Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកណ្តាល បានចុះត្រួតពិនិត្យអនុវត្តវិធានរៀប ចំសណ្តាប់ធ្នាប់តាមបណ្ដាផ្លូវជាតិសំខាន់ៗ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ

បានផុស

នៅ

នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយអាជ្ញាធរក្រុងតាខ្មៅ និងមន្ទីរពាក់ព័ន្ធ បានចុះត្រួតពិនិត្យ និងអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់ ណែនាំដល់អាជីវករនិងប្រជាពលរដ្ឋដែលកំពុងប្រកបអាជីវកម្មនិងរស់នៅតាមសងខាង បណ្តោយផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១ ផ្លូវលេខ១០៧ ផ្លូវលេខ១០៨ ផ្លូវលេខ២០៦ ផ្លូវលេខ២០៩ និងផ្លូវលេខ២១០ ត្រូវធ្វើការរុះរើចេញនូវសំណង់ សំយាប ស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ លើចំណីផ្លូវ ក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ខេត្តកណ្តាល។ដើម្បីពង្រឹងសណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សោភ័ណភាពឱ្យកាន់តែមានភាពស្រស់បំព្រង និងដើម្បីត្រៀមប្រារព្ធទិវាបរិស្ថានជាតិនិងបរិស្ថាន ពិភពលោក ៥ មិថុនា ២០២៦ នៅកីឡដ្ឋានខេត្តកណ្តាលនាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាសនោះ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ គោលបំណងសំខាន់ ក្នុងការចុះរៀបចំនេះ គឺដើម្បីរៀបចំសោភ័ណភាពនៅតាមកំណត់ផ្លូវជាតិសំខាន់ៗនេះ ឲ្យបានស្អាតសមរម្យសាកសមជាទីក្រុងស្អាត មានសន្ដិសុខសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ និងមានបរិស្ថានអនាម័យបានល្អប្រសើរ។ ពិសេសគឺដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋទូទៅ មិនឲ្យមានការកក់ស្ទះបន្តទៀត  និងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានមួយកម្រិតទៀតផងដែររ។ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់តំបន់នោះ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពរបស់អាជ្ញាធរ ព្រោះការរៀបចំសណ្តាប់ធ្នាប់នេះមិនត្រឹមតែធ្វើឱ្យផ្លូវមានភាពទូលាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

លោកអភិបាលរងខេត្ត ក៏បានបន្តថា៖ អាជ្ញាធរត្រូវណែនាំដល់អាជីវករ ដែលលក់ដូរលើចិញ្ចើមផ្លូវ និងរស់នៅតាមសងខាងផ្លូវ ឱ្យរុះរើតូប ឬការដាក់តាំងទំនិញដែលបង្កការរំខាន់ដល់ការធ្វើដំណើរថ្មើរជើងរបស់ប្រជាពលរដ្ឋ និងយានយន្តធ្វើដំណើរ ពិសេសទៀតនោះគឺស្លាកយីហោរបស់ពួកគាត់លយមកចំណីផ្លូវសាធារណៈ គឺអាជ្ញាធរតម្រូវអោយរុះរើជាបន្ទាន់ដោយគ្មានការលើកលែងឡើយ។

ទន្ទឹមនឹងការចុះអនុវត្តនេះ អាជ្ញាធរខេត្តក៏បានអំពាវនាវដល់អាជីវករទាំងអស់ សូមមេត្តាបន្តចូលរួមសហការដោយស្ម័គ្រចិត្ត ជាមួយអាជ្ញាធរ ដោយមិនត្រូវត្រឡប់មកលក់ដូររំលោភលើចិញ្ចើមផ្លូវវិញឡើយក្រោយពេលសមត្ថកិច្ចចេញទៅ។ អាជ្ញាធរនឹងបន្តតាមដាន និងចុះត្រួតពិនិត្យជាប្រចាំ ដើម្បីធានាថាវិធានការនេះមានប្រសិទ្ធភាពយូរអង្វែង។ សកម្មភាពនេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ក្នុងការកែលម្អជីវភាពរស់នៅ និងបរិយាកាសទូទៅនៅក្នុងភូមិសាស្ត្រខេត្តឱ្យកាន់តែប្រសើរឡើង៕ ដោយ៖ អុឹងម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម