត្វគ្រប់ប្រភេទ ដូចជា គោ ក្របី ចៀម ពពែ ជ្រូក ជាដើម។ ជំងឺនេះបណ្តាលឱ្យមានការរលាក និងជាំឈាមនៅតាមសរីរាង្គខាងក្នុងរបស់សត្វ ជាពិសេសប្រដាប់ដកដង្ហើម និងប្រដាប់​រំលាយអាហារ។ ជំងឺសាទឹកកើតឡើងរៀងរាល់ឆ្នាំ ហើយច្រើនកើតនៅរដូវភ្លៀងធ្លាក់ ដែលអាចបណ្តាលឱ្យគោ និង​ក្របីងាប់យ៉ាងឆាប់រហ័ស។

ប្រភពពីមន្ត្រីជំនាញបានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺសារទឹកសត្វគោ ក្របី នេះ គឺនៅដើមរដូវប្រាំង និងដើមរដូវវស្សា។ ចំពោះរោគសញ្ញានៃជំងឺសារទឹក រយៈពេលមេរោគសម្ងំមានប្រហែលពី ២ ទៅ ៥ ថ្ងៃ។ បន្ទាប់មក សត្វនឹងបង្ហាញរោគសញ្ញាដូចជា គ្រុនក្តៅខ្លាំង កម្លាំងចុះខ្សោយ ស្គមយ៉ាងឆាប់រហ័ស និងមានស្នាមជាំឈាមនៅតាមស្រទាប់​ភ្នាសស្តើងនៃសរីរាង្គខាងក្នុង។

ជាទូទៅ គោ ក្របី នឹងមានអាការៈហើមនៅជុំវិញក ហើយការហើមអាចរាលដាលដល់ស្មាមុខ​។ កន្លែងហើមមានសភាពក្តៅ ទន់ជ្រាយ អណ្តាតអាចហើម និងធ្លាក់ចេញមកក្រៅ។ ភ្នែកឡើងហើម និងរលាកនៅតាមត្របកភ្នែកខាងក្នុង។ សត្វអាចហើមពោះ រាកឈាមលាយជា​មួយ​រំអិល មានសំបោរ រលាកសួត និងដង្ហើមដើរញាប់។ ក្នុងករណីធ្ងន់ធ្ងរ សត្វអាចងាប់ក្នុងរយៈពេលត្រឹមតែ ៦ ទៅ ២៤ ម៉ោង បន្ទាប់ពីបង្ហាញរោគសញ្ញា ហើយអាចឃើញស្នាមជាំឈាមនៅស្រទាប់សាច់ខាងក្នុងនៃក៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម