ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពត ចុះពិនិត្យណែនាំឱ្យអាជីវករលក់ទុរេនបិទស្លាកតម្លៃឱ្យបានត្រឹមត្រូវ និងប្រភពច្បាស់លាស់
នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ លោក ស្រី កុម្ភៈ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពតបានដឹកនាំមន្ត្រីជំនាញដើម្បីបង្ការទប់ស្កាត់ការក្លែងបន្លំទុរេនកំពត និងការនាំចូលទុរេនពីប្រទេសជិតខាង។ ក្រសួងពាណិជ្ជកម្ម ក៏ដូចជាអាជ្ញាធរខេត្តកំពត បានតម្រូវឱ្យអាជីវករលក់ទុរេនក្នុងក្រុងកំពត ពិសេសផ្សារសាមគ្គីខេត្តកំពត ត្រូវបិទស្លាកតម្លៃ និងបញ្ជាក់ពីប្រភពចម្ការទុរេនឱ្យច្បាស់លាស់ ដើម្បីធានាថា ភ្ញៀវទេសចរ ឬអ្នកទិញទុរេនទទួលបានទុរេនកំពតពិតប្រាកដ។ ខណៈដែលអាជីវករលក់ទុរេនកំពត និងម្ចាស់ចម្ការទុរេនកំពតបានស្នើសុំឱ្យមានការចូលរួមរក្សាកេរ្តិ៍ឈ្មោះ និងកិត្តិយសទុរេនកំពតទាំងអស់គ្នា។

លោក ស្រី កុម្ភៈ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត បានប្រាប់ឲ្យដឹងថា ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីសំណាក់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំឱ្យក្រុមការងារមន្ទីរពាណិជ្ជកម្ម ដោយមានកិច្ចសហការជាមួយលោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត រួមជាមួយមន្ត្រីសាខា ក.ប.ប ខេត្ត រួមនឹងអាជ្ញាធរក្រុងកំពត បានចុះត្រួតពិនិត្យនៅក្នុងមូលដ្ឋានអាជីវកម្មលក់ផ្លែឈើ ជាពិសេសតូបលក់ផ្លែទុរេននៅជុំវិញផ្សារសាមគ្គីទីរួមខេត្តកំពត។

ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពតបានបញ្ជាក់ថា ក្នុងគោលបំណងនៃការចុះត្រួតពិនិត្យ និងធ្វើការណែនាំនេះទី១. ធ្វើយ៉ាងណាឱ្យអាជីវករលក់ទុរេនទាំងអស់ លក់ដោយមានភាពស្មោះត្រង់ ដែលអ្នកលក់ទាំងអស់អាចយកទុរេនពីបណ្តាខេត្តផ្សេងៗក្នុងប្រទេសមកលក់បាន តែចំណុចសំខាន់ត្រូវបញ្ជាក់ពីប្រភពទីកន្លែងឱ្យបានច្បាស់លាស់ រួមនឹងមានការបិទស្លាកតម្លៃផងដែរឱ្យបានត្រឹមត្រូវ។

ទី២. អាជីវករទាំងអស់ត្រូវរួមសហការក្នុងការផ្តល់ព័ត៌មាន និងអនុវត្តនូវការណែនាំរបស់ក្រសួងដើម្បីទប់ស្កាត់ការក្លែងបន្លំទុរេនពីប្រភពផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិស័ព្ទទុរេនកំពត ដែលជាដំណាំដែលមានសក្តានុពល និងល្បីល្បាញរបស់ខេត្តកំពត។ លោកបន្តទៀតថា ចំពោះគោបំណងដែលសំខាន់នោះ គឺចង់ឱ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលមកលេងកម្សាន្តក្នុងខេត្ត អាចទិញបាននូវទុរេនកំពតពិតប្រាកដ ដោយពុំមានការក្លែងបន្លំ។

លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពតបានប្រាប់ឱ្យដឹងថា ជុំវិញបញ្ហាក្លែងបន្លំទុរេនកំពតនេះដែរ ក្រុមអាជីវករម្ចាស់ចម្ការទុរេនទឹកឈូ បានបញ្ជាក់ហើយថា ពួកគាត់លក់តែទុរេនចម្ការខ្លួនឯង និងចម្ការជិតខាងតែប៉ុណ្ណោះ ហើយក៏បានធ្វើការអំពាវនាវដល់អ្នកលក់ដូរទុរេននៅក្នុងខេត្តកំពតទាំងអស់ សូមមេត្តាឱ្យមានភាពស្មោះត្រង់ លក់ដូរទុរេនដោយមានការទទួលខុសត្រូវខ្ពស់ កុំក្លែងបន្លំអតិថិជនរបស់ខ្លួន ដើម្បីលើកកម្ពស់តម្លៃទុរេនកំពត។

ចំណែកឯក្រុមអាជីវករនៅជុំវិញផ្សារសាមគ្គីទីរួមខេត្តកំពតបានឯកភាពយល់ព្រម និងធ្វើតាមការណែនាំផ្សាព្វផ្សាយរបស់មន្ត្រីជំនាញ និងអាជ្ញាធរ ដើម្បីចូលរួមចំណែកលើកកម្ពស់ទុរេនកំពត និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តជាតិផងដែរ។

សូមបញ្ជាក់ផងដែរថា បើតាមមន្ត្រីជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ខេត្តកំពតមានផ្ទៃដីដាំដំណាំទុរេនសរុបប្រមាណជិត ៣ពាន់ហិកតា ដោយក្នុង ១ហិកតា អាចប្រមូលផលបានជាមធ្យម ១៤តោន។ ការប្រមូលផលទុរេនកំពតគិតមកដល់ថ្ងៃនេះ បានប្រមាណជា ៣៥% ហើយបើតាមការប៉ាន់ស្មាន ទិន្នផលទុរេនឆ្នាំនេះអាចបានប្រមូលបានប្រមាណជាង ២ម៉ឺន ៤ពាន់តោន៕
អត្ថបទ៖ សឹង រ៉ាត់


-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


